កីឡាអន្តរជាតិ
អន្តរជាតិ
Valencia ប្រធាន​ក្រុម Man Utd នឹង​ចេញពី Old Trafford រដូវ​កាល​នេះ​
02, Mar 2019 , 3:03 pm        
រូបភាព
​ខ្សែការពារ Antonio Valencia នឹង​ចាកចេញ Manchester United នៅ​រដូវ​កាល​នេះ​តែម្តង បន្ទាប់ពី​រួមរស់​ក្នុង​ទឹកដី Old Trafford រយៈពេល​១០​ឆ្នាំ​។​


​ការប្រកាស​របស់​ប្រធាន​ក្រុម​បិសាច​ក្រហម​បែបនេះ គឺ​ដោយសារ​ក្លិប Man Utd មិនបាន​បន្ត​កិច្ចសន្យា​បន្ថែម ខណៈ​កិច្ចសន្យា​របស់ Valencia ត្រូវផុត​កំណត់​នៅ​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៩​នេះហើយ​។​
 
​បើទោះបី​ខ្សែការពារ​សញ្ជាតិ​អេក្វាទ័រ វ័យ​៣៣​ឆ្នាំ​រូបនេះ​ត្រូវ​ចាក​ចេញពី​ក្រុម​ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​២០​សម័យ​នៅ​រដូវ​កាល​នេះ​ក្តី ប៉ុន្តែ​រូបគេ​នៅតែ​ពង្រឹង​សម្ថ​ភាព​ដើម្បី​បន្ត​អាជីព​របស់ខ្លួន​ដដែល​។ បច្ចុប្បន្ន Valencia កំពុងស្ថិត​នៅផ្ទះ​របស់​គេ​នៅឯ​ស្រុកកំណើត​ដើម្បី​ព្យាបាល​របួស​កំភួនជើង​។​
 
Valencia ដែល Man Utd ទិញ​ពី Wigan ក្នុង​ឆ្នាំ​២០០៩ បង្ហាញខ្លួន​បានតែ​៩​ប្រកួត​នៅ​រដូវ​កាល​នេះ ហើយ​ក្នុងចំណោម​នោះ​រូបគេ​លេង​បាន​តែមួយ​ប្រកួត​ប៉ុណ្ណោះ​ចាប់តាំងពី​លោក Solskjaer ឡើងមក​ជំនួស​តំណែង​លោក Jose Mourinho​។​
 
​សម្រាប់​តំណែង​ខ្សែការពារ​ស្លាប​ស្តាំ​នេះ បិសាច​ក្រហម​មាន​ជម្រើស​ផ្សេងទៀត​ដែល​រួមមាន Ashley Young ក្រោយ​បន្ត​កិច្ចសន្យា​រយៈពេល​មួយឆ្នាំ​ទៀត​កាលពី​ខែកុម្ភៈ និង Diogo Dalot វ័យ ១៩ ឆ្នាំ​ដែល​ផ្លាស់​ពី FC Porto ក្នុងតម្លៃ​២៥​លាន​ដុល្លារ​អាមេរិក កាលពីដើម​រដូវ​កាល​៕

Tag:
 បាល់ទាត់​
  Antonio Valencia
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com