ជាតិ
សង្គមជាតិ
សម្តេច ស ខេង ព្រមានមន្ត្រីមានអំណាច ឲ្យឈប់លូកដៃក្នុងរឿងដីធ្លីនៅខេត្តព្រះសីហនុ
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាប់ឲ្យមន្ត្រីមានអំណាច ដែលលូកដៃចូលក្នុងរឿងដីធ្លី នៅខេត្តព្រះសីហនុ បញ្ឈប់សកម្មភាពជាបន្ទាន់ បើមិនដូច្នេះពួកគេ នឹងប្រឈមមុខផ្លូវច្បាប់។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ លើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១ មីនា សម្តេច ស ខេង បាននិយាយថា ជម្លោះដីធ្លីកើនឡើងនៅខេត្តទេសចរណ៍មួយនេះ គឺបណ្ដាលមកពីដីមានតម្លៃខ្ពស់ ដោយសារអ្នកវិនិយោគសម្រុកទៅរកស៊ីច្រើននៅទីនោះ គួបផ្សំនិងអ្នកមានអំណាចខ្លះអន្តរាគមន៍នៅពីក្រោយខ្នងរឿងដីធ្លី ដើម្បីផលប្រយោជន៍ខ្លួន ដែលធ្វើឲ្យពលរដ្ឋរងគ្រោះ។ ដោយមើលឃើញពីបញ្ហានេះ សម្តេច ស ខេង ព្រមានឲ្យអ្នកមានអំណាចទាំងនោះ បញ្ឈប់សកម្មភាពជាបន្ទាន់ បើសិនមិនចង់ប្រឈមមុខផ្លូវច្បាប់។ បើមិនបញ្ឈប់វប្បធម៌អន្តរាគមន៍ទេ បញ្ហាជម្លោះដីធ្លីរីចកាន់តែធំឡើងថែមទៀត។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានលើកឡើងដូច្នេះថា៖«អ្នកអន្តរាគមន៍មិនមែនអ្នកខ្សត់ខ្សោយ ឬអ្នកអត់មានអំណាចនោះទេ។ សូមកុំឲ្យមានរឿងហ្នឹង មានរឿងហ្នឹងអត់បានទេ ដោះមិនចេញទេ បើដោះចេញជួលកាល ស ទៅជាខ្មៅ វាបាត់ភាពយុត្តិធម៌ បាត់ភាពយុត្តិធម៌ហើយ។សូមកុំភ្លេចថា គេ(ពលរដ្ឋ)ទទួលយកមិនបាន ដូច្នេះការទាមទារការតវ៉ានឹងនៅតែបន្តទៀត»។
រាល់ការអន្តរាគមន៍ពីមន្ត្រីមានអំណាច តែងតែធ្វើឲ្យមន្ត្រីថ្នាក់ក្រោមពិបាកក្នុងការដោះស្រាយបញ្ហាជម្លោះដីធី។ ហើយមន្ត្រីថ្នាក់ក្រោមខ្លះ ក៏បានចូលរួមក្នុងការបង្កឲ្យមានជម្លោះដែរ តាមរយៈការចុះហត្ថលេខា ដោយមិនបានពិនិត្យត្រឹមត្រូវលើដីធ្លីជាក់ស្ដែង។ នេះជាការលើកឡើងរបស់សម្ដេច ស ខេង។
ទាក់ទងនឹងបញ្ហាដីធ្លីនៅខេត្តព្រះសីហនុនេះ រដ្ឋាភិបាល ក៏បានដកអភិបាលរងខេត្តព្រះសីហនុពីររូប គឺលោក ផៃ ប៊ុនវណ្ណៈ និង លោក ស្រ៊ុន ស្រ៊ន់ ចេញពីតំណែងដែ លោក ផៃ ប៊ុនវណ្ណៈ និង លោក ស្រ៊ុន ស្រ៊ន់ ជាអ្នកដែលទទួលបញ្ជាចុះទៅអនវុត្តដីការបស់តុលាការកំពូល ដែលសម្រេចឲ្យឧកញ៉ាម្នាក់ឈ្នះក្តីលើប្រជាពលរដ្ឋ នៅភូមិគគីរ ឃុំបិតត្រាង ស្រុក ព្រៃនប់ខេត្តព្រះសីហនុ។ ការអន្តរាគមន៍នោះ ក៏មានការផ្ទុះអំពើហិង្សារវាងកម្លាំងសមត្ថកិច្ច និង ប្រជាពលរដ្ឋប្រមាណ២០០នាក់ ដែលនាំគ្នាទៅតវ៉ានឹងសេចក្តីសម្រេចរបស់តុលាការកំពូល។
ក្រោយពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បញ្ជាឲ្យដកហូតដីសម្បទានសេដ្ឋកិច្ចពីឧកញានោះ មករៀបចំជាដីសម្បទានសង្គមកិច្ច ចែកដល់ប្រជាពលរដ្ឋ ដែលរស់នៅ និងទទួលផលនៅទីនោះវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com