កីឡាអន្តរជាតិ
អន្តរជាតិ
Lukaku ស៊ុត២គ្រាប់ជួយ Man Utd ដណ្តើមបាន Top 4 ពី Arsenal
× ខ្សែប្រយុទ្ធឆ្នើម Romelu Lukaku អារកបានពីរគ្រាប់ក្នុងការប្រកួតដែល Manchester United យកឈ្នះ Southampton ៣-២ នាជំនួបក្របខណ្ឌ Premier League នៅយប់ថ្ងៃទី២ ខែមីនា។ ជ័យជន្នះនេះបាននាំក្រុមលោក Ole Gunnar Solskjaer ឡើងទៅចំណាត់ថ្នាក់ទី៤ វិញបន្ទាប់ពី Arsenal ប្រកួតស្មើជាមួយ Tottenham Hotspur ១-១។
ខ្សែការពារ Yann Valery បានស៊ុតបាល់ពីចម្ងាយដ៏អស្ចារ្យដើម្បីជួយ Southampton នាំមុខ Man Utd មុននៅនាទី២៦ ដែលលទ្ធផលនេះអាចរក្សាបានរហូតចប់តង់ទី១។
ចូលដល់តង់ទីពីរខណៈការប្រកួតដំណើរការបាន៨នាទីខ្សែបម្រើសញ្ជាតិប្រេស៊ីល Andreas Pereira ដែលទទួលបាល់ពី Diogo Dalot ក៏ស៊ុតមិនចាញ់ Valery ដែរ ដើម្បីបំប៉ោងសំណាញ់ទី Southampton មុនពេល Lukaku រកបានគ្រាប់បាល់នាំមុខសម្រាប់ Man Utd ២-១ វិញនៅ៦នាទីបន្ទាប់។
ការប្រកួតបានបន្តរហូតដល់នាទី៧៥ ខ្សែបម្រើ James Ward Prowse បានទាត់បាល់ពិន័យ (free-kick) យ៉ាងល្អម្តងទៀតសម្រាប់ Southampton តាមស្មើ ២-២ វិញ។ ប៉ុន្តែការវាយសម្រុកយ៉ាងខ្លាំងក្លាពីសំណាក់ម្ចាស់ផ្ទះនៅទឹកដី Old Trafford បានធ្វើឲ្យក្រុមរហស្សនាមបិសាចក្រហមអាចរកគ្រាប់បាល់ទី៣ និងជាគ្រាប់បាល់ជ័យជម្នះបាន បន្ទាប់ខ្សែប្រយុទ្ធតម្លៃខ្លួនថ្លៃ Lukaku ដដែលសម្រេចគ្រាប់បាល់ទី២របស់គេនៅនាទី៨៨។
លទ្ធផល ៣-២ បាននាំក្រុមម្ចាស់ជើងលីគកំពូលអង់គ្លេស២០សម័យរំកិលខ្លួនទៅឈនៅចំណាត់ថ្នាក់ទី៤ជំនួស Arsenal វិញ ក្រោយពីក្រុមរហស្សនាមកាំភ្លើងធំប្រកួតស្មើគ្នាជាមួយ Spurs ក្នុងលទ្ធផល ១-១។
ឆ្លងកាត់ការប្រកួត២៩លើក Man Utd មាន៥៨ពិន្ទុ តាមពីក្រោយក្រុមលេខ៣ Spurs ចំនួន៣ពិន្ទុ ខណៈ Arenal ឈលេខ៥ មាន៥៧ពិន្ទុ។ Chelsea ដែលជាក្រុមត្រូវប្រជែង Top 4 ដែរនោះ ឈនៅលេខរៀងទី៦ ក្នុងតារាង Premier League មាន៥៣ពិន្ទុប៉ុន្តែទើបប្រកួតបាន២៧លើកប៉ុណ្ណោះ។
ដោយឡែក ម្ចាស់ការពារតំណែងជើងឯក Manchester City បានឡើងទៅឈកំពូលតារាងបណ្តោះអាសន្នក្រោយយកឈ្នះ AFC Bournemouth ១-០។ ក្រុមរបស់លោក Pep Guardiola ទទួលបាន៧១ពិន្ទុ នាំមុខ Liverpool ដែលនៅសល់មួយប្រកួតក្នុងដៃចំនួន ២ពិន្ទុ៕
លទ្ធផលគូដទៃមានដូចជា៖
- Brighton & Hove Albion ១ - ០ Huddersfield Town
- Burnley ១ - ៣ Crystal Palace
- Wolverhampton Wanderers ២ - ០ Cardiff City
- West Ham United ២ - ០ Newcastle United
Tag:
បាល់ទាត់
Manchester United
Romelu Lukaku
© រក្សាសិទ្ធិដោយ thmeythmey.com