Liverpool ទទួលបានលទ្ធផលខកចិត្ត ក្រោយស្មើ ០-០ ជាមួយ Everton នាជំនួបក្របខណ្ឌ Premier League សប្តាហ៍ទី២៩ នៅយប់ថ្ងៃទី៣ ខែមីនា។ លទ្ធផលនេះបាននាំក្រុមហង្សក្រហមធ្លាក់ទៅចំណាត់ថ្នាក់ទី២វិញ ខណៈ Manchester City ឡើងទៅឈកំពូលតារាងបន្ទាប់ពីពួកគេឈ្នះ AFC Bournemouth ១-០។
ការប្រកួតដែលបញ្ចប់ទៅដោយគ្មានគ្រាប់បាល់បញ្ចូលទី ជាលទ្ធផលសោកស្តាយមួយសម្រាប់លោក Jurgen Klopp ដែលមិនអាចរក៣ពិន្ទុបាន ដើម្បីនាំ Liverpool រក្សាចំណាត់ថ្នាក់កំពូលតារាងបណ្តោះអាសន្ននៃលីគកំពូលអង់គ្លេស។
ឱកាសមានច្រើនលើកសម្រាប់កូនក្រុមលោក Klopp ដូចជា Mohamed Salah និង Fabinho ប៉ុន្តែពួកគេមិនអាចសម្រេចទីបាន ដោយសារមានការរំខានពីសំណាក់ខ្សែការពារ និងអ្នកចាំទីរបស់ Everton។ សម្រាប់លទ្ធផលនេះ បានធ្វើឲ្យក្រុមរបស់លោក Pep Guardiola នាំមុខ Liverool ១ពិន្ទុវិញ ក្រោយរកបាន៧១ពិន្ទុពីការប្រកួត២៩លើក ហើយឡើងឈចំណាត់ថ្នាក់ទីមួយតាំងពីពួកគេឈ្នះ AFC Bournemouth ១-០ ម្ល៉េះ ដោយការស៊ុតបញ្ចូលទីរបស់ Riyad Mahrez។
ក្រោយចប់ការប្រកួតអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ បានប្រាប់អ្នកសារព័ត៌មានថា លោកនៅតែរីករាយក្នុងការដេញតាមក្រុមការពារតំណែងជើងឯកចាស់ Man City។ «ខ្ញុំបានមើលការប្រកួតរបស់ Man City រួចហើយ ពួកគេមានឱកាស ៩០០ដង និងសម្រេចទី១ គ្រាប់ ហើយស៊ុតខុសជើងជំនាញទៀត។ Liverpool ក៏មានឱកាសច្រើនដែរ គ្រាន់តែធ្វើមិនបានសម្រេចប៉ុណ្ណោះ»។
ដោយឡែកតំណែង Top 4 នៅតែប្រទាញប្រទង់គ្នា ដោយក្នុងនោះ Manchester United, Arsenal និង Chelsea កំពុងប្រជែងគ្នាខ្លាំង។ Man Utd ឈលេខ៤បណ្តោះអាសន្នមាន ៥៨ពិន្ទុ តាមពីក្រោយដោយ Arsenal ដែលមាន៥៧ពិន្ទុ ក្នុងចំណោម២៩ប្រកួត។ Chelsea ដែលស្ថិតនៅលេខ៦ មាន៥៦ពិន្ទុ ក្រោយឈ្នះ Fulham ២-១ សម្រាប់ប្រកួតលើកទី២៨ ជាក្រុមមានឱកាសច្រើនដើម្បីដណ្តើមយកលេខ៤ ដ្បិតសល់ប្រកួតក្នុងដៃមួយលើកទៀត។
Tottenham Hotspur ដែលស្ថិតនៅចំណាត់ថ្នាក់ទី៣ ក៏មិនទាន់ប្រាកដថាអាចរក្សាតំណែង Top 4 បាននៅឡើយដែរ បន្ទាប់ពីបង្ហាញខ្លួនមិនល្អសោះក្នុងប៉ុន្មានប្រកួតចុងក្រោយ។ Spurs មាន៦១ពិន្ទុ នាំមុខក្រុមលេខ Man Utd ៣ពិន្ទុ៕