ជាតិ
នយោបាយជាតិ
នាយករដ្ឋមន្ត្រី ព្រមានវាយខ្នោះអ្នកប្រមូលមនុស្សចាំទទួលលោក សម រង្ស៊ី រូបី AFP៖ អ្នកគាំទ្រ ទៅទទួលលោក សម រង្ស៊ី កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៤ ពេលលោក វិលមកពីប្រទេសបារាំង
× សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រាប់ទៅអ្នកប្រឆាំងថា គ្រប់សកម្មភាពរបស់ពួកគេ ដែលកំពុងធ្វើក្នុងប្រទេស មិនអាចបិទបាំងបានទេ។ ហើយសម្តេច ហ៊ុន សែន ក៏បានដឹងដែរថា ពួកអ្នកប្រឆាំង កំពុងដើរប្រមូលគ្នីគ្នា ដើម្បីចាប់ខ្លួនជានាយករដ្ឋមន្រ្តី ពេលលោក សម រង្ស៊ី មកកម្ពុជាវិញ។
ប្រធានគណបក្សកាន់អំណាច បានហៅការចាត់តាំងបណ្តាញលួចលាក់ ដើម្បីចាប់ខ្លួនបែបនេះ ថាជាការរៀបចំធ្វើកុបកម្ម ដែលមិនអាចលើកលែងឲ្យជាដាច់ខាត។ ប្រមុខរដ្ឋាភិបាល ព្រមានពួកគេយ៉ាងដូច្នេះថា៖«ឥឡូវ គេ កំពុងរើសមនុស្ស៥នាក់ ក្នុង១សង្កាត់ ដើម្បីត្រៀមទទួល អីណាចូលចាប់ ហ៊ុន សែន។ អស់លោកធ្វើថែមតិចទៀតទៅ តិចទៀតបានជាប់ខ្នោះហើយ។ ផ្តាំឲ្យហើយ ហើយមើលមុខហ៊ុន សែន ឲ្យច្បាស់ និយាយអី ធ្វើហ្នឹង»។
សម្តេច ហ៊ុន សែន ផ្ញើសារទៅពួកអ្នកប្រឆាំងថា គម្រោងចាប់សម្តេច ដែលលោក សម រង្ស៊ី ប្រកាសនោះ គឺមិនអាចទៅរួចទេ។ មេដឹកនាំរូបនេះ សង្កត់ថា៖«ចាប់ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រី ដែលបញ្ជាកងទ័ពនិងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស ដូចជាងាយពេកទេដឹង»។
ស្តាប់សំឡេងនាយករដ្ឋមន្ត្រី ដែលថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់សំណង់ ក្នុងគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩៕
Tag:
ហ៊ុន សែន
សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com