ជាតិ
សង្គមជាតិ
Konrad បន្ត​ជួយ​អភិវឌ្ឍន៍​កម្ពុជា ខណៈ​ថវិកា​ជាង​៣០០​លាន​ដុល្លារ​ផ្ដល់​ឲ្យ​រដ្ឋាភិបាល រយៈពេល​២៥​ឆ្នាំនេះ​
04, Mar 2019 , 3:04 pm        
រូបភាព
នាយកប្រតិបត្តិនៃអង្គការខុនរ៉ាតប្រចាំនៅកម្ពុជាលោក Daniel SChmucking
នាយកប្រតិបត្តិនៃអង្គការខុនរ៉ាតប្រចាំនៅកម្ពុជាលោក Daniel SChmucking
​ភ្នំពេញ​៖ អង្គការ​ខុនរ៉ាត (Konrad) សន្យា​បន្ត​ជួយ​លើ​ផ្នែក​អភិវឌ្ឍន៍​ធនធានមនុស្ស និង​បច្ចេកទេស​ផ្សេងៗ​ដល់​រាជរដ្ឋាភិបាល ក្នុងការ​ជំរុញ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។ រយៈពេល​២៥​ឆ្នាំ​មកនេះ អង្គការ​ខុនរ៉ាត បាន​ចំណាយ​ថវិកា​ជាង​៣០០​លាន​ដុល្លារ​ហើយ សម្រាប់​ជួយ​ទ្រទ្រង់​ដល់​ការអភិវឌ្ឍ​កម្ពុជា​។​



​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ខុនរ៉ាត​ប្រចាំ​នៅ​កម្ពុជា​លោក Daniel SChmucking បាន​និយាយថា កិច្ចការងារ​អភិវឌ្ឍន៍​ជាច្រើន ដែល​ខាង​Konrad និង​រដ្ឋាភិបាល បានរួម​គ្នា​សម្រេច​ជោគជ័យ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ហើយ​វា​ក៏​ជា​នាវា​សម្រាប់​ជំរុញ​ដំណើរការ​អភិវឌ្ឍ​ប្រទេសមួយ​នេះ​បន្តទៀត​។​

​ថ្លែង​ក្នុង​ពិធី​គម្រប់​ខួប​២៥​ឆ្នាំ​របស់​អង្គការ​ខុនរ៉ាត នាយក​ប្រតិបត្តិ​អង្គការ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖ «​យើង​បានធ្វើ​ការងារ​ជាច្រើន​ក្នុង​រយៈពេល ២៥​ឆ្នាំនេះ​។ ខ្ញុំ​មិន​ចង់​លើកឡើង​ទាំងអស់​ទេ ប៉ុន្តែ​ខ្ញុំ​ចង់​លើកឡើង​កម្មវិធី​របស់​យើង​ចំនួន​ពីរ ទី​១ គឺ​ព្រះពុទ្ធសាសនា​ដើម្បី​ការអភិវឌ្ឍន៍ គឺជា​អង្គ​ការដែល​ធ្វើការ​តាំងពី​យើង​មកដល់​កម្ពុ​ជាដំបូង​ម្ល៉េះ ដែល​ធ្វើការ​លើ​ផ្នែក​អប់រំ​ដល់​ប្រជាពលរដ្ឋ​នៅតាម​ជនបទ​។ ទី​២ គឺ​កម្មវិធី​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទំនាក់ទំនង ដែល​ធ្វើការ​គាំទ្រ​ដល់​ការបណ្ដុះបណ្ដាល​ផ្នែក​ផ្សព្វផ្សាយ​ដល់​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (DMC) អស់​រយៈពេល​៨​ឆ្នាំ​មកហើយ​»​។​

​កន្លងមក Konrad បាន​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​លើ​ការប្រឹក្សា​យោបល់​លើ​ផ្នែក​ជាច្រើន​ទៀត ដូចជា​ផ្នែក​ច្បាប់ ,​អភិបាលកិច្ច​ល្អ ,​ច្រកចេញចូល​តែមួយ​, លើកកម្ពស់​ប្រជាធិបតេយ្យ​, លើ​កម្ពស់​សិទ្ធិមនុស្ស​, គាំទ្រ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ដំណើរ​វិមជ្ឈការ​។​

​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​នៃ​ក្រសួងមហាផ្ទៃ បានលើកឡើង​ក្នុង​ខួប​លើក​ទី​២៥ ឆ្នាំ​នៃ​អង្គការ​ខុនរ៉ាត​ថា អង្គការ​ខុនរ៉ាត​បាន​ជួយ​កសាង និង​អភិវឌ្ឍន៍​ដល់​ប្រទេស​កម្ពុជា​យ៉ាងច្រើន ក្នុង​ភាពជា​ដៃគូរ​សហការ​យ៉ាង​ជិតស្និទ្ធ ទាំង​ផ្នែក​ច្បាប់ សុខភាព គាំពារ​សង្គម ការដោះមីន អភិវឌ្ឍន៍ជនបទ ការគ្រប់គ្រង​ដីធ្លី អភិបាលកិច្ច​ល្អ និង​ផ្នែក​ជាច្រើន​ទៀត​។

«​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច សង្គម និង​នយោបាយ​នៃ​ប្រទេស​កម្ពុជា គឺ​ពិតជា​មានការ​ចូលរួម​មិនអាច​ប្រកែក​បាន​ពី​អង្គការ​ខុនរ៉ាត ក្នុងនាម​ជា​ដៃគូរ​សហការ​យ៉ាង​ជិតស្និត​ជាមួយ​កម្ពុជា​»​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​លេខាធិការ​ក្រសួងមហាផ្ទៃ​។​

​គិត​ចាប់ពី​ឆ្នាំ​១៩៩៤ មកទល់​បច្ចុប្បន្ន អង្គការ​ខុនរ៉ាត​បាន​ជួយ​គាំទ្រ​ថវិការ​ដល់​កម្ពុជា​ប្រមាណ ៣០០​លាន​ដុល្លារ​អាមេរិក​។ ក្នុង​ឆ្នាំ​២០១៨ កន្លងទៅនេះ អង្គការ​ខុនរ៉ាត​បានផ្ដល់​ជា​ជំនួយ​ដល់​កម្ពុជា​ក្នុង​ទំហំ​ទឹកប្រាក ៣៩​លាន​ដុល្លារ​។ នេះ​បើតាម​លោក សក់ សេដ្ឋា​។​

​គួររម្លឹកថា ក្នុង​ចន្លោះ​ឆ្នាំ​១៩៩៤ ដល់ ២០១៨ រាជរដ្ឋាភិបាល​អាល្លឺម៉ង់ និង​កម្ពុជា បាន​ចុះហត្ថលេខា​យោគយល់​គ្នា​លើ​ផ្នែក​បច្ចេកទេស និង​ថវិកា​ចំនួន ៤០ គម្រោង និង​ផ្នែក​អភិវឌ្ឍន៍​ចំនួន ៣ គម្រោង​៕

© រក្សាសិទ្ធិដោយ thmeythmey.com