ជាតិ
សង្គមជាតិ
UNDP ជំរុញ​ឲ្យ​ស្ថាប័នរដ្ឋ​ពង្រឹង​ការ​ប្រើបាស់​បច្ចេកវិទ្យា​ឌីជីថល ក្នុងការ​លើកកម្ពស់​អភិបាលកិច្ច​ល្អ​
04, Mar 2019 , 5:23 pm        
រូបភាព
​កំណែ​ទម្រ​ង​ប្រព័ន្ធគ្រប់គ្រង​រដ្ឋា​ល​សាធារណៈ​តាមបែប​បច្ចេកវិទ្យា​ឌីជីថល ពិតជា​ចាំបាច់​ណាស់​សម្រាប់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដើម្បី​ចូលរួម​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក ក្នុង​សតវត្សរ៍​ទី​២១​នេះ​។ ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌី​ជី​ផល​ក្នុង​ផ្នែក​រដ្ឋបាល​សាធារណៈ ក៏​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត​លើ​ប្រព័ន្ធ​អភិបាលកិច្ច និង​ផ្ដល់​សេវាសាធារណៈ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ផងដែរ​។ នេះ​ជាការ​លើកឡើង​របស់​អ្នកជំនាញ​ផ្នែក​ឌីជីថល​។

 
​លោក Nick Beresford អ្នកតំណាង UNDP ប្រចាំ​ប្រទេស​កម្ពុជា បាន​មើលឃើញថា កម្ពុជា​កំពុងមាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេស​ផ្នែក​បច្ចេកវិទ្យា ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល ត្រូវតែ​ត្រៀមខ្លួន​ជាមួយនឹង​ការផ្លាស់ប្តូរ​នេះ ដើម្បី​ធានា​នូវ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ភាព​ប្រកួតប្រជែង​ថា្នក់​តំបន់ និង​ពិភពលោក​នា​យុគសម័យ​ឌីជីថល​។ លោក Nick Beresford បន្តថា UNDP បន្ត​ជួយ​គាំទ្រ​ផ្នែក​ជំនាញ​បច្ចេកទេស និង​ថវិការ​ដល់​ក្រសួង​នានា និង​មន្ត្រីរាជការ លើ​ការពង្រឹង​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​នេះ​។ 
 
​អ្នកតំណាង UNDP បាន​និយាយថា​៖«​នៅពេលដែល​គំនិត​ថ្មីៗ​មាន​ប្រភព​ចេញពី​មន្ត្រីរាជការ​ខ្លួនឯង ភាគច្រើន គំនិត​ទាំងនេះ​នឹង​នាំមក​នូវ​ការផ្លាស់ប្តូរ​ពិតប្រាកដ​។ ការងារ​របស់​យើង មិនមែន​និយាយ​អំពី​ការអនុវត្ត​ដែល​ល្អ​បំផុត​នោះឡើយ ប៉ុន្តែ​គឺ​ត្រូវ​ជួយ​ឱ្យ​ក្រសួង​នានា​បើកចំហ​ឱ្យមាន​ឱកាស​បញ្ចេញ​គំនិត​ច្នៃប្រឌិត ដើម្បីឱ្យ​មន្ត្រីរាជការ​អាច​ទៅកាន់​តែ​កៀក​នឹង​ប្រជាពលរដ្ឋ ដែល​ពួកគេ​ផ្តល់​សេវា​ឱ្យ និង​យក​ដំណោះស្រាយ​ដែល​ពួកគេ​គិត​ឃើញ​ដោយ​ខ្លួនឯង​ទៅធ្វើ​ការពិសោធន៍​សាកល្បង​»​។ 
 
​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​បួន (២០១៩-២០២៣) ទាក់ទង​សារៈសំខាន់​នៃ​គុណភាព​ធនធានមនុស្ស និង​នវានុវត្តន៍​បច្ចេកវិទ្យា ដោយបាន​ចាត់ទុកជា​ចំណុច​គន្លឹះ ដើម្បី​ជួយ​ឱ្យ​កម្ពុជា អាច​ច្បាម​យក​ឱកាស​ប្រើប្រាស់​ប្រព័ន្ធ​អេ​ឡេ​ត្រូ​និ​ច ក្នុង​វិស័យ​អភិបាលកិច្ច​របស់ខ្លួន​ឱ្យបាន​កាន់តែច្រើន​។ លើសពីនេះ​កម្មវិធី​ជាតិ​សម្រាប់​កំណែទម្រង់រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​ចក្ខុវិស័យ​ច្បាស់លាស់ សម្រាប់ធ្វើ​កំណែទម្រង់រ​ដ្ឋ​បាល ពោលគឺ  «​ធ្វើការ​ផ្លាស់ប្តូរ​រដ្ឋបាល​សាធារណៈ​ឲ្យ​ក្លាយទៅជា​អ្នកផ្តល់​សេវា​ប្រកបដោយ​ប្រសិទ្ធភាព និង​ជា​ដៃគូ​ដែល​អាច​ជឿទុកចិត្ត​បាន ដើម្បី​ឈានទៅ​ផ្តល់​សេវា​ដល់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ជាង​មុន​» ។ ជាពិសេស​ជួយ​ឲ្យ​កម្ពុជា​អាច​បន្ត​ចូលរួម​ប្រកួតប្រជែង​ក្នុង​ថ្នាក់​តំបន់ និង​ក្នុង​សកលលោក ក៏ដូចជា​សម្រេច​គោលដៅ ដើម្បី​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​អភិវឌ្ឍន៍​ក្នុង​ឆ្នាំ​២០៥០​។ នេះ​ជាការ​លើកឡើង​របស់លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ ។​
 
​រដ្ឋមន្ត្រីក្រសួង​មុខងារ​សារ​ធារ​ណៈ​រូបនេះ​បាន​មានប្រសាសន៍ថា «​សិក្ខា​សិលា​ក្នុងថ្ងៃនេះ គឺជា​មូលដ្ឋាន​ដល់​មន្ត្រីរាជការ ក្នុងការ​ស្វែងរក​លទ្ធ​ភាព​ក្នុងការ​ទទួលយក​នូវ​បច្ចេកវិទ្យា​ឌីជីថល​មក​ប្រើ​ប្រា​សើ​ក្នុង​វិស័យ​សេវាសាធារណៈ ដើម្បី​ជួយ​ឱ្យ​រាជរដ្ឋាភិបាល​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា និង​ពង្រឹង​ការជឿទុកចិត្ត​របស់​ប្រជាពលរដ្ឋ​លើ​ប្រព័ន្ធ​អភិបាលកិច្ច និង​ផ្តល់​សេវាសាធារណៈ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​»​។​
 
​ក្រសួង​មុខងារ​សា​ធា​រៈ និង UNDP ប្រចាំ​ប្រទេស​កម្ពុជា បានរៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី​វិស័យ​សាធារណៈ​នៅក្នុង​យុគសម័យ​ឌីជីថល នា​ព្រឹក​ថ្ងៃ​តី​៤ ខែមីនា ឆ្នាំ​២០១៩​នេះ នៅ​សាលា​ភូមិន្ទ​រដ្ឋបាល ដើម្បី​ពិភាក្សា​អំពី​លទ្ធភាព​ក្នុងការ​ជំរុញ​ឲ្យ​មាន​នវានុវត្តន៍​ក្នុង​វិស័យ​អភិបាលកិច្ច និង​ការផ្ដល់សេវា​ដល់​ប្រជាពលរដ្ឋ​កាន់តែ​ល្អប្រសើរ​ជាង​មុន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com