ជាតិ
ស្ថានទូត​អាមេរិក ជំរុញ​ឲ្យ​និស្សិត​ខ្មែរ យល់​កាន់តែច្បាស់​ពី​ការសិក្សា​នៅ​បរទេស​
06, Mar 2019 , 11:28 am        
រូបភាព
​តំណាង​សាលា​បរទេស​ជិត​៣០ បាន​ចូលរួម​បង្ហាញ​ពី​ឱកាស​ដែល​ទទួលបាន​ការសិក្សា​បន្ត​នៅ​អាមេរិក ដែល​ប្រារព្ធ​ឡើង​នៅក្នុង​ពិព័រណ៍​ស្ដីអំពី​ការអប់រំ​នៅក្នុង​សហរដ្ឋអាមេរិក​ឆ្នាំ​២០១៩ ក្រោម​ការរៀបចំ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា និង​មជ្ឈមណ្ឌល Education USA កាលពី​ថ្ងៃទី​៤ ខែមីនា​។ លោក Michael Newbill អនុប្រធាន​ទូត​អាមេរិក អះអាងថា មជ្ឈមណ្ឌល​ប្រឹក្សា​យោបល់​នេះ គឺមាន​តួនាទី​ផ្ដល់​ការប្រឹក្សា​ដល់​សិស្ស​-​និស្សិត​កម្ពុជា ដែល​ចង់​បន្ត​ការសិក្សា ការជ្រើសរើស​សាលា ការស្វែងរក​អាហារូបករណ៍ និង​ការស្វែងរក​ហិរញ្ញវត្ថុ​ជំនួយ​ដល់​ការសិក្សា​។



​សិស្ស​និង​អាណាព្យាបាល​ជាច្រើន​ពាន់​នាក់ បាន​ចូលរួម​ពិព័រណ៍​ស្ដីអំពី​ការអប់រំ​នៅក្នុង​សហរដ្ឋអាមេរិក ដើម្បី​ឈ្វេងយល់​អំពី​ការទទួលបាន​ឱកាស​បន្ត​ការសិក្សា​នៅក្រៅ​ប្រទេស​។ រាល់​ចម្ងល់​និង​បញ្ហា​នៃ​ការដាក់​ពាក់​សំណើសុំ​ទិដ្ឋាការ​បន្ត​ការសិក្សា​នៅ​សហរដ្ឋអាមេរិក ខាង​ស្ថានទូត​អាមេរិក និង​មជ្ឈមណ្ឌល Education USA នឹង​បង្ហាញ​តាំងពី​ការជ្រើសរើស​សាលា ដល់​ទទួលបាន​ការបន្ត​ការសិក្សា​។

​យុវនារី ចាន់ សុ​លីដា ជា​សិស្ស មកពី​សាលា ICS បាន​ទៅ​ចូលរួម​កម្មវិធី​នេះ ក្នុង​គោលបំណង​ចង់ដឹង​អំពី​របៀប​រៀន​នៅក្រៅ​ប្រទេស និង​អាហារូបករណ៍​ទៅ​ក្រៅប្រទេស​។ សុ​លីដា ដែល​ទើប​តែមាន​វ័យ​១៧ និង​រៀន​ថ្នាក់​ទី​១១ និង​មានចិត្ត​ចង់​បន្ត​ការសិក្សា​ថ្នាក់​បរិញាបត្រ​នៅឯ​ក្រៅប្រទេស បាន​លើកឡើងថា កម្មវិធី​នេះ​ពិតជា​ល្អ បានផ្ដល់​ឱកាស​ដល់​កូន​ខ្មែរ​បាន​យល់ដឹង​ពី ការដក់​ពាក្យ​ស្វែងរក​អាហារ​រូបករណ៍​ពីសា​លា​ជាច្រើន និង​បាន​រៀបចំខ្លួន​ក្នុង​ការបន្ត​ការសិក្សា​នៅក្រៅ​ប្រទេស​ផងដែរ​។ នាង បញ្ជាក់ថា​៖«​ជាក់ស្ដែង​ក្នុង​ពេលនេះ គឺ​យើង​អាច​សួរ​និង​ទទួលបាន​ព័ត៌មាន​ពីសា​លា ដែល​មកពី​ក្រៅប្រទេស​ដោយផ្ទាល់​»​។



​ដោយឡែក អ្នកស្រី លី ដា ជា​ម្តាយ​របស់​សិស្ស​ថ្នាក់​ទី​១០​ម្នាក់ ក៏បាន​ចូលរួម​កម្មវិធី​នេះដែរ​។ អ្នកស្រី បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ចូល​រូ​ម​កម្មវិធី​នេះ អ្នកស្រី​មានការ​យល់ដឹង​ជាច្រើន​ដែល​អាច​ឲ្យ​កូន​មានការ​ប្រុងប្រៀប​ខ្លួន​ក្នុងការ​ទទួលបាន​អាហារ​រូបករណ៍​។ អ្នកស្រី បន្តថា អ្នកស្រី ចង់​ឲ្យ​កូន បាន​អាហារ​រូបករណ៍​ខ្លះ ដើម្បី​បន្ធូរ​ការចំណាយ ពេល​ទៅ​រៀន​នៅក្រៅ​ប្រទេស​។

​រីឯ យុវជន ជឿន កុម្ភៈ ជា​និស្សិត​ឆ្នាំ​ទី​២ បាន​បញ្ជាក់ថា កម្ម​វី​ធី​នេះ​គួរតែមាន​២​ដង​ក្នុង​១​ឆ្នាំ ព្រោះថា កម្ម​វី​ធី​នេះ ពិតជា​ល្អ​ដែល​បង្ហាញ​ពី​ឱកាស​ក្នុង​ការបន្ត​ការសិក្សា​នៅ​បរទេស ដូច្នេះ​សិស្ស​-​និ​ស្សត​កម្ពុជា អាច​ឈ្វេងយល់​ទទួលបាន​ព័ត៌មាន​បាន​ច្រើន ហើយ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ទៀត​។ យុវជន​រូបនេះ ប្រាប់ថា ខ្លួន ពិតជា​ចង់បាន​អាហា​រូប​ណ៍ តែ​មិនដឹងថា​ត្រូវធ្វើ​យ៉ាងណា ទើប​ចូលរួម​កម្មវិធី​នេះ​។

​លោក Michael Newbill បាន​ថ្លែងថា ដោយសារ​ក្រសួង​អប់រំ​យុវជន​កម្ពុជា បាន​កែទម្រង់​ជាច្រើន ធ្វើ​ឲ្យ​សិស្ស​-​និស្សិត​នៅ​សាលា​មួយចំនួន ទទួលបាន​ការបណ្ដុះបណ្ដាល និង​ធ្វើ​ឲ្យ​ពួកគេ មាន​លក្ខណៈ​សមស្រប​នឹង​ការសិក្សា​ជា​លក្ខណៈ​អន្តរជាតិ​។ លោក បញ្ជាក់​បែបនេះ​ថា​៖«​យើង ស​ង្ឈឹ​ម​ថា គ្រឹះស្ថាន​ឧ​ត្ថ​មសិ​ក្សា នឹង​កែសម្រួល​ដើម្បី​ធ្វើយ៉ាងណា ឲ្យ​សិស្ស​អាច​សម្រប​ខ្លួន ក្នុងការ​ទទួលបាន​នូវ​ការបណ្ដុះបណ្ដាល​បន្ត​នៅក្រៅ​ប្រទេស​កាន់តែច្រើន​។ យើង ស​ង្ឈឹ​ម​ថា សិស្ស​រាប់ពាន់ ដែល​មក​ចូលរួម​ក្នុង​កម្មវិធី​នេះ នឹងមាន​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​សាលា​ជិត​៣០​នេះ​»។

បើតាម​របាយការណ៍រ​បស់​ស្ថានទូត​អា​មេ​រិច ជា​រៀងរាល់ឆ្នាំ ចំនួន​សិស្ស​កម្ពុជា​ដែល​បន្ត​ការសិក្សា​នៅ​សហរដ្ឋ​អា​មេ​រិច​មាន​កើន​ឡើងជា​បន្តបន្ទាប់ ក្នុង​ឆ្នាំ​២០១២​មាន​ត្រឹមតែ​ជាង​៣៣០​នាក់​ប៉ុណ្ណោះ​។ សព្វថ្ងៃនេះ​មាន​និស្សិត​ជាង​៦៥០​នាក់ កំពុង​សិក្សា​នៅ​សហរដ្ឋអាមេរិក នៅ​ថ្នាក់​ឧ​ត្ត​ម​សិក្សា​នានា​ចំនួន ២៣៩​កន្លែង​។ វា​មាន​ចំនួន ៥៣% កើនឡើង​បើ​ប្រៀបធៀប​តាំងពី​ឆ្នាំ ២០១៤ បន្ថែម​ពីលើ​កម្មវិធីសិក្សា​ដែលមាន​សញ្ញាប័ត្រ​ពេញលេញ ស្ថានទូត​អាមេរិក​នៅ​កម្ពុជា ក៏មាន​ការផ្តល់ជូន​នូវ​កម្មវិធី​ផ្លាស់ប្តូរ​ការសិក្សា​ចំនួន​ជាង ២០​កម្មវិធី សម្រាប់​សិស្ស ឲ្យ​សិក្សា​រយៈពេល​ខ្លី​នៅ​សហរដ្ឋអាមេរិក​។ ជា​រៀងរាល់ឆ្នាំ ស្ថានទូត​អា​មេ​រិច​បាន​បញ្ជូន​ពលរដ្ឋ​កម្ពុ​ជាជាង ៧០​នាក់ ទៅកាន់​សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ទាំងនេះ​តាមរយៈ​ស្ថានទូត​អាមេរិក​៕​

Tag:
 ពិ​ព័រ​ណ៌​
 ​អាហារូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com