ជាតិ
សេដ្ឋកិច្ច
ផលិតផល​ឧស្សាហកម្ម​កម្ពុ​ជាមាន​ទំហំ​ទឹកប្រាក់​ជាង​១៣​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៨
06, Mar 2019 , 9:39 pm        
រូបភាព
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម
​ភ្នំពេញ​៖ តម្លៃ​ផលិតផល​ឧស្សាហកម្ម​នៃ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៨ មាន​ទំហំ​ប្រមាណ ១៣,១៧៤ លាន​ដុល្លារ ដែល​កើនឡើង​ចំនួន ២៣​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៧ ដែលមាន​ទំហំ​ត្រឹមតែ ១០,៧០៧​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ប្រចាំឆ្នាំ​២០១៨​។​



​ក្រសួង​ឧស្សាហកម្ម បាន​បញ្ជាក់ថា ទំហំ​ផលិតផល​ឧស្សាហ​កម្មនេះ ក៏​ជា​កត្តា​ជំរុញ​ឲ្យ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា មាន​ប្រមាណ ៧,៣​ភាគរយ ដែល​បាន​កាត់បន្ថយ​អត្រា​នៃ​ភាពក្រីក្រ​មក​នៅត្រឹម​រង្វង់​៩​ភាគរយ ។ ជាពិសេស​ធ្វើ​ឲ្យ​ចំណូល​មធ្យម​របស់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ម្នាក់​កើន​ដល់ ១,៥៦៣ ដុល្លារ​អាមេរិក​ទៀតផង​។​

​របាយការណ៍​ក្រសួង​ឧស្សាហកម្ម បាន​បង្ហាញថា ផ្នែក​សំខាន់ៗ​ដែល​ជំរុញ​ឲ្យ​មាន​កំណើន​ខ្ពស់​ក្នុង​ផលិតផល​ឧស្សាហកម្ម​មានដូចជា ផ្នែក​អាហារ ភេសជ្ជៈ បារី មាន ១៤០ រោងចក្រ ស្មើនឹង ១១៩. ៦៦ ភាគរយ​, ផ្នែក​ឧស្សាហកម្ម​តម្បាញ កាត់ដេរ ចាក់​សម្លៀកបំពាក់ ការ​បូ​ប និង​ស្បែក​ជើងមាន​ចំនួន ៩៩២ រោងចក្រ ស្មើនឹង ៩៦.២២ ភាគរយ​, ផ្នែក​ផលិត​កម្មបិត​ក្រដាស និង​បោះពុម្ព​ផ្សេងៗ​មាន​ចំនួន ៤៤ រោងចក្រ ស្មើនឹង ១០០​ភារ​យ​, ផ្នែក​ឧស្សាហ​ម្ម​គីមី កៅស៊ូ និង​ប្លា​ស្ទិ​ក មាន​ចំនួន ១១៦ រោងចក្រ ស្មើនឹង ១១១. ៥៤ ភាគរយ​, ផ្នែក​រ៉ែ​មិនមែន​លោហៈ​មាន​ចំនួន ៣៨ រោងចក្រ ស្មើនឹង ១០៥.៥៦ ភាគរយ​, ផ្នែក​កែឆ្នៃ​លោហៈ មាន​ចំនួន ១១៥​រោងចក្រ ស្មើរ​នឹង ១០៦. ៧៨ ភាគរយ​, ផ្នែក​គ្រឿង​សង្ហា​រឹម និង​ផលិតផល​ពី​ឈើ​មាន​ចំនួន ៣៧ រោងចក្រ ស្មើនឹង ១០២. ៧៨ ភាគរយ​, និង​ផ្នែក​ឧស្សាហកម្ម​ផ្សេងទៀត​មាន ៤៦ រោងចក្រ ស្មើនឹង ១០០ ភាគរយ​។

​ក្នុង​ឆ្នាំ​២០១៨ មាន​រោងចក្រ​កើនឡើង​ចំនួន ១,៥២៨ រោងចក្រ ស្មើនឹង ១០០.៤ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៧ មាន​ត្រឹម ១,៥២២ រោងចក្រ​។ ក្នុងនោះ​ឧស្សាហកម្ម​បម្រើ​ទីផ្សារ​ក្នុងស្រុក​មាន​ចំនួន ៣,៣៣៣ លាន​ដុល្លារ កើនឡើង​ចំនួន ២៧ ភាគរយ និង​ឧស្សាហកម្ម​នាំចេញ​( ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង​) មាន​ចំនួន ៨,៣៧៥ លាន​ដុល្លារ កើនឡើង ១៧ ភាគរយ​។ ចំពោះ​ឧស្សាហកម្ម​នាំចេញ​ផ្សេងទៀត​មាន​ទំហំ ១,៤៦៦ លាន​ដុល្លារ កើនឡើង ៦០​ភាគរយ បើ​ប្រៀបធៀប​ឆ្នាំ​២០១៧​។ ចំណែក​រោងចក្រ​កើត​ថ្មី​មាន​ចំនួន ១៧៨ រោងចក្រ កើនឡើង ១៨.៦៧ ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ មាន​ត្រឹមតែ ១៥០ រោងចក្រ​។  រីឯ​កម្លាំង​ពលកម្ម​ដែល​បម្រើ​ឲ្យ​ផ្នែក​ឧស្សាហកម្ម​មាន​ចំនួន ៩៧៣, ១២៩ នាក់ ដែល​ក្នុងនោះ​បម្រើការ​ផ្នែក ឧស្សាហកម្ម​កាត់ដេរ​មាន​ចំនួន ៨៧៥,១៨៩ នាក់ និង​ផ្នែក​ផ្សេងៗ​មាន​ចំនួន ៩៧,៩៤០ នាក់​។ នេះ​បើតាម​របាយការណ៍​ដដែល​។​

​លោក អ៊ុំ សុថា អ្នកនាំពាក្យ​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ទិន្នន័យ​នៃ​វិស័យ​ឧស្សាហ​កម្មនេះ​សុ​ក្រិត​ស្ទើ​តែមួយ ១០០​ភាគរយ​ហើយ ខណៈ​ការប្រមូល​ព័ត៌មាន​នៅមាន​ភាពខ្វះ​ចន្លោះ​តិចតួច​បំផុត​។ លោក​បន្តថា ភាពខ្វះ​ចន្លោះ​ព័ត៌មាន​នេះ ដោយសារ​មាន​រោងចក្រ​មួយចំនួន​ស្ថិតនៅក្រោម​ដែន​សមត្ថកិច្ច​របស់​ក្រសួង​ផ្សេង ហើយ​មិនបាន​ផ្ដល់ដំណឹង​មក​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ដើម្បី​ចុះបញ្ជី​នោះទេ​។ «​បើតាម​ច្បាប់​ត្រូវ​មក​ចុះបញ្ជី​ទាំងអស់​ទោះ​បង្កើត​ដោយ​ស្ថាប័ន​ណាក៏ដោយ ត្រូវតែ​មក​ចុះបញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម​៕

Tag:
 ឧស្សាហកម្ម​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com