ជាតិ
អ្នកទីក្រុង​កាន់តែច្រើន​ងាក​មក​ដាំ​បន្លែ​លក្ខណ​គ្រួសារ​!
07, Mar 2019 , 11:15 am        
រូបភាព
​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ បាន​ចាប់អារម្មណ៍​នឹង​ការដាំ​បន្លែ​លក្ខណ​គ្រួសារ ដែល​ជួយ​កាត់បន្ថយ​ការចំណាយ និង​ជួយ​ដល់​សុខភាព​។ លោក យ៉ង សាំង​កុមារ អ្នកជំនាញ​កសិកម្ម បញ្ជាក់ថា ក្រោយ​រៀបចំ​សិក្ខាសាលា​ចំនួន ៣​លើក ទាក់ទង​នឹង «​សួន​ដំណាំ​គ្រួសារ​» ពលរដ្ឋ​ក្នុង​ទីក្រុង​បាន​ងាក​មក​ចូលរួម និង​ចាប់អារម្មណ៍​លើ​ការដាំ​ដំណាំ​នៅ​ជុំវិញ​ផ្ទះ​ដែល​នេះ​ជាការ​ល្អ ក្នុង​ការជួយ​ដល់​សុខភាព​, បរិស្ថាន និង​កាត់បន្ថយ​ការចំណាយ​របស់​ពួកគាត់​។



​នៅ​ថ្ងៃទី ១០ មីនា​នេះ មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ហៅ​កាត់​ថា អង្គការ​សេ​ដាក នឹង​រៀបចំ​សិក្ខាសាលា​ស្ដីពី «​សួន​ដំណាំ​គ្រួសារ​» ដែល​បណ្ដុះបណ្ដាល​ដោយ​លោក​បណ្ឌិត យ៉ង សាំង​កុមារ​។ «​សួន​ដំណាំ​គ្រួសារ​» ផ្ដល់​ប្រយោជន៍​ជាច្រើន​ដល់​កសិករ និង​ក្រុមគ្រួសារ ដែល​ប្រើប្រាស់​ផ្ទៃដី​របស់ខ្លួន​បង្កើតជា​សួន​ដំណាំ ក្នុងការ​ចូលរួម​កាត់​បន្ថយ​ការចំណាយ​, ផ្ដល់​សុខភាព​ល្អ និង​ទទួលបាន​បន្លែ​សុវត្ថិភាព​ផងដែរ​។​



​តាមរយៈ​សិក្ខាសាលា «​សួន​ដំណាំ​គ្រួសារ​» លោក​-​អ្នក នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​រួមមាន យល់ដឹង​ពី​របៀប​ផលិត និង​ប្រើប្រាស់​ជីធម្មជាតិ​, ផលប្រយោជន៍​សួន​ដំណាំ​គ្រួសារ​ដល់​សុខភាព មិត្តភាព ចំណេះដឹង និង​លុយ​, គោលការណ៍ និង​បច្ចេកទេស​ក្នុង​ការដាំ​ដំណាំ​, យល់ដឹង​ពី​របៀប​ជ្រើសរើស​ប្រភេទ​ដំណាំ​ធ្វើ​សួន​គ្រួសារ និង​ការផ្ដល់ជូន​ឯកសារ​ផងដែរ​។ សិក្ខាសាលា «​សួន​ដំណាំ​គ្រួសារ​» នេះ ចាប់ផ្ដើម​ពី​ម៉ោង​៨: ៣០​ព្រឹក ដល់​ម៉ោង ៤​ល្ងាច នៅ​ភោជនីយដ្ឋាន​អូ​ក្រា​។ សម្រាប់​តម្លៃ​សំបុត្រ​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ គឺ​វិភាគទាន​តាម​ការស្ម័គ្រចិត្ត​របស់លោក​-​អ្នក​៕

Tag:
 កសិកម្ម​
  សេ​ដាក​
 ​សួន​ដំណាំ​
© រក្សាសិទ្ធិដោយ thmeythmey.com