ជាតិ
សេដ្ឋកិច្ច
និស្សិតមួយក្រុមប្រមូលទិញកសិផលពីកសិករ មកលក់នៅខេត្តកំពង់ចាម ដើម្បីបង្កើនចរន្តទីផ្សារកសិកម្ម
07, Mar 2019 , 3:22 pm        
រូបភាព
ដោយ:
កំពង់ចាម៖ និស្សិតមួយក្រុមបានទទួលទិញផលិតផលកសិកម្មរបស់ពលរដ្ឋ មកលក់នៅខេត្តកំពង់ចាម ដើម្បីជួយបង្កើនចរន្តទីផ្សារកសិកម្ម។ ផលិតផលដែលក្រុមនិស្សិតបានទទួលទិញពីកសិករ ភាគច្រើនជា ប្រភេទត្រសក់ផ្អែម, គ្រាប់ធុញជាតិកែច្នៃ,អង្ករ,ទឹកត្រី និងផលិតផលខ្មែរជាផ្សេងៗទៀត។



ដើមទុន៨០០ដុល្លារ គឺកើតចេញពីលទ្ធភាពតិចតួចរបស់ក្រុម«បណ្តាញផលិតផលខ្មែរ ខេត្តកំពង់ចាម» ដែលជានិស្សិតរៀនជំនាញផ្សេងៗគ្នា ហើយមានគំនិតជួយទ្រទ្រង់ផលិតផលកសិកម្មខ្មែរ ។ ក្រុមនិស្សិត ដែលមានគ្នាចំនួន៨នាក់នេះ បានទទួលទិញកសិផល និងផលិតផលខ្មែរមួយចំនួនពីខេត្តផ្សេងៗ ដូចជាខេត្តសៀមរាបជាដើម យកមកដាក់លក់នៅជួរមាត់ទន្លេ ទល់មុខមន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ចាម។ផលិតផលជាច្រើន ដែលក្រុមនិស្សិតនេះ ដាក់លក់នោះ មានដូចជា ត្រសក់ផ្អែម, គ្រាប់ធុញជាតិកែច្នៃ,អង្ករ,ទឹកត្រី និងផលិតផលខ្មែដទៃទៀត។



ជួបជាមួយ ThmeyThmey25 កញ្ញា ស៊ាន សោភ័ណ្ឌ ប្រធានផ្នែកគណនេយ្យ«បណ្តាញផលិតផលខ្មែរ ខេត្តកំពង់ចាម»  បានថ្លែងប្រាប់ថា មូលហេតុដែលក្រុមកញ្ញា ប្រមូលទិញផលិតផលខ្មែរដាក់លក់នេះ គឺក្នុងគោលបំណងស្វែងរកទីផ្សារជូនកសិករ ដែលពិបាកក្នុងការស្វែងរកទីផ្សារ។ ជាពិសេសជួយបង្កើនចរន្តទីផ្សារកសិកម្មថែមទៀត។

បើតាមកញ្ញា សោភ័ណ្ឌ ក្នុងចំណោមផលិតផលទាំងនោះ ភាគច្រើនមានការលក់ដាច់ជាងគេ គឺផ្លែត្រសក់ផ្អែម ក្រោយពីប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម បានសាករសជាតិផលិតផលកសិកម្មមួយនេះ។«ដំបូងឡើយវាមានភាពលំបាកច្រើនព្រោះប្រជាជនដែលនៅក្នុងខេត្តកំពង់ចាម ភាគច្រើនមិនទាន់ស្គាល់អំពីត្រសក់ផ្អែមនៅឡើយទេ។ ជារៀងរាល់ថ្ងៃមុនពេលចាប់ផ្ដើមលក់សមាជិកក្នុងក្រុមរបស់កញ្ញាបានចិតត្រសក់ខ្លះ សម្រាប់ឲ្យអតិថិជនភ្លក់មុនពេលទិញផងដែរ»។ នេះជាការបញ្ជាក់របស់កញ្ញា សោភ័ណ្ឌ ដែលបានបន្ថែមថា«បណ្តាញផលិតផលខ្មែរ ខេត្តកំពង់ចាម» អាចលក់ត្រសក់បានចន្លោះពី៣០គីឡូក្រាមទៅ៥០គីឡូក្រាមក្នុងមួយថ្ងៃ ដោយក្នុងមួយគីឡូក្រាមលក់ក្នុងតម្លៃ ៨ពាន់រៀល។
 


ដើមចមដែលជំរុញឲ្យសមាជិកក្នុងក្រុមរបស់កញ្ញា សោភណ្ឌ មានគំនិតបង្កើតក្រុម«បណ្តាញផលិតផលខ្មែរ ខេត្តកំពង់ចាម» នេះ គឺកើតឡើងក្រោយពីសមាជិកក្នុងក្រុមបានចូលរួមវគ្គបណ្តុះបណ្តាល ដែលមានឈ្មោះថា«ភូមិមួយផលិតផលមួយ»  ។ នៅពេលដែលបញ្ចប់វគ្គបណ្តុះបណ្តាលនោះហើយ ក្រុមរបស់កញ្ញា ក៏បានពិភាក្សាគ្នា បើកអាជីវកម្មមួយនេះឡើង ដែលត្រូវចំណាយដើមទុនអស់ប្រមាណ៨០០ដុល្លារ។ ហើយក៏បានយកផលិតផលត្រសក់ និងកសិផលដទៃទៀត ដាក់លក់នៅជួរមាត់ទន្លេទល់មុខមន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ចាម ដែលចាប់ផ្តើមលក់ពីម៉ោង៤ល្ងាច រហូតដល់ម៉ោង៨យប់ជារៀងរាល់ថ្ងៃ៕





Tag:
 និស្សិត
 ត្រសក់ផ្អែម
 មុខរបរ
 កំពង់ចាម
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com