ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
វីដេអូ
២៥ខេត្ត/រាជធានី
​កញ្ញា យូ សុធា​រី ៖«​ខ្ញុំ​ចង់ឃើញ​ស្ត្រី​ខ្មែរ​ទទួលបាន​ការអប់រំ​, ការងារ​, ប្រាក់កម្រៃ​និង​សេរីភាព​ដូច​បុរស​»
08, Mar 2019 , 2:21 pm        
រូបភាព
​ភ្នំពេញ​៖ «​លើកកម្ពស់​សមភាព​យេនឌ័រ​នៅក្នុង​សង្គម​កម្ពុជា​» ជា​ការងារ​ស្ម័គ្រចិត្ត​ដែល​កញ្ញា យូ សុធា​រី ស្រឡាញ់​និង​កំពុង​ជំរុញ​ការងារ​នេះ​យ៉ាង​យកចិត្តទុកដាក់ ក្នុង​គោលបំណង​លើកកម្ពស់​ស្ត្រី​ឲ្យ​មាន​ភាពក្លាហាន ដើម្បី​បង្ហាញ​ពី​ចំណេះដឹង​, សមត្ថភាព​និង​ភាពជា​អ្នកដឹកនាំ​របស់ខ្លួន​ទៅកាន់​ដទៃ​។​ល​។ ជា​និស្សិត​បញ្ចប់​ថ្នាក់អនុបណ្ឌិត​ផ្នែក​«​គោលនយោបាយ​អភិវឌ្ឍ​ន៍​អន្តរជាតិ​»​នៅ​សហរដ្ឋអាមេរិក កាលពី​ចុងឆ្នាំ​២០១៨ កញ្ញា យូ សុធា​រី មិន​យល់ឃើញថា​ខ្លួន កំពុង​យក​ផ្នត់គំនិត​បរទេស​មក​អនុវត្ត​នៅ​កម្ពុជា​ឡើយ ដោយ​ស្ថាបនិក​គម្រោង​ស្ត្រី​ជំនាន់​ថ្មី (Next Women Generation) វ័យ​២៩​ឆ្នាំ​រូបនេះ បញ្ជាក់​នៅក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ថា​៖«​ខ្ញុំ​ចង់បង្ហាញ​ផ្នត់គំនិត​របស់ខ្ញុំ​ទៅក្នុង​សង្គម​កម្ពុជា​ថា ក្នុងនាម​ជា​ស្ត្រី​ម្នាក់​ដែល​កើត​នៅក្នុង​សង្គម​ខ្មែរ នា​សម័យ​កាលដែល​ខ្ញុំ​កំពុង​រស់នៅ ខ្ញុំ​ចង់​មានឱកាស​ទទួល​បានកា​រ​អប់រំ​, ការងារ​, ប្រាក់កម្រៃ​ស្មើនឹង​បុរស​ចំពោះ​ការងារ​ដូចគ្នា ហើយ​មាន​សិទ្ធិសេរីភាព​ដូច​បុរស​ដែរ​»​។


 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​កញ្ញា យូ សុធា​រី ស្ថាបនិក​គម្រោង​ស្ត្រី​ជំនាន់​ថ្មី ដូចតទៅ​៖ 
 
 
​សកម្មជន​សិទ្ធិ​ស្ត្រី យូ សុធា​រី ទទួលស្គាល់ថា បច្ចុប្បន្ន សកម្មភាព​លើកកម្ពស់​សមភាព​យេនឌ័រ​មាន​ច្រើន​មែន​, ឃើញ​មាន​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ក៏ពិតមែន ប៉ុន្តែ ធាតុពិត​ជាក់ស្តែង​យើង​ឃើញថា ស្ត្រី​ដែល​ទទួលបាន​តួនាទី​ជា​អ្នកដឹកនាំ​នៅក្នុង​ស្ថាប័នរដ្ឋ​ធំៗ​នៅមាន​ចំនួន​តិច​នៅឡើយ​។ ហើយ​ស្ត្រី​ដែល​ធ្វើ​ការងារ​នៅក្នុង​កម្រិត​ជំនាញ​ទាប​មាន​ចំនួន​ច្រើន ដែល​ពួកគាត់​ប្រឈម​នឹង​ហា​នី​ភ័យ​ច្រើន​ដូចជា ប្រាក់ខែ​តិច​, បញ្ហា​សុខភាព​, ការទទួល​បានការ​គាំពារ​សង្គម​ផ្សេងៗ​។ ការងារ​ក្នុង​កម្រិត​ជំនាញ​ទាប​នេះ គឺ​មិនសូវ​ឃើញ​មាន​បុរស​ជា​អ្នកធ្វើការងារ​ទាំងនេះ​ប៉ុន្មាន​ទេ ពោលគឺ​បង្ហាញ​ពី​គម្លាត​ដ៏​ធំ​រវាង​បុរស​និង​ស្ត្រី ដែល​ការធ្វើការងារ​នៅក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន​។​
 
​ទន្ទឹមនឹង​បញ្ហា​ទាំងនេះ អ្នកជំនាញ​គោលនយោបាយ​អភិវឌ្ឍន៍​អន្តរជាតិ​និង​ស្ថាបនិក​គម្រោង​ស្ត្រី​ជំនាន់​ថ្មី (Next Women Generation) កញ្ញា យូ សុធា​រី ដែល​កំពុង​រួមចំណែក​ធ្វើ​ការងារ​លើកកម្ពស់​ស​ម​ភាព​យេនឌ័រ​នៅក្នុង​សង្គម​កម្ពុជា សង្ឃឹមថា គម្លាត​ការងារ​រវាង​បុរស​និង​ស្ត្រី នឹង​ត្រូវបាន​ដោះស្រាយ​គម្លាត​នេះ​ឲ្យ​កាត់​តែ​រួម​តូច ដោយ​ស្ត្រី​មានឱកាស​ច្រើន​ក្នុង​ការធ្វើការងារ​ក្នុង​តំណែង​ជា​អ្នកដឹកនាំ​នៅ​ស្ថាប័នរដ្ឋ ដើម្បី​អនុញ្ញាត​ឲ្យ​ស្ត្រី​បាន​ចូលរួម​អនុវត្ត​គោលនយោបាយ​លើកកម្ពស់​សិទ្ធិ​ស្ត្រី​ឲ្យ​បានល្អ​ប្រសើរ​ជាង​នេះ​៕

Tag:
 ស្ត្រី​
  សមភាព​យេនឌ័រ​
  ការងារ​
  អប់រំ​
  ៨មិនា
© រក្សាសិទ្ធិដោយ thmeythmey.com