ជាតិ
វីដេអូ
អ្នកជំនួញស្ត្រី ខៃ ចិន្តា៖ «ស្ត្រីធ្វើជំនួញ គិតទូលាយនិងមានឱកាសច្រើនជាងអ្នកមិនធ្វើជំនួញ»
× ភ្នំពេញ៖ នៅកម្ពុជា ស្ត្រីក្នុងវិស័យជំនួញមានចំនួនច្រើន ដែលពួកគាត់ជាផ្នែកមួយជួយកសាងសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ ការចូលរួមធ្វើជំនួញរបស់ស្ត្រី បានធ្វើឲ្យស្ត្រីមានឱកាសក្នុងការផ្លាស់ប្ដូរចំណេះដឹង រួមទាំងជំរុញការគិតរបស់ស្ត្រីឲ្យកាន់តែទូលំទូលាយ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកស្រី ខៃ ចិន្តា ដែលធ្វើការក្នុងវិស័យជំនួញជាង២០ឆ្នាំ លោកស្រីជំរុញឲ្យស្ត្រីទាំងអស់ មានសេចក្ដីក្លាហានក្នុងការធ្វើជំនួញ ដែលនាំឲ្យស្ត្រីមានភាពម្ចាស់ការលើខ្លួនឯង និងជួយបង្កើនប្រាក់ចំណូលដល់គ្រួសារផងដែរ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោកស្រី ខៃ ចិន្តា អ្នកជំនួញស្ត្រីដូចតទៅ៖
ការចូលរួមរបស់ស្ត្រីក្នុងវិស័យជំនួញ បានធ្វើឲ្យសេដ្ឋកិច្ចគ្រួសាររីកចម្រើន តាមរយៈការបង្កើតអាជីវកម្មផ្សេងៗ។ នៅកម្ពុជា ស្ត្រីភាគច្រើនជាអ្នកទុកដាក់លុយកាក់ និងចាត់ចែងលើការចំណាយនានា។ ជាមួយគ្នានេះ ស្ត្រីដែលមានគំនិតបង្កើតលុយ បានបង្កើតមុខជំនួញ ក្នុងការជួយបង្កើនប្រាក់ចំណូល តាមរយៈឱកាស និងលទ្ធភាពរបស់ពួកគាត់។
ទន្ទឹមនឹងការជោគជ័យរបស់ស្ត្រីក្នុងវិស័យជំនួញ គេក៏សង្កេតឃើញថា ស្ត្រីមានបញ្ហាកើតឡើងនៅក្នុងគ្រួសារផងដែរ។ ម្ចាស់សណ្ឋាគារ Terres Rouges និងរ៉ាយ៉ាបូរី វីឡា លោកស្រី ខៃ ចិន្តា ក៏បានផ្ដល់ដំណោះស្រាយដល់ស្ត្រីដែលចង់ជោគជ័យទាំងជំនួញ និងគ្រួសារឲ្យមានភាពឆ្លាតវៃ ដោយបែងចែកពេលវេលាទំនាក់ទំនងឲ្យបានត្រឹមត្រូវរវាងជំនួញនិងគ្រួសារ។
បើតាមរបាយការណ៍របស់ធនាគារពិភពលោកដែលចេញផ្សាយនៅថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០១៩នេះ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងការលើកម្ពស់សិទ្ធិស្ត្រីលើវិស័យធុរកិច្ចនិងច្បាប់ ដោយទទួលបានពិន្ទុសរុបចំនួន ៧៥ លើសូចនាករចំនួន៨ នៃការវាស់វែងលើការលើកកម្ពស់ស្ត្រីរយៈពេល១០ឆ្នាំចុងក្រោយនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com