ជាតិ
សង្គមជាតិ
អាជ្ញាធរ រារាំង​ការដាក់​ញត្តិ​របស់​ក្រុម​ស្ត្រី ក្នុង​ថ្ងៃ​សិទ្ធិ​នារី​
08, Mar 2019 , 5:12 pm        
រូបភាព
រូបពីអង្គការ CCFC
រូបពីអង្គការ CCFC
​ក្រុម​អាជ្ញាធរ បាន​រារាំង​ក្រុម​ស្ត្រី​ដែលមាន​គោលបំណង​ដើរ​ដង្ហែ​ក្បូន ដើម្បី​ដាក់​ញត្តិ​ទៅ​រាជរដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ នា​ព្រឹក​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២​០១៩​នេះ​។ 



​ក្រុម​សហជីព សមាគម និង អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​៥០០​នាក់ បាន​ជួបជុំគ្នា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​ប្រារព្វ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​លើក​ទី​១០៨ ក្រោម​ប្រធានបទ «​រួមគ្នា​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី​គ្រប់​រូបភាព​»​។ ពួកគេ​ក៏​គ្រោង​ដង្ហែ​ក្បួន​ពី​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​ដាក់​ញត្តិ ទៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​រា​វាំង​ពួកគេ​មិន​ឲ្យ​ចេញមក​ក្រៅរបង​កីឡដ្ឋាន​ទេ​។

​លោកស្រី អ៊ូ ទេព​ផល្លី​ន នាយិការ​ប្រ​ត្តិ​ប​ត្តិ​សហព័ន្ធ​សហជីព​ចំណីអាហារ​និង​សេវាកម្ម​កម្ពុជា បាន​ប្រាប់​សា​ព័ត៌មាន​ថ្មីៗ​ថា សមត្ថកិច្ច និង​កងសន្តិសុខ​ជាច្រើន​នាក់​បាន​បិទទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដោយ​មិន​អនុញ្ញាត​ឲ្យ​ពួក​អ្នកស្រី​យក​ញត្តិ​ទៅ​ដាក់​ទៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​យកចិត្ត​ទុក​បន្ថែម​ទៅលើ​យន្ត​ការពារ​សិទ្ធិ​ស្ត្រី​បន្ថែមទៀត​ដូចជា បញ្ឈប់​ការ​បៀតបៀន ហិង្សា​ក្នុង​គ្រួសារ និង​ហិង្សា​ផ្លូវភេទ​លើ​ស្ត្រី​នៅ​កន្លែង​ការងារ និង​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​។

​អ្នកស្រី ឲ្យ​ដឹងថា មន្ត្រី​ខាង​សាលា​រាជធានី​ភ្នំពេញ បានមក​ទទួល​ញត្តិ ហើយ​ប្រាប់ថា នឹង​ឆ្លើយតប​នៅ​សប្តាហ៍​ក្រោយ​។ ក្នុង​ហេតុការណ៍​ខាងលើ មិនបាន​បង្ក​ឲ្យ​មាន​អំពើហិង្សា​នោះទេ​។

​អ្នកស្រី បាន​និយាយថា​៖«​ការជួបជុំ និង​ដើរ​ក្បួន​របស់​យើង​គឺ​ចង់បង្ហាញ​ពី​អហិង្សា​។ បើ​មាន​ភាគី​ណាមួយ​បង្ក​ហិង្សា​ក៏​យើង​មិន​តបត​ដែរ​។ ការដាក់​ញ្ញត្តិ​មិនបាន​សម្រេច​ទេ ប៉ុន្តែ​ខាង​សាលា​រាជធានី មក​ទទួល​ជំនួស​»​។​

​ប្រជាពលរដ្ឋ​ប្រមាណ​១​ពាន់​នាក់ បាន​ជួបជុំគ្នា​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន​៥ ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិនារី​អន្តរជាតិ​។ អាជ្ញាធរ ក៏បាន​ព្យាយាម​បដិសេធ​មិន​ឲ្យ​មានការ​រៀបចំ​ព្រឹត្តិការណ៍​នេះ នៅ​ខេត្តកំពង់ស្ពឺ និង​ខេត្ត​ត្បូងឃ្មុំ​ផងដែរ ប៉ុន្តែ​អ្នក​ទាំងនោះ​នៅតែ​អាច​រៀប​ចំការ​ប្រារព្ធ​ទិវា​នេះ​បាន​ដោយ​មិនមាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​ឡើយ​។ ការរៀបចំ​ទិវា​សិទ្ធិនារី​អន្តរជាតិ​ជាច្រើន​នៅតាម​រាជធានី​និង​ខេត្ត​មួយចំនួន ត្រូវបាន​ដាក់ពង្រាយ​ដោយ​កងកម្លាំង​សន្តិសុខ​។ នេះ​បើ​យើង​តាម​របាយការណ៍​របស់​អង្គការ​លីកាដូ​៕

Tag:
 សិទ្ធិនារី​
  អាជ្ញាធរ​
© រក្សាសិទ្ធិដោយ thmeythmey.com