ជាតិ
សេដ្ឋកិច្ច
កម្ពុជា នាំចូលអំបិល៣ម៉ឺនតោន ពីប្រទេសចិន និងថៃ ក្នុងឆ្នាំ២០១៨ ស្រែអំបិលនាពេលកំពុងប្រមូលផល ក្នុងឆ្នាំ២០១៦ (រូបពីលោក ប៊ុន បារាំង)
× ភ្នំពេញ៖ កម្ពុជាបាននាំចូលអំបិល៣ម៉ឺនតោន ពីប្រទេសចិន និងថៃ ក្នុងឆ្នាំ២០១៨ ដើម្បីបង្គ្រប់តម្រូវការក្នុងស្រុក ដែលមានការផលិតធ្លាក់ចុះដោយសារអាកាសធាតុមិនអំណោយផល។នេះបើយោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម។
កត្តាអាកាសធាតុមិនល្អ បានធ្វើឲ្យការផលិតអំបិលក្នុងឆ្នាំ២០១៨ ពុំបានផលល្អ ដែលមិនអាចធានាការផ្គត់ផ្គង់ក្នុងស្រុកបានគ្រប់គ្រាន់ ដូច្នេះក្រសួងបានគាំទ្រឲ្យមានការនាំចូលអំបិល៣ម៉ឺនតោន ពីប្រទេសចិន និងថៃ។ នេះបើតាមរបាយការណ៍ឆ្នាំ២០១៩របស់ឧស្សាហកម្ម និងសិប្បកម្ម។ យ៉ាងណា ក្រសួងមិនបានបង្ហាញតួលេខនៃការផលិតអំបិលនៅក្នុងស្រុក ក្នុងឆ្នាំ២០១៨នោះទេ។
លោក ប៊ុន បារាំង ប្រធានសហគមន៍អ្នកផលិតអំបិល បានស្នើដល់ភាគីពាក់ព័ន្ធ ពិសេសក្រសួងឧស្សាហកម្ម ឲ្យរកវិធីទប់ស្កាត់ការនាំចូលអំបិលក្រៅប្រព័ន្ធពីឈ្មួញផ្សេងៗ ដែលធ្វើឱ្យអំបិលក្នុងស្រុកធា្លក់ថ្លៃ និងសូមឱ្យប្រជាពលរដ្ឋគ្រប់រូបគាំទ្រ និងប្រើប្រាស់អំបិលដែលផលិតចេញធម្មជាតិពិតៗ នៅក្នុងទឹកដីខេត្តកំពតនិងកែបវិញ ដើម្បីឱ្យតម្លៃ និងលើកទឹកចិត្តដល់អ្នកផលិត។
ប្រធានសហគមន៍អ្នកផលិតអំបិលរូបនេះ ធ្លាប់ប្រាប់សារព័ត៌មានThmeyThmey កាលពីពេលថ្មីៗថា មានករណីលក់ដីស្រែអំបិលរបស់ប្រជាជនកសិករអ្នកធ្វើអំបិល កំពុងកើតឡើង នៅសង្កាត់កោះត្រើយ ក្នុងខេត្តកំពត។ លោក អះអាងថា កត្តាដែលធ្វើឱ្យអ្នក ផលិតអំបិលមួយចំនួនសម្រេចលក់ដីស្រែអំបិលរបស់ខ្លួន បណ្តាមកពីតម្លៃអំបិលធ្លាក់ចុះ ពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសគ្មានកម្លាំងពលកម្ម និងដើមទុនក្នុងការផលិត និងតម្លៃដីឡើងថ្លៃ។
កម្ពុជាមានផ្ទៃដីស្រែអំបិលសរុបចំនួនជាង៥ពាន់ហិកតា ដែលបានផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ៥ពាន់នាក់ និងផ្តល់ចំណូលប្រចាំឆ្នាំប្រមាណជិត៩លានដុល្លារ។
សូមរម្លឹកថា កម្ពុជា មានតម្រូវការអំបិលប្រើប្រាស់ជាប្រចាំប្រមាណ១០ម៉ឺនតោនក្នុងមួយឆ្នាំៗ។ កាលពីឆ្នាំ ២០១៧ កម្ពុជា ផលិតបានអំបិលជាង១,៤សែនតោន៕
© រក្សាសិទ្ធិដោយ thmeythmey.com