កីឡាជាតិ
ជាតិ
មុន​ប៉ះគ្នា​ល្ងាច​នេះ ទាំង​គ្រូបង្វឹក​កម្ពុជា​និង​បង់​ក្លា​ដែ​សបាន​សិក្សា​ចំណុចខ្លាំង​ពីគ្នា​រួចហើយ​
09, Mar 2019 , 2:17 pm        
រូបភាព
 រូបភាពពី FFC
រូបភាពពី FFC
ដោយ:
​ក្រុម​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​កម្តៅ​សាច់ដុំ​ជាមួយ​ក្រុម​បង់​ក្លា​ដែ​ស នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៩ នា​ពហុ​កីឡដ្ឋាន​ជាតិ​។ មុន​ជួបគ្នា​នៅ​ល្ងាច​នេះ ទាំង​គ្រូបង្វឹក​កម្ពុជា និង​បង់​ក្លា​ដែ​ស សុទ្ធតែ​លើកឡើងថា ពួកគេ​បាន​មើល​ការប្រកួត និង​សិក្សា​ពី​ចំណុចខ្លាំង​គ្នា​ទៅវិញទៅមក​រួចហើយ​។ គ្រូបង្វឹក​ទាំងពីរ​ជឿជាក់ថា ការប្រកួត​ថ្ងៃនេះ​នឹង​ក្លាយជា​ការប្រកួត​ដ៏​ស្វាយ​ស្វាយ​និង​តានតឹង​បំផុត​។​

 
​ការសិក្សា​ពី​សមត្ថភាព​របស់​គូប្រកួត​មុន​ថ្ងៃ​ប្រកួត​មកដល់ វា​ជា​តួនាទី​របស់​បង្វឹក​នៃ​ក្រុម​ដែល​ត្រូវ​ប្រឈមមុខ​ដាក់គ្នា​។ ព្រោះ​ការសិក្សា​នេះ អាចជួយ​ឲ្យ​ពួកគេ​ដឹង​ពី​កម្រិត​នៃ​លេង និង​ចំណុចខ្លាំង​និង​ចំណុចខ្សោយ​គូប្រកួត​រៀងៗ​ខ្លួន​។ ជាក់ស្តែង​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក Felix Dalmas និង​លោក Jamie Day គ្រូបង្វឹក​ក្រុម​បង់​ក្លា​ដែ​ស ដែល​ត្រូវ​ជួបប្រទះ​គ្នា​នៅ​ល្ងាច​នេះ សុទ្ធតែ​បាន​អះអាងថា ពួកគេ​បាន​មើល​ការប្រកួត​និង​សិក្សា​ពី​ចំណុចខ្លាំង​គ្នា​ទៅវិញទៅមក​រួចហើយ​។ 


 សកម្មភាពហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជានៅពហុកីឡដ្ឋានជាតិ, រូបភាពពី FFC
 
​លោក Felix Dalmas បាន​និយាយថា ក្រុម​បង់​ក្លា​ដែ​សមាន​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​ច្រើន និង​ជា​ក្រុម​មាន​សមត្ថ​ភាពខ្លាំង ដែល​សម្បូរ​ដោយ​កីឡាករ​មាន​សមត្ថភាព​។ តែ​យ៉ាងណា​លោក​ចាត់ទុក​ការ​ប៉ះ​ជាមួយ​បង់​ក្លា​ដែ​ស​ជាការ​ប្រកួត​មួយ​ដ៏​ល្អ​សម្រាប់​កម្ពុជា​ក្នុងការ​សិក្សា​ពីបទ​ពិសោធ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​និង​បច្ចេកទេស​ឲ្យ​កាន់តែ​ប្រសើរ​។  
 
«​យើង​បាន​មើល​ការប្រកួត​ខ្លះៗ​របស់​បង់​ក្លា​ដែ​ស គេ​ជា​ក្រុម​ខ្លាំង ដែល​អាចធ្វើ​ការប្រកួត​មានការ​ប្រកួតប្រជែង​ខ្លាំង​។ ហើយ​គេ​មាន​កីឡាករ​ខ្លាំង​គួរ​ឲ្យ​ចាប់​មួយចំនួន និង​មាន​ចំណុច​គួរ​ឲ្យ​ចាប់អារម្មណ៍​ច្រើន​។ តែ​អ្វីដែល​សំខាន់ គឺ​ក្រុម​នេះ​មាន​គ្រូបង្វឹក​ដ៏​ល្អ ដូច្នេះ​វា​នឹង​ក្លាយជា​ការប្រកួត​មួយ​ដ៏​ល្អ​សម្រាប់​យើង​»​។​
 
​ទន្ទឹមនឹង​គ្រូបង្វឹក​កម្ពុជា​អះអាង​ពី​ការប្រើ​សុទ្ធតែ​កីឡាករ​យុវជន​អាយុ​ក្រោម​២២​ឆ្នាំ លោក Jamie Day បាន​បញ្ជាក់់ថា សម្រាប់​ជំនួប​នៅ​ល្ងាច​នេះ ក្រុម​បង់​ក្លា​ដែ​សមាន​កីឡាករ​ជា​យុវជន​ប្រមាណ​៨០​ភាគរយ​។ គ្រូបង្វឹក​រូបនេះ​បន្ថែមថា ការផ្តល់​ឱកាស​ដល់​យុវជន​នេះ គឺ​ដោយសារ​ក្រុមយុវជន​បង់​ក្លា​ដែ​ស ត្រូវ​ប្រកួត​វគ្គ​ជម្រុះ AFC U23 Championship ដូច​កម្ពុជា​ដែរ​។ បង់​ក្លា​ដែ​ស្ថិតនៅ​ពូ​ល B ជាមួយ​ម្ចាស់ផ្ទះ​បា​រ៉ែ​ន​, ប៉ា​ឡេ​ស្ទី​ន និង​ស្រីលង្កា​។ 


 
​គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមថា​៖«​ខ្ញុំ​គិតថា គ្រប់​គ្រូ​ទាំងអស់​សុទ្ធតែ​ធ្វើការ​ស្រាវជ្រាវ​ព័ត៌មាន​អំពី​គូប្រកួត​របស់ខ្លួន​។ ខ្ញុំ​គិតថា ការជួបគ្នា​នៅ​ល្ងាច​នេះ​វា​នឹង​ក្លាយជា​ការប្រកួត​មួយ​ដ៏​តានតឹង​។ យើង​បាន​ស្រាវជ្រាវ និង​មើល​ការប្រកួត​របស់​កម្ពុជា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​អាច​ឈ្នះ​ការប្រកួត ហើយក៏​អាច​ចាញ់​ការប្រកួត​ផងដែរ បើ​យើង​ធ្វើ​មិន​បានល្អ​។ តែ​យ៉ាងណា ខ្ញុំ​សង្ឃឹមថា កូនក្រុម​ខ្ញុំ​នឹងធ្វើ​បានល្អ​នៅថ្ងៃនេះ​»​។  
 
​ក្រុម​ជម្រើសជាតិ​កម្ពុជា​ដែល​សុទ្ធសឹង​ជា​យុវជន​អាយុ​ក្រោម​២២​ឆ្នាំ ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​ក្រុម​ជម្រើសជាតិ​បង់​ក្លា​ដែ​ស សម្រាប់​ជំនួប​មិត្តភាព​អន្តរជាតិ​កម្តៅ​សាច់ដុំ នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៩​នេះ​។ បើតាម​ប្រវត្តិ​ក្រុម​ទាំងពីរ​ធ្លាប់​គ្នា​ចំនួន​៣​លើក​រួចមកហើយ តែ​កម្ពុជា​មិន​ធ្លាប់​យកឈ្នះ​បង់​ក្លា​ដែ​ស​នោះទេ ដោយ​ស្មើ​១ និង​ចាញ់​២​ប្រកួត​។ តែ​មើ​លពី​ចំណាត់ថ្នាក់​ក្នុង​តារាង​បាល់ទាត់​ពិភពលោក​កម្ពុជា​(១៧២)​ឈរលើ​បង់​ក្លា​ដែ​ស​(១៩២)៕  
 

Tag:
 បាល់ទាត់​
  Felix Dalmas
  ជម្រើសជាតិ​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com