ជាតិ
រដ្ឋាភិបាល​ជ្រើសរើស​មន្ត្រី​ក្របខណ្ឌ​ជិត ៦​ពាន់​នាក់ និង​មន្ត្រី​-​គ្រូ​ជាប់កិច្ចសន្យា​ជិត​៣​ម៉ឺន​នាក់​
09, Mar 2019 , 5:59 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​យល់ព្រម​ឲ្យ​ក្រសួង ស្ថាប័ន ទាំង​ថ្នាក់ជាតិ និង​ក្រោម​ជាតិ មន្ទីរ អង្គភាព​ជំនាញ​រាជធានី​ខេត្ត រៀបចំ​ធ្វើការ​ប្រឡង​ជ្រើសរើស​មន្ត្រី​ថ្មី​ឲ្យ​ចូល​បម្រើ​ការងារ និង​បំពេញ​មុខតំណែង​ដែល​ទំនេរ​នៅតាម​អង្គភាព​របស់ខ្លួន​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​មុខងារសាធារណៈ កាលពី​ថ្ងៃទី​៦​ខែមីនា​។​

 
​សេចក្ដីជូនដំណឹង​បញ្ជាក់ថា រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ជ្រើសរើស​ក្របខណ្ឌ​ថ្មី​មន្ត្រីរាជការ​ស៊ីវិល​ចំនួន ៥,៩៩៦ កន្លែង មន្ត្រី​ជាប់កិច្ចសន្យា​ចំនួន ១៨,២៩២ នាក់ គ្រូបង្រៀន​ជាប់កិច្ចសន្យា​ចំនួន ៧,៩៩១ នាក់ គ្រូបង្រៀន​ពីរ​ថ្នាក់​ពីរ​ពេល​ចំនួន ១២,៨៩៧ នាក់ គ្រូបង្រៀន​ថ្នាក់​គួប​២ ចំនួន ២,៥៩៨​នាក់ គ្រូបង្រៀន​ថ្នាក់​គួប​៣ ចំនួន ១២០​នាក់ និង​គ្រូបង្រៀន​ជាប់កិច្ចសន្យា​អប់រំ​ក្រៅ​ប្រព័ន្ធ​ចំនួន ២,៤៧២​នាក់ គ្រូបង្រៀន​ជាប់កិច្ចសន្យា​ខ្មែរឥស្លាម​ចំនួន ១៧៨​នាក់​។ 
 
​តាម​សេចក្តីជូនដំណឹង​ឲ្យ​ដឹងថា វិធានការ​នៃ​ការជ្រើសរើស​ត្រូវមាន​កា​រ​ប្រឡងប្រជែង​ក្នុងចំណោម​សិស្ស និស្សិត និង​មន្ត្រីរាជការ​ស៊ីវិល ក្នុងពេល​តែមួយ និង​ត្រូវ​ប្រកាស​លទ្ធផល​ប្រឡង​ជាប់​ស្ថាពរ​យ៉ាងយូរ​ត្រឹម​ខែកញ្ញា ឆ្នាំ​២០១៩ ព្រមទាំង​រៀបចំ​បើកប្រាក់​ខែ​ដល់​បេក្ខជន​ប្រឡង​ជាប់​រយៈពេល​១​ខែក្រោយ​ទទួលស្គាល់​លទ្ធផល​ពី​ក្រសួង​មុខងារសាធារណ​ណៈ​។ ប៉ុន្តែ​ចំពោះ​ការជ្រើសរើស​ក្របខណ្ឌ​របស់​ក្រសួង​អប់រំ និង​ក្រសួងសុខាភិបាល​ត្រូវ​បានកំណត់​គោលការណ៍​ដោយឡែក​របស់​ក្រសួង​មុខងារសាធារណៈ​។ ចំពោះ​បេក្ខជន​ពិការ និង​ស្ត្រី​ត្រូវបាន​លើកទឹកចិត្ត​។ ក្រសួង ស្ថាប័ន ត្រូវ​យកចិត្តទុកដាក់​ដល់​បេក្ខភាព​ជា​ជនពិការ​ដែលមាន​សម​ត្ថ​ភាពសមស្រប ២​ភាគរយ និង​បេ​ក្ខ​នារី​ជាប់​ជា​ស្ថាពរ​ចំនួន ២០​ភាគរយ ទៅ ៥០ ភាគរយ នៃ​ក្របខណ្ឌ​ដែល​ទទួលបាន​ប្រចាំឆ្នាំ​៕ 

Tag:
 មន្ត្រីរាជការ​
  ការងារ​
© រក្សាសិទ្ធិដោយ thmeythmey.com