កីឡាជាតិ
ជាតិ
ក្រសួង​អប់រំ ច្រាន​ចោលការ​ចោទថា កិបកេង​ថវិកា​១០០​លាន​រៀល​ពី​កីឡាករ សំបូរ សុភ​ណ្ឌ​
09, Mar 2019 , 6:07 pm        
រូបភាព
លោក អ៊ុក សុជាតិ (ខាងឆ្វេង)និងកីឡាករ សំបូរ សុភណ្ឌ ពេលឈ្នះមេដាយមាសពិភពលោកនៅថៃកាលពីពេលកន្លងទៅ
លោក អ៊ុក សុជាតិ (ខាងឆ្វេង)និងកីឡាករ សំបូរ សុភណ្ឌ ពេលឈ្នះមេដាយមាសពិភពលោកនៅថៃកាលពីពេលកន្លងទៅ
ដោយ:
ក្រសួង​អប់រំ យុវជន និង​កីឡា ចេញមុខ​ច្រានចោល​ព័ត៌មាន​ពាក់ព័ន្ធ​ការចោទប្រកាន់ថា ក្រសួង​បាន​កិបកេង​ប្រាក់រង្វាន់​លើកទឹកចិត្ត​១០០​លាន​រៀល​ពី​កីឡាករ​កាយ​វប្បកម្ម សំបូរ សុភ​ណ្ឌ ដែល​បានឈ្នះ​មេដាយមាស​ពិភពលោក​នៅ​ប្រទេស​ថៃ កាលពីពេល​កន្លងទៅ​។ ក្រសួង​បានចាត់ទុក​ព័ត៌មាន​ចោទប្រកាន់​នេះ​ថា ជា​ព័ត៌មាន​មិន​ពិត ដែល​កើតឡើង​ពី​ភាន់ច្រឡំ​របស់​កីឡាករ​។

  
 
​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​បដិសេធថា ក្រសួង​មិនបាន​កិបកេង​ថវិកា​១០០​លាន​រៀល​ពី​កីឡាករ​ដូច​ការចោទប្រកាន់​នោះឡើយ​។ ហើយ​លោក​បាន​ទាក់​ទុក​ការចោទប្រកាន់​នេះ​ថា វា​ជា​រឿង​មិន​ពិត​ដែល​កើតចេញពី​ការភាន់ច្រឡំ​របស់​កីឡាករ​។ 
 
​ជាមួយ​ការច្រានចោល​ព័ត៌មាន​ចោទប្រកាន់​ខាងលើ លោក អ៊ុក សិទ្ធិ​ជាតិ បាន​បកស្រាយ​បន្ថែមថា​៖«​យើង​ឃើញ​តាម​ព័ត៌មាន​មួយចំនួន​ថា យើង​បាន​ស្នើសុំ​១២០​លាន​រៀល ហើយ​យើង​ឲ្យ​កីឡាករ សំបូរ សុភ​ណ្ឌ តែ​២០​លាន​រៀល ដោយ​ក្រសួង​ទុក​១០០​លាន​រៀល តែ​តាមពិត​មិន​ដូច្នេះ​ទេ​។ សូមបញ្ជាក់ថា ការធ្វើ​ផ្តល់​ថវិកា​លើកទឹកចិត្ត​នេះ គឺ​ស្ថិត​លើ​គោលការណ៍​ច្បាប់ទម្លាប់ មិនមែន​ស្ថិត​លើ​យើង​ថា ប៉ុណ្ណា​ឲ្យ​ប៉ុណ្ណឹង​នោះទេ​»​។ 
 
​ការបកស្រាយ​នេះ ធ្វើឡើង​ក្រោយ​កីឡាករ​កាយ​វប្បកម្ម សំបូរ សុភ​ណ្ឌ ម្ចាស់​មេដាយមាស​ពិភពលោក​នៅ​ថៃ កាលពីពេល​កន្លងទៅ ចោទប្រកាន់ថា ក្រសួង​ផ្តល់​ថវិកា​លើកទឹកចិត្ត​ដល់​រូបគេ​មិន​គ្រប់គ្រាន់​។ សុភ​ណ្ឌ ដែល​រំពឹង​ទទួលបាន​ថវិកា​លើកទឹកចិត្ត​១២០​លាន​រៀល​ដូច​បងប្រុស​ខ្លួន​កីឡាករ សំបូរ ណាន ទទួល​បានតែ​២០​លាន​រៀល​តែប៉ុណ្ណោះ​។ កត្តា​នេះហើយ ដែល​ធ្វើ​ឲ្យ​រូបគេ​កើត​ទុក​មិន​សុខចិត្ត ស្នើសុំ​ការអន្តរាគមន៍​ពី​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​។​



ពាក់ព័ន្ធ​បញ្ហា​នេះ លោក អ៊ុក សិទ្ធិ​ជាតិ បាន​បកស្រាយ​ដោយ​យោងតាម​ប្រកាស​អន្តរក្រសួង​ស្តីពី​គោលការណ៍​សម្រាប់​ប្រមូលផ្តុំ​ហ្វឹកហាត់​ក្រុម​ជម្រើសជាតិ និង​ការប្រកួត​លក្ខណៈ​អន្តរជាតិ​ផ្លូវការ​ប្រចាំឆ្នាំ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​៧ កក្កដា ឆ្នាំ​២០១៥ ថា ម្ចាស់​មេដាយមាស​ប្រចាំការ​ប្រកួត​ជើងឯក​ពិភពលោក​(World Championship)​ទទួលបាន​ថវិកា​លើកទឹកចិត្ត​២០​លាន​រៀល​, ប្រាក់​១៦​លាន​រៀល និង​សំរឹទ្ធ​១៣​លាន​រៀល​។​
 
​ប៉ុន្តែ​បើសិន​ក្រសួង​អប់រំ​យុវជន និង​កីឡា​រួមជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ​ដាក់សំណើរ​ពិសេស​ទៅកាន់​រាជរដ្ឋាភិបាល ហើយ​រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​«​ស្តីពី​ការផ្តល់​ប្រាក់រង្វាន់​ចំពោះ​ជ័យលាភី និង​ប្រាក់ឧបត្ថម្ភ​ចំពោះ​គ្រូបង្វឹក​ក្នុងការ​ប្រកួត​កីឡា​ជា​លក្ខណៈ​អន្តរជាតិ​» នោះ​មេដាយ​ជើងឯក​ពិភពលោក នឹងមាន​តម្លៃ​ស្មើ​មេដាយ​កីឡា​អូឡាំពិក​។ ក្នុងនោះ​មេដាយមាស​ទទួលបាន​១២០​លាន​រៀល​, មេដាយប្រាក់​៨០​លាន​រៀល និង​សំរឹទ្ធ​៦៤​លាន​រៀល​។ 
 
​ដូច​ករណី​កីឡាករ សំបូរ សុភ​ណ្ឌ ប្រសិនបើ​ទទួលបាន​អនុក្រឹត្យ​ពី​រាជរដ្ឋាភិបាល ក្រោយ​ការស្នើសុំ​របស់​ក្រសួង​ពាក់ព័ន្ធ រូបគេ​នឹង​ទទួលបាន​១២០​លាន​រៀល​។ ប៉ុន្តែ​បើ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​រួមជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​មិន​ស្នើសុំ​គោលការណ៍​ពិសេស​នោះទេ សុ​ភណ្ឌ​ទទួលបាន​២០​លាន​រៀល តាម​ការប្រកាស​អន្តរក្រសួង​ឆ្នាំ​២០១៥ ប៉ុណ្ណោះ​៕   
 

Tag:
 កាយ​វប្បកម្ម​
  អ៊ុក សិទ្ធិ​ជាតិ​
  សំបូរ សុភ​ណ្ឌ​
© រក្សាសិទ្ធិដោយ thmeythmey.com