ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អត្ថប្រយោជន៍​ដ៏​ប្រសើរ​នៃ​ការទទួល​ទាន “​ល្ងខ្មៅ​” ចំពោះ​សុខភាព​
20, Mar 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ល្ងខ្មៅ ជា​គ្រាប់ពូជ​មួយ​ប្រភេទ​ដែល​មិន​ត្រឹម​តែមាន​រសជាតិ​ឆ្ងាញ់​ក្លិន​ឈ្ងុយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ផ្ដល់​អត្ថប្រយោជន៍​គួរឱ្យ​ផ្អើល​ផ្សេងៗ​ចំពោះ​សុខភាព​ផងដែរ​។ ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ស្គាល់ និង​ធ្លាប់​ទទួលទាន​គ្រាប់​ល្ងខ្មៅ ប៉ុន្តែ​ប្រហែលជា​មិន​ចាប់អារម្មណ៍​ដឹង​ទេ​ថា គ្រាប់ពូជ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​សំខាន់ៗ រួមទាំង​សារធាតុ​មេឡានីន និង sesamin ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​រាងកាយ​ល្អប្រសើរ​ច្រើនជាង​គ្រាប់ល្ង​ធម្មតា​។



ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​គួរ​ទទួលទាន​គ្រាប់​ល្ងខ្មៅ ៖

១. ព្យាបាល​ទប់ស្កាត់​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​
 
​ល្ងខ្មៅ ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក​ដែល​ជួយ​បង្កើន​ការផលិត​គ្រាប់​ឈាមក្រហម​ក្នុង​រាងកាយ​។ ដូច្នេះហើយ​ទើប​គ្រាប់​ល្ងខ្មៅ​ត្រូវបាន​គេ​ណែនាំ​សម្រាប់​អ្នកជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​។​
 
២. ប្រយុទ្ធប្រឆាំង​ភាព​ចាស់​
 
​ល្ងខ្មៅ មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក និង​វីតាមីន B ដែល​ជួយ​ទប់ស្កាត់​បញ្ហា​ទាក់ទង​នឹង​ការ​ស្ដាប់​, សក់ស្កូវ​មុន​វ័យ និង​ការចងចាំ​ចុះខ្សោយ​។​
 
៣. សុខភាព​ឆ្អឹង​
 
​គ្រាប់ល្ង ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​, ផូស្វ័រ និង​កាល់ស្យូម​ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ឆ្អឹង​រឹងមាំ​។​
 
៤. សុខភាព​បេះដូង​
 
​ក៏​ព្រោះតែ​បរិមាណ​ខ្ពស់​នៃ​សារធាតុ sesamolin និង sesamin ដែលមាន​ផ្ទុក គ្រាប់ល្ង​ជួយ​កាត់បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​បាន​យ៉ាង​ប្រសើរ​។ លើសពីនេះទៅទៀត ល្ងខ្មៅ ក៏មាន​ផ្ទុក​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ដែល​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ផងដែរ​។ សម្ពាធ​ឈាម​ធម្មតា រួមជាមួយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ប្រក្រតី​នឹងធ្វើ​ឱ្យ​អ្នក​ជៀស​ផុតពី​បញ្ហា​បេះដូង​ផ្សេងៗ​គួរឱ្យកត់សម្គាល់​។​
 
៥. ទប់ស្កាត់​ជំងឺហឺត​
 
​បរិមាណ​នៃ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​ក្នុង​គ្រាប់​ល្ងខ្មៅ​ជួយ​ទប់ស្កាត់​ការ​កន្ត្រាក់​សាច់ដុំ​ផ្លូវដង្ហើម​ចំពោះ​អ្នក​ជំងឺហឺត​។​
 
៦. ទប់ស្កាត់​ជំងឺមហារីក​
 
​ល្ងខ្មៅ មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ phytosterols, អាស៊ីត phytic និង​ម៉ាញ៉េ​ស្យូ​ម ដែល​ជួយ​ទប់ស្កាត់​ប្រយុទ្ធប្រឆាំង​ជំងឺមហារីក​បាន​យ៉ាង​ប្រសើរ​។​
 
៧. ការពារ​ថ្លើម​
 
​គ្រាប់​ល្ងខ្មៅ មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ការពារ​ថ្លើម​ពី​ការបំផ្លាញ និង​រក្សា​ដំណើរការ​មុខងារ​នៃ​ថ្លើម​ល្អប្រសើរ​។​
 
៨. បំបាត់​បញ្ហា​ពិបាក​រំលាយ​អាហារ និង​ទល់លាមក​
 
​នោះ​ក៏​ព្រោះតែ​ល្ងខ្មៅ​មាន​ផ្ទុក​ជាតិ​ប្រេង​ធម្មជាតិ​ដែល​ជួយ​សម្រួល​ដល់​ពោះវៀន​។ លើសពីនេះទៅទៀត ល្ងខ្មៅ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស​សៃ​ដែល​ជួយ​ទប់ស្កាត់ និង​ព្យាបាល​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com