ជាតិ
សង្គមជាតិ
លោក ជា សុផារ៉ា បង្កើត​ក្រុមការងារ​ស្រាវជ្រាវ​ករណី​ទំនាស់​ដីធ្លី​ក្នុង​ខេត្ត​ព្រះសីហនុ​
10, Mar 2019 , 4:59 pm        
រូបភាព
​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បានសម្រេច​បង្កើត​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ និង​ស្រាវជ្រាវ​ករណី​វិវាទ​ដីធ្លី ស្ថិតក្នុង​តំបន់​ពយ​ម៉ា​ចូ​វ និង តំបន់​ព្រែក​ទឹកសាប​ក្បាលឆាយ ខេត្ត​ព្រះសីហនុ​។ ក្នុងនោះ​មាន​ពាក់ព័ន្ធ​ជាមួយនឹង​សាល​ដីស​ម្រេច​របស់​តុលាការ​កំពូល​ផងដែរ​។ នេះ​បើ​យោងតាម​សេចក្តីសម្រេច​មួយ​ដោយ​ក្រសួង​ដែនដី កាលពី​ថ្ងៃទី​៧ ខែ​មិនា ឆ្នាំ​២០១៩​។

 
​រដ្ឋមន្ត្រីក្រសួង​ដែនដី​រូបនេះ បានផ្ដល់​សិទ្ធិ​ដល់​ក្រុមការងារ​មានលទ្ធភាព​ពិនិត្យ​ស្ថានភាព​វិវាត​ដីធ្លី​ពាក់ព័ន្ធ​នឹង​សាលដីការ​លេខ​៣៤៨​ឈ ចុះ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧​របស់​តុលាការ​កំពូល ដែល​ស្ថិ​ន​នៅ​ភូមិ គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ កំណត់​អត្តសញ្ញាណ​កម្ម​ដី និង អត្តសញ្ញាណ​កម្ម ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ដី ដែល​រាជរដ្ឋាភិបាល​បាន​កាត់​ចេញពី​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ព្រែក​ទឹកសាប​ក្បាលឆាយ ស្ថិតនៅ​ភូមិ​១ សង្កាត់​២ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។ សហការ​ជាមួយ​អាជ្ញាធរ​ដែនដី រដ្ឋបាលខេត្ត​ព្រះសីហនុ និង ស្ថាប័ន​ពាក់ព័ន្ធ ពិនិត្យ​ស្រាវជ្រាវ​ករណី​វិវាទ​ដីធ្លី​ខាងលើ​។ 
 
​ក្រុមការងារ​មាន​សមាជិក ១២​រូប ដែលមាន​លោក សៀក វណ្ណា អនុរដ្ឋលេខាធិការ ជា​ប្រធាន និង លោក ឡោ ដា​វុ​ធ អគ្គនាយក​នៃ​អគ្គ​បា​យក​ដ្ឋា​ន​សុរិយោដី​និង ភូមិសាស្ត្រ ជា​អនុប្រធាន និង​រួមទាំង​សមាជិក ៩​រូប​។​
 
​គួររម្លឹកថា កាលពី​ថ្ងៃទី​៥ ខែ មីនា ឆ្នាំ​២០១៩ កន្លងទៅនេះ តុលាការ​កំពូល​ក៏បាន​ចេញមុខ​បកស្រាយ​ជុំវិញ​ការសម្រេច​របស់ខ្លួន បានសម្រេច​សេចក្តី​អំពី​អត្ថិភាព ឬ​នត្ថិភាព​នៃ​សិទ្ធិ​របស់​ភាគី​លើដី​ទំនាស់ ដោយ​ផ្អែកលើ​អង្គហេតុ ភស្តុតាង និង​អង្គច្បាប់​ច្បាស់លាស់​។ តុលាការ​កំពូល​ក​ក៏បាន​ចាត់ទុក​ពាក្យសម្តី​របស់​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក ដែល​បានលើកឡើង​ពី​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ ថា​ជាការ​ញុះញង់ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់​ជំនឿ​ចិត្ត​លើ​សេចក្តីសម្រេច​របស់​តុលាការ​ផងដែរ​។ 
 
​កាលពី​ថ្ងៃទី​២៨ កុម្ភៈ ប្រមុខ​រដ្ឋាភិបាល ក៏​ចេញ​លិខិត ដក​អភិបាលរង​ខេត្ត​ពីររូប​គឺ​លោក ផៃ ប៊ុន​វណ្ណៈ និង លោក ស្រ៊ុន ស្រ៊ន់ ដែលជា​អ្នកទទួល​បញ្ជា​ចុះទៅ​អន​វុត្ត​ដីកា​របស់​តុលាការ​កំពូល ដែល​សម្រេច​ឲ្យ​ឧកញ៉ា​ម្នាក់​ឈ្នះក្តី​លើ​ប្រជាពលរដ្ឋ នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាង ស្រុក ព្រៃនប់​ខេត្ត​ព្រះសីហនុ​។ ការដកតំណែង​អភិបាលរង​ទាំងពីរ​រូបនេះ ក្រោយពី​មានការ​អន្តរាគមន៍ ហើយ​ផ្ទុះ​អំពើហិង្សា​រវាង​កម្លាំង​សមត្ថកិច្ច និង ប្រជាពលរដ្ឋ​ប្រមាណ​២០០​នាក់ ដែល​នាំគ្នា​ទៅ​តវ៉ា​នឹង​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com