ជាតិ
សេដ្ឋកិច្ច
សហគ្រាស​ធុន​តូច និង​មធ្យម នាំ​ផល​ចំណូល​ជាង​៩៤​ពាន់​លាន​ដុល្លារ គិតត្រឹម​ឆ្នាំ​២០១៨
10, Mar 2019 , 7:39 pm        
រូបភាព
រូបថត AFP
រូបថត AFP
​ភ្នំពេញ​៖ សហគ្រាស​ធុន​តូច​និង​មធ្យម មាន​តួនាទី​សំខាន់​ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ដោយ​បង្កើត​ការងារ មុខជំនាញ និង​ការច្នៃប្រឌិត​បច្ចេកវិទ្យា​ថ្មី​។ ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ចាត់ទុក​វិស័យ​ឯកជន គឺជា​ក្បាលម៉ាស៊ីន​នៃ​កំណើនសេដ្ឋកិច្ច​។

 
​ក្រសួង​ឧស្សាហកម្ម បាន​បញ្ជាក់ថា សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម ដែលមាន​ការកើនឡើង​យ៉ាង​សម្បូរបែប​ជា​រៀងរាល់ឆ្នាំ បាន​ជំរុញ​ដល់​ពិពិធ​កម្ម​សេដ្ឋកិច្ច ដែល​បាន​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​ចតុកោណ​រដ្ឋាភិបាល​។ ដោយសារ​ចំណុច​នេះហើយ ទើប​តម្រូវ​ឲ្យ​ក្រសួង​បន្ត​អនុវត្ត​យន្តការ​នានា ឲ្យ​មាន​ប្រសិទ្ធភាព​កន្លងមក​។​
 
​គិត​ត្រឹម​ឆ្នាំ​២០១៨  សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម មាន​ចំនួន​សរុប​ប្រមាណ ៥១៥, ៦៣០ មូលដ្ឋាន​។ ក្នុងនោះ​មាន​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​ផ្នែក​កម្មន្តសាល​មាន​ចំនួន ១៥៦, ៨៥៣ មូលដ្ឋាន ដែល​ប្រើប្រាស់​ទុន​សរុប​សម្រាប់​វិនិយោគ​ម្រ​មាណ ៤,៨០៣,៤៩៣,០០០ ដុល្លារ នឹង​បាន​នាំ​ផលរបរ​ប្រចាំឆ្នាំ​ប្រមាណ ៩៤, ២៧៧, ២៤៤,៧៨០ ដុល្លារ​។ នេះ​បើ​យោងតាម​របាយការណ៍​បូកសរុប​ការងារ​របស់​ក្រសួង​ឧស្សាហកម្ម​ក្នុង​ឆ្នាំ​២០១៨​។ 
 
​តាម​របាយការណ៍​ក្រសួង​ឧស្សាហកម្ម បាន​បង្ហាញថា ៖«​សហគ្រាស​ធុន​មធ្យម​មាន​ប្រមាណ ១,៤២៤ មូល​ដ្នា​ន មាន​ទំហំ​ទុនវិនិយោគ​ប្រមាណ ៥១៣,៤៩៨,០០០ ដុល្លារ ដែល​ទទួលបាន​ផល​ចំណូល​ប្រចាំឆ្នាំ​ប្រមាណ ៣,១២៣,២៥៨,១២៥ ដុល្លារ បាន​បង្កើត​ការងារ​ចំនួន ១៣៧, ១៤៧ កន្លែង​។ សហគ្រាស​ធុន​តូច​មាន​ម្រ​មាណ ១៤,៦៩២ មូលដ្ឋាន មាន​ទំហំ​ទុនវិនិយោគ​ប្រមាណ ២,១៧០,២០០,០០០ ដុល្លារ ហើយ​ទទួលបាន​ផល​ចំណូល​ប្រចាំឆ្នាំ​ប្រមាណ ១៦,៦៧៥,១៧២,៤៤៤ ដុល្លារ បាន​បង្កើត​ការងារ ៤៨៩,៥៨៧ កន្លែង​។ សិប្បកម្ម​មាន​ប្រមាណ ១៤០, ៨៩៧ មូលដ្ឋាន ទំហំ​ទុនវិនិយោគ​២,១១៩,៧៩៥,៦៣៧ ដុល្លារ ទទួលផល​ចំណូល​ប្រចាំឆ្នាំ​ប្រមាណ ៧៣,៧៨៧,៩៣០,២៩៧ ដុល្លារ បង្កើត​ការងារ​ចំនួន ៤៩៦,៥៩៩ កន្លែង​»​។ 
 
​ត្រង់ចំណុច​នេះ​ក្រសួង បាន​អះអាងថា ខ្លួន​បាន​ធានា​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​សហគ្រាស​ទាំង​នោះ តាមរយៈ​ការជំរុញ​ការងារ​កសាង​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត និង​ការងារ​គ្រប់គ្រង​ទិន្នន័យ​ពាក់ព័ន្ធ​នានា​។ បន្ថែម​ពីនេះ ក្រសួង​ក៏បាន​រៀបចំ និង​ដំណើរការ​ធនាគារ​សហ​គ្រាស​ធុន​តូច និង​មធ្យម ដែលជា​យន្តការ​សម្រាប់​ដោះស្រាយ​បញ្ហា​របស់​ផ្នែក​ឯកជន ដែល​ពាក់ព័ន្ធ​និង​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​ផងដែរ​៕
 

Tag:
 SME
  សហគ្រាស
© រក្សាសិទ្ធិដោយ thmeythmey.com