កីឡាជាតិ
ជាតិ
សូ​ហ្វ​តិ​ន្នី​សនឹង​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​នៅ​ជប៉ុន​៦​ខែ ដើម្បី​ត្រៀម​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​
10, Mar 2019 , 5:30 pm        
រូបភាព
លោក ជា ប៊ុនហេង (កណ្តាល)អនុប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា
លោក ជា ប៊ុនហេង (កណ្តាល)អនុប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា
ដោយ:
​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា នឹង​បញ្ជូន​កីឡាករ​កីឡាការិនី​ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅ​ប្រទេស​ជប៉ុន​៦​ខែ ដើម្បី​ត្រៀម​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ប្រទេស​ហ្វីលីពីន នា​ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ​។ ព្រោះ​សហព័ន្ធ​យល់ថា ការហ្វឹកហាត់​ក្រៅប្រទេស​អាចជួយ​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​កីឡាករ​ប្រសើរ​ជាង​ការហ្វឹកហាត់​ក្នុងប្រទេស​។ ក្រៅពី​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន សហព័ន្ធ​ក៏​ត្រៀម​រៀបចំ និង​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​ធំៗ​ជាច្រើន​ទៀតផង​ដែរ​នៅក្នុង​ឆ្នាំ​២០១៩​នេះ​។

 
​នៅ​ចុងខែ​មេសា ឆ្នាំ​២០១៩ ខាងមុខនេះ សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា នឹង​បញ្ជូន​កីឡាករ​កីឡាការិនី​យ៉ាងតិច​ចំនួន​៧​រូប ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​នៅ​ប្រទេស​ជប៉ុន​រយៈពេល​៦​ខែ​។ ការ​បញ្ជូនទៅ​ហ្វឹកហាត់​នៅ​ជប៉ុន​លើក​នេះ គឺ​ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ប្រទេស​ហ្វីលីពីន ដែល​រៀបចំ​ចន្លោះ​ពីថ្ងៃ​ទី​៣០ វិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩​។  
 
«​ខ្ញុំ​គិតថា តាំងពី​ពេលនេះ​រហូតដល់​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​យើង​នឹង​រីកចម្រើន​ខ្លាំង ព្រោះ​បន្ទាប់ពី​ចូលឆ្នាំ​ខ្មែរ​នៅ​ចុងខែ​៤ យើង​នឹង​បញ្ជូន​កីឡាករ​កីឡាការិនី​យ៉ាងតិច​៧​រូប​ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅ​ជប៉ុន​រយៈពេល​៦​ខែ​»​។ ការលើកឡើង​បែបនេះ របស់លោក ជា ប៊ុនហេង អនុប្រធាន​ទី​១​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា ធ្វើឡើង​ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៩ កាលពី​ថ្ងៃទី​៩ មីនា នៅ​ទីលាន​សូ​ហ្វ​តិ​ន្នី​ស​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។​
 
​ទោះបី​ការប្រមូលផ្តុំ​ហ្វឹ​កាហាត់​ក្រុម​ជម្រើសជាតិ​បាន​រំសាយ​តាំងពី​ខែតុលា ឆ្នាំ​២០១៨ ក៏ដោយ ប៉ុន្តែ​ក្រុម​អត្ត​ព​លិ​ក​កីឡា​សូ​ហ្វ​តិ​ន្នី​ស​មិនបាន​ផ្អាក​ការហ្វឹកហាត់​តាម​ការរំសាយ​នេះឡើយ​។ ពោលគឺ​ពួកគេ​បាន​បន្ត​ការហ្វឹកហាត់​ធម្មតា ក្រោម​ការចំណាយ​របស់​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស ដែលមាន​សម្តេច ស ខេង ជា​ប្រធាន និង​ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​។​
 
​តែ​យ៉ាងណា លោក ជា ប៊ុនហេង សង្កេតឃើញថា ការហ្វឹកហាត់​ក្នុងស្រុក​ជួយ​ឲ្យ​សមត្ថភាព​របស់​កីឡាករ​កីឡាការិនី​រីកចម្រើន​ត្រឹម​កម្រិត​បង្គួរ​តែប៉ុណ្ណោះ មិនអាច​ជួយ​ឲ្យ​ពួកគេ​ឈានដល់​កម្រិត​កំពូល​នោះទេ​។ កត្តា​នេះហើយ ដែល​ជំរុញ​ឲ្យ​សហព័ន្ធ ត្រូវបញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស​។ សម្រាប់​ការហ្វឹកហាត់​នៅ​ជប៉ុន ការចំណាយ​ជា​បន្ទុក​របស់​សហព័ន្ធ​។ 
 
​ក្រៅពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស ក៏​ត្រៀម​រៀបចំ និង​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​ធំៗ​កម្រិត​តំបន់​និង​ពិភពលោក​៤​ផ្សេងទៀត​ផងដែរ​។ នៅ​ខែសីហា ឆ្នាំ​២០១៩ ខាងមុខ កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍ SEA Championship ដែលមាន​ប្រទេស​ចូលរួម​ចំនួន​៧​។ បន្ថែម​លើ​នេះ សហព័ន្ធ​នឹង​បញ្ជូន​កីឡាករ​ទៅ​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ចិន ជើងឯក​យុវជន​អាស៊ី​នៅ​ហ្វីលីពីន និង​ជើងឯក​កម្រិត​សាកលវិទ្យាល័យ​នៅ​ហ្វីលីពីន​។ 
 
​សម្រាប់​ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៩ ក្លិប​ក្រសួងមហាផ្ទៃ​បាន​ឈរ​ចំណាត់ថ្នាក់​លេខ​១ ក្រោយ​ដណ្តើមបាន​មេដាយមាស​៤ ប្រាក់​៤ និង​សំរឹទ្ធ​៩ ខណៈ​ក្រសួងការពារជាតិ​ឈរ​លេខ​២ ក្រោយ​ឈ្នះ​មេដាយមាស​២ ប្រាក់​៣ រីឯ​អគ្គស្នងការ​នគរបាល​ជាតិ​ឈរ​លេខ​៣ បន្ទាប់​ឈ្នះ​មេដាយមាស​២ ប្រាក់​១ និង​សំរឹទ្ធ​៤​។ ក្រៅពីនេះ ខេត្តកំពង់ស្ពឺ​បាន​មេដាយមាស​១ និង​សំរឹទ្ធ​១, កំពង់ឆ្នាំង ប្រាក់​១ និង​សំរឹទ្ធ​២ និង​ខេត្តព្រៃវែង សំរឹទ្ធ​១​។ 
 
​ការប្រកួត​ឆ្នាំនេះ​មាន​កីឡាករ​កីឡាការិនី​ចំនួន​៨០​នាក់​មកពី​៧​ក្លិប​-​សមាគម​ចូលរួម​ដូចជា​ក្រសួងមហាផ្ទៃ អគ្គស្នងការ​នគរបាល​ជាតិ ក្រសួងការពារជាតិ អង្គការ​មិត្តសម្លាញ់ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និង​ខេត្តព្រៃវែង​៕ 
 

Tag:
 សូ​ហ្វ​តិ​ន្នី​ស​
  ជា ប៊ុនហេង​
  SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com