កីឡាជាតិ
ជាតិ
ប្រធាន​ក្លិប​បឹងកេត លោកស្រី ពុធ ធីតា ក្លាយជា​សមាជិក​ប្រតិបត្តិ FFC
11, Mar 2019 , 1:58 pm        
រូបភាព
លោកស្រី ពុធ ធីតា ប្រធានក្លិប​បឹងកេត ក្លាយជាសមាជិកប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់​កម្ពុជា។ រូបថត FFC
លោកស្រី ពុធ ធីតា ប្រធានក្លិប​បឹងកេត ក្លាយជាសមាជិកប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់​កម្ពុជា។ រូបថត FFC
ដោយ:
​លោកស្រី ពុធ ធីតា ប្រធាន​ក្លិប​បាល់ទាត់​បឹងកេត បាន​ជាប់ឆ្នោត​ធ្វើជា​សមាជិក​ប្រតិបត្តិ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។ ជាមួយគ្នានេះ លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ដែលជា​សមាជិក​ប្រតិបត្តិ​ផុត​អាណត្តិ ក៏​ត្រូវបាន​បោះឆ្នោត​ឲ្យ​បន្ត​ធ្វើជា​សមាជិក​ប្រតិបត្តិ​របស់​សហព័ន្ធ​ផងដែរ​។​

 
​លោកស្រី ពុធ ធីតា ប្រធាន​ក្លិប​បាល់ទាត់​បឹងកេត និង​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​កីឡា​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ត្រូវបាន​អង្គ​មហាសន្និបាត​បោះឆ្នោត​តែងតាំង​ឲ្យ​ធ្វើជា​សមាជិក​ប្រតិបត្តិ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។ ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ប្រតិបត្តិ​ថ្មី​នេះ បន្ទាប់ពី​សមាជិក​ប្រតិបត្តិ​ពីរ​រួមមាន​លោក អ៊ុក សិទ្ធិ​ជាតិ ផ្ទាល់ និង​លោក ខៀវ ចិន្តា​វ័​ន្ត ត្រូវ ផុត​អាណត្តិ​ត្រឹម​ឆ្នាំ​២០១៩​នេះ​។ 
 
​នា​ពិធី​បោះឆ្នោត​ដែលមាន​លោក ហ៊ុន សាមុត លោក ដួង មាស​ចំរើន និង​លោក ប៉ុន សុខ ជា​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត លោក ស្រី ពុធ ធីតា ទទួលបាន​សំឡេងគាំទ្រ​ចំនួន​២៩​សំឡេង​ក្នុងចំណោម​អ្នកចូលរួម​បោះឆ្នោត​ចំនួន​៣៧​រូប ខណៈ​លោក អ៊ុក សិទ្ធិ​ជាតិ ទទួលបាន​ការគាំទ្រ​ចំនួន​៣២​សំឡេង​។ សម្រាប់​ការបោះឆ្នោត​នេះដែរ មាន​អ្នក​ឈរឈ្មោះ​ចំនួន​៦​រូប​រួមមាន​លោក អ៊ុក សិទ្ធិ​ជាតិ​, លោក ខៀវ ចិន្តា​វ័​ន្ត​, លោក ហុក សុចិ​ត្រា​, លោក អៀង សាក់​នី​ដា​, លោក ចាប សុខ​ម៉េង និង​លោកស្រី ពុធ ធីតា​។ 
 
​ក្នុងនោះ​លោក ខៀវ ចិន្តា​វ័​ន្ត ដែលជា​សមាជិក​ប្រតិបត្តិ​ចាស់​ទទួលបាន​សំឡេងគាំទ្រ​ចំនួន​៣​សំឡេង​, លោក អៀង សាក់​នី​ដា បាន​៦​សំឡេង​, លោក ហុក សុចិ​ត្រា បាន​៤​សំឡេង និង​លោក ចាប សុខ​ម៉េង មិន​ទទួលបាន​សំឡេងគាំទ្រ​នោះទេ​។ ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ប្រតិបត្តិ​ថ្មី​នេះ ធ្វើឡើង​ក្នុង​មហាសន្និបាត​បូកសរុប​ការងារ​ក្នុង​ឆ្នាំ​២០១៨ និង​ដាក់​ទិសដៅ​អនុវត្ត​សម្រាប់​ឆ្នាំ​២០១៩ របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩ នា​សណ្ឋាគារ​ហ្គោ​ដិ​ន​ស៊ី​ធី​៕      

Tag:
 បាល់ទាត់​
  ពុធ ធីតា​
  អ៊ុក សិទ្ធិ​ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com