អន្តរជាតិ
ប្រជាធិបតេយ្យ​នៅ​កូរ៉េខាងជើង​! ការបោះឆ្នោត​ជ្រើសរើស​សមាជិកសភា​ដែល​អ្នកឈ្នះ​ត្រូវ​ដឹង​ជាមុន​
11, Mar 2019 , 2:24 pm        
រូបភាព
លោក គីម ជុងអ៊ុន កំពុងទម្លាក់សន្លឹកឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភា។ (រូបភាព KCNA)
លោក គីម ជុងអ៊ុន កំពុងទម្លាក់សន្លឹកឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភា។ (រូបភាព KCNA)
​កូរ៉េខាងជើង នៅ​ថ្ងៃទី​១០ ខែមីនា បានរៀបចំ​ការបោះឆ្នោត​មួយ​ដើម្បី​ជ្រើសរើស​សមាជិកសភា​អាណត្តិ​ថ្មី​។ ប្រជាជន​កូរ៉េខាងជើង​ស្ទើរ​មួយ​រយភាគរយ​ដែលមាន​សិទ្ធិ​បោះឆ្នោត បាន​ទៅកាន់​ការិយាល័យ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​សមាជិកសភា​ដែល​បេក្ខភាព​ត្រូវបាន​កំណត់​ជាស្រេច​។ ជាជាង​ការអនុវត្ត​តាមបែប​ប្រជាធិបតេយ្យ ការបោះឆ្នោត​នេះ ជាការ​បង្ហាញ​ពី​ការបង្រួបបង្រួម​ជាតិ និង​ការ​ក្ដាប់​អំណាច​កាន់តែ​មាំ​របស់លោក គីម ជុង​អ៊ុន ប៉ុណ្ណោះ​។​

 
​ប្រជាជន​កូរ៉េខាងជើង​ដែលមាន​អាយុ​ចាប់ពី​១៧​ឆ្នាំ​ឡើងទៅ នៅ​ថ្ងៃទី​១០ ខែមីនា បាននាំគ្នា​ទៅ​បោះឆ្នោត​នៅតាម​ការិយាល័យ​នានា​នៅ​ទូទាំង​ដើម្បី​ជ្រើសរើស​សមាជិកសភា​ប្រជាជន​ជាន់ខ្ពស់ ដែលជា​ស្ថាប័ន​នីតិបញ្ញត្តិ​របស់​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​។ ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ភា​ចុងក្រោយ ធ្វើឡើង​កាលពី​ខែមីនា ឆ្នាំ​២០១៤ កន្លងទៅ​។​
 
​ដូច​ការបោះឆ្នោត​នៅ​ប្រទេស​ផ្សេង​ដែរ ដំណើរការ​បោះឆ្នោត​នៅ​កូរ៉េខាងជើង ត្រូវបាន​រៀបចំ​យ៉ាង​យកចិត្តទុកដាក់​ចាប់តាំងពី​ការតម្រង់​ជួរ ការបិទ​ហិប​ឆ្នោត​រហូតដល់​ការត្រួតពិនិត្យ​ការរាប់​សន្លឹកឆ្នោត​ជាដើម​។ អ្វីដែល​ទំនង​ខុសគ្នា​នោះ គឺ​នៅ​កូរ៉េខាងជើង សន្លឹកឆ្នោត​មាន​បេក្ខជន​តែ​ម្នាក់​សម្រាប់​មណ្ឌល​មួយ​ប៉ុណ្ណោះ ហើយ​ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​បក្ស​ពលករ​កូរ៉េ ដែលជា​បក្ស​កាន់អំណាច​។ បេក្ខជន​ទាំងនោះ សុទ្ធតែ​ទទួលបាន​ការគាំទ្រ ហើយ​ជាប់ឆ្នោត​ដោយ​សំឡេង​លើសលប់​។​
 
​តាមពិតទៅ អ្នកបោះឆ្នោត​កូរ៉េខាងជើង ក៏មាន​សិទ្ធិ​បោះឆ្នោត​ប្រឆាំង​បេក្ខជន ប៉ុន្តែ​ការបោះឆ្នោត​បែបនេះ ប្រៀប​ដូច​ទៅនឹង​ការប្រឆាំង​បក្ស​កាន់អំណាច ឬ​ការ​មេដឹកនាំ​កំពូល គីម ជុង​អ៊ុន ដូច្នោះ​ដែរ​។ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA ផ្សាយ​ថា អ្នកបោះឆ្នោត​ទាំងអស់ សុទ្ធតែ​បាន​បំពេញ​កា​ត្វ​កិច្ច​របស់ខ្លួន​នៅ​គ្រប់​ការិយាល័យ​ទូទាំងប្រទេស​។ កាលពី​ឆ្នាំ​២០១៤ អត្រា​អ្នកបោះឆ្នោត​មាន​ដល់​ទៅ​៩៩,៩៧​ភាគរយ​ឯណោះ​។​
 
​ទោះ​បែបបទ​នៃ​ការបោះឆ្នោត​ត្រូវបាន​អនុវត្ត​ក្ដី កង្វះ​ការប្រកួតប្រជែង​ធ្វើ​ឲ្យ​ការបោះឆ្នោត​នៅ​កូរ៉េខាងជើង ប្រៀបដូចជា​ការសំដែង​មួយ​ប៉ុណ្ណោះ​។ ការបោះឆ្នោត​នេះ​ទៀតសោត ក៏​ជាការ​ប្រមូល​អំណាច​ឲ្យ​ប្រមុខ​ដឹកនាំ​វ័យក្មេង​ត្រកូល គីម ផង និង​ជា​យុទ្ធសាស្ត្រ​នយោបាយ​មួយ​ដែល​បង្ហាញថា របប​ដឹកនាំ​កូរ៉េខាងជើង​មានការ​គាំទ្រ​ពី​សំណាក់​ប្រជាជន​របស់ខ្លួន​។ 
 
​លោក គីម ដែល​មេដឹកនាំ​កូរ៉េខាងជើង​ជំនា​ន់ទី​បី ក៏​ជា​បេក្ខជន​មួយ​ដែរ​សម្រាប់​ការបោះឆ្នោត​លើក​នេះ​។ ទោះជា​លទ្ធផល​មិនទាន់​ប្រកាស គេ​ដឹង​មុន​ជាស្រេច​ថា លោក​នឹង​ទទួលបាន​ការគាំទ្រ​១០០​ភាគរយ​តែម្ដង​។ កាលពី​ការបោះឆ្នោត​លើ​មុន​ដែលមាន​មណ្ឌល​ទាំងអស់​៦៨៦ លោក គីម ទទួលបាន​គាំទ្រ​ជា​ឯកច្ឆន្ទ ហើយ​មណ្ឌល​របស់លោក មាន​អ្នក​ទៅ​បោះឆ្នោត​១០០​ភាគរយ​ទៀតផង​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ 
 
​អ្វី​គួរកត់សម្គាល់​នោះ បក្ស​កាន់អំណាច​ក៏បាន​ចែករំលែក​អ​សន​សភា​ខ្លះទៅ​ឲ្យ​បក្ស​ដទៃ​ដែរ​។ បក្សនយោបាយ​តូចៗ​ចំនួន​ពីរ​ទៀត​មាន បក្ស​សង្គម​ប្រជាធិបតេយ្យ​កូរ៉េ និង​បក្ស Chongdu បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​នេះដែរ ប៉ុន្តែ​បក្ស​ទាំងពីរ​នេះ​បាន​ចងសម្ព័ន្ធភាព​ជាមួយ​បក្ស​កាន់អំណាច ហើយ​គ្មាន​សកម្មភាព​នយោបាយ​អ្វី​ក្នុង​រដ្ឋ​កុម្មុយនីស្ត​នៅ​អាស៊ី​បូព៌ា​មួយ​នេះឡើយ​៕ 

Tag:
 កូរ៉េខាងជើង​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com