អន្តរជាតិ
កូរ៉េខាងជើងបាញ់មីស៊ីលជាថ្មី? ទីប្រឹក្សាលោក ត្រាំ ថា អាមេរិកមើលកូរ៉េខាងជើងមិនធ្មេចភ្នែកឡើយ
× សកម្មភាពថ្មីៗនេះរបស់កូរ៉េខាងជើង កំពុងបង្កឲ្យមានការសង្ស័យថា រដ្ឋកុម្មុយនីស្តមួយនេះទំនងជាបាញ់មីស៊ីល ឬផ្កាយរណបឡើងវិញ បន្ទាប់ពីអាក់ខានយូរគួរសមរួចមក។ សកម្មភាពថ្មីៗនេះ កើតឡើងបន្ទាប់ពីជំនួបបរាជ័យរវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើងនៅឯវៀតណាម។ អាមេរិកឯណោះវិញ កំពុងតាមដានសកម្មភាពរបស់កូរ៉េខាងជើងយ៉ាងយកចិត្តទុកបំផុត តែមិនទាន់ច្បាស់ថា ព័ត៌មានទាក់ទងកូរ៉េខាងជើងជារឿងពិតឬយ៉ាងណាឡើយ។
ក្រោយជំនួបគ្មានផ្លែផ្កានៅហាណូយ កូរ៉េខាងជើងហាក់ដើរទៅរកដានចាស់របស់ខ្លួនវិញ។ កាលពីសប្ដាហ៍មុន ស្ថាប័នស្រាវជ្រាវអាមេរិកដល់ទៅបី បានបង្ហាញរូបភាពពីសកម្មភាពថ្មីៗរបស់កូរ៉េខាងជើងនៅទីតាំងមីស៊ីលចំនួនពីរកន្លែង។ គេឃើញមានសកម្មភាពនៅឯរោងចក្រ Sanumdong ដែលផលិតមីស៊ីលបាលីស្ទិកឆ្លងទ្វីបនាពេលកន្លងមក និងនៅឯស្ថានីយ៍បាញ់មីស៊ីល Sohae ដែលស្ថិតក្នុងទីតាំង Dongachang-ri ជាទីដែលការបាញ់មីស៊ីលជាត្រូវបានអនុវត្តជាច្រើនលើក។
ចំណែកអាមេរិកវិញ ដែលកំពុងខកចិត្តនឹងបរាជ័យនៃជំនួបនៅវៀតណាម មិនទាន់និយាយអ្វីច្រើនឡើយជុំវិញសកម្មភាពរបស់កូរ៉េខាងជើង តែបានតាមដានសកម្មភាពរបស់ប្រទេសនេះមិនដាច់ឡើយ។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ចន ប៊ូលតុន និយាយនៅថ្ងៃទី១០ ខែមីនា ថា នៅកូរ៉េខាងជើងតែងមានសកម្មភាពច្រើនគ្រប់ពេល ប៉ុន្តែលោកនឹងមិននិយាយអ្វីពាក់ព័ន្ធរូបភាពផ្កាយរណបពាណិជ្ជកម្មនោះឡើយ។
ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ ABC News ទីប្រឹក្សាសន្តិសុខដែលមានជំហររឹងត្អឹងរូបនេះបញ្ជាក់ថា អាមេរិកឃើញពីអ្វីដែលកូរ៉េខាងជើងកំពុងធ្វើ ព្រោះអាមេរិកតាមដានដោយមិនធ្មេចឡើយ ហើយអាមេរិកក៏មិនមានការភាន់ភាំងពីសមត្ថភាពរបស់កូរ៉េខាងជើងដែរ។ ជុំវិញបញ្ហានេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ធ្លាប់និយាយហើយថា លោកនឹងខកចិត្តខ្លាំង បើកូរ៉េខាងជើងចាប់ផ្ដើមបាញ់មីស៊ីលឡើងវិញមែននោះ។
ទោះជាយ៉ាងណា ព័ត៌មានពីសកម្មភាពថ្មីៗរបស់ក្រុងព្យុងយ៉ាង ពិតជាធ្វើឲ្យក្រុងវ៉ាស៊ីនតោនកាន់តែមិនស្រួលក្នុងចិត្តកាន់តែខ្លាំង បន្ថែមពីលើការជាប់គាំងក្នុងដំណើរការរំសាយនុយក្លេអ៊ែរដែលព្រមព្រៀងគ្នារួចហើយតាំងពីជំនួបមេដឹកនាំនៅសិង្ហបុរីកាលពីឆ្នាំ២០១៨ មកនោះ។ តាមពិតទៅ គេរំពឹងថា ជំនួបលើកទីពីរនៅវៀតណាម អាចនឹងដំណោះស្រាយលើបញ្ហានេះ តែចុងក្រោយក្ដីសង្ឃឹមនៅតែអសារបង់ដដែល។
ក្នុងករណីក្រុងព្យុងយ៉ាងបាញ់មីស៊ីលមែននោះ ក្រុងវ៉ាស៊ីនតោនប្រាកដជាមិននៅស្ងៀមឡើយ ហើយទណ្ឌកម្មអាចនឹងធ្លាក់លើរបបដឹកនាំផ្ដាច់ការមួយនេះកាន់តែច្រើនទៀត។ បច្ចុប្បន្ននេះ អាមេរិកនៅតែបន្តដាក់សម្ពាធលើកូរ៉េខាងជើងដដែល ទោះជាកូរ៉េខាងជើងស្នើឲ្យមានការលើកលែងខ្លះជាថ្នូរនឹងការអនុវត្តដំណើរការរំសាយនុយក្លេអ៊ែររបស់ខ្លួន៕
Tag:
កូរ៉េខាងជើង
អាមេរិក
ចន ប៊ូលតុន
© រក្សាសិទ្ធិដោយ thmeythmey.com