អន្តរជាតិ
ម៉ាឡេស៊ី ដោះលែងស្ត្រីសង្ស័យឥណ្ឌូណេស៊ីក្នុងសំណុំរឿងឃាតកម្មបងប្រុសមេដឹកនាំកូរ៉េខាងជើង ស្រ្តីឥណ្ឌូណេស៊ីដែលជាប់សង្ស័យ ត្រូវបានដោះលែងឲ្យមានសរីភាព។ (រូបភាព AFP)
× តុលាការម៉ាឡេស៊ី នៅថ្ងៃទី១១ ខែមីនា បានសម្រេចដោះលែងស្ត្រីឥណ្ឌូណេស៊ីម្នាក់ដែលរងការចោទប្រកាន់ក្នុងសំណុំរឿងឃាតកម្មលើបងប្រុសមេដឹកនាំកូរ៉េខាងជើងកាលពីពីរឆ្នាំមុន។ ការដោះលែងស្ត្រីឈ្មោះ Siti Aisyah នេះ ធ្វើឡើងបន្ទាប់ពីរាជអាជ្ញាម៉ាឡេស៊ី បានទម្លាក់បទលើករណីឃាតកម្មរួចមក។ នេះ ជាការសម្រេចចិត្តដ៏ភ្ញាក់ផ្អើលក្នុងសំណុំរឿងឃាតកម្មដ៏កក្រើកមួយនេះ និងធ្វើឲ្យទំនាក់ទំនងម៉ាឡេស៊ី និងកូរ៉េខាងជើងដុនដាប។
ស្ត្រីឥណ្ឌូណេស៊ី Siti Aisyah បានបង្ហាញទឹកមុខស្រស់ស្រាយពេលចាកចេញពីតុលាការ ក្រោយត្រូវបានដោះលែងឲ្យមានសេរីភាព។ ស្ត្រីវ័យ២៦ឆ្នាំរូបនេះ ជាសង្ស័យម្នាក់ក្នុងចំណោមពីរនាក់ ដែលរងការចោទប្រកាន់ពីបទឃាតកម្មលើលោក គីម ជុងណាម បងប្រុសម្ដាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន កាលពីឆ្នាំ២០១៦ នៅព្រលានយន្តហោះទីក្រុងគួឡាឡាំពួ។
ក្នុងសវនាការថ្ងៃទី១១ ខែមីនា ចៅក្រមម៉ាឡេស៊ី Azmin Ariffin បានយល់ព្រមតាមសំណើរបស់រាជអាជ្ញា Muhammad Iskandar Ahmad ដែលចង់ឲ្យមានការដោះលែងស្ត្រី Aisyah ។ យ៉ាងណាមិញ លោករាជអាជ្ញារូបនេះមិនបានបញ្ជាក់ហេតុផលអ្វីនៅពីក្រោយសំណើរបស់លោកឡើយ។ ក្នុងសន្និសីទសារព័ត៌មានក្រោយត្រូវបានដោះលែង ស្ត្រីឥណ្ឌូណេស៊ីរូបនេះនិយាយថា រូបនាងពិតជារីករាយ ហើយមិនរំពឹងថា ត្រូវបានដោះលែងឡើយ។
មកទល់ពេលនេះ នៅមានជនសង្ស័យម្នាក់ទៀតដែលស្ថិតក្រោមការឃុំខ្លួន។ ស្ត្រីវៀតណាមឈ្មោះ Doan Thi Huong បានយំខ្សឹកខ្សួលក្នុងបន្ទប់សវនាការ ពេលឮតុលាការប្រកាសដោះលែងស្ត្រីឥណ្ឌូណេស៊ី។ បើតាមទីភ្នាក់ងារព័ត៌មាន AFP មេធាវីរបស់ជនសង្ស័យជនជាតិវៀតណាមរូបនេះ និយាយថា កូនក្ដីរបស់ខ្លួនឈឺចាប់ជាខ្លាំងដែលតុលាការដោះលែងជនសង្ស័យតែម្នាក់។ ប៉ុន្តែតុលាការនឹងពន្យារពេលសវនាការដើម្បីអនុញ្ញាតឲ្យមេធាវីរបស់ស្ត្រីវៀតណាម ដាក់ពាក្យស្នើដូចគ្នា។
តាមពិតទៅ ស្ត្រីសង្ស័យទាំងពីរនេះ សុទ្ធតែបានទាត់ចោលការចោទប្រកាន់រហូតមកក្នុងសវនាការដែលមានអាយុមួយឆ្នាំកន្លះនេះ ហើយថា ខ្លួនជាអ្នកទទួលរងថ្មបាក់ប៉ុណ្ណោះ។ លើសពីពួកគេអះអាងថា ត្រូវបានបោកបញ្ឆោតដោយក្រុមចារកិច្ចកូរ៉េខាងជើងឲ្យចូលរួមក្នុងផែនការសម្លាប់លោក គីម ជុងណាម តាមរយៈការប្រើប្រាស់សារធាតុគីមីហាមឃាត់ VX ហើយក៏ជឿថា ពួកគេចូលរួមក្នុងកម្មវិធីទូរទស្សន៍ប៉ុណ្ណោះ។
ទោះជាមានភស្តុតាងជាច្រើនបង្ហាញពីការពាក់ព័ន្ធរបស់មន្ត្រីសម្ងាត់កូរ៉េខាងជើងក្ដី ក្រុងព្យុងយ៉ាងបានទាត់ចោលទាំងអស់។ បញ្ហានេះ ធ្វើឲ្យចំណងការទូតរវាងម៉ាឡេស៊ី និងកូរ៉េខាងជើងប្រែទៅជាល្អក់កកររហូតដល់មានការកោះហៅអគ្គរដ្ឋទូតត្រឡប់ចូលស្រុករៀងខ្លួនទៀតផង។ កូរ៉េខាងជើង ក៏រងការរិះគន់ដូចព្យុះចំពោះករណីនេះ ខណៈជនសង្ស័យបានរត់ភៀសខ្លួនអស់ទៅហើយ៕
Tag:
ម៉ាឡេស៊ី
កូរ៉េខាងជើង
ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com