អន្តរជាតិ
រុស្ស៊ី ធ្វើតេស្ត​អាវុធ​៣១៦​ប្រភេទ​នៅ​ស៊ី​រី
12, Mar 2019 , 10:59 pm        
រូបភាព
សព្វាវុធរុស្ស៊ីនៅស៊ីរី (រូបភាព SANA)
សព្វាវុធរុស្ស៊ីនៅស៊ីរី (រូបភាព SANA)
​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី Sergei Shoigu នៅ​ថ្ងៃទី​១១ ខែមីនា បានប្រកាសថា រុស្ស៊ី​បាន​សាកល្បង​អាវុធ​ថ្មីៗ​ជាង​បី​រយ​ប្រភេទ​នៅ​ទឹកដី​ស៊ី​រី​។ ក្នុង​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិការ​ការពា​រ​ជាតិ​នៃ​សភា​រុស្ស៊ី លោក Shoigu ក៏​និយាយថា បទពិសោធ​នៃ​អន្តរាគមន៍​នៅ​ស៊ី​រី​តាំងពី​ឆ្នាំ​២០១៥ បង្ហាញ​ពី​សមត្ថភាព​របស់​កង​ទ័ព​រុស្ស៊ី ហើយ​នៅពេលនេះ យោធា​រុស្ស៊ី​ប្រែ​ក្លាយទៅជា​កម្លាំងយោធា​ដែល​អាច​ចល័ត​រហ័ស និង​មាន​សមត្ថភាព​ធ្វើសង្គ្រាម​នៅ​ទីតាំង​ដាច់ស្រយាល​បំផុត​។​

 
​ទឹកដី​ស៊ី​រី ជាទី​តាំង​សាក​អាវុធ​របស់​រុស្ស៊ី​។ រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី Sergei Shoigu ប្រាប់​សមាជិកសភា​រុស្ស៊ី​ថា សមត្ថភាព​របស់​យោធា​រុស្ស៊ី​កើនឡើង​យ៉ាងខ្លាំង បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១២ ទាំង​ការត្រៀម​ប្រយុទ្ធ​របស់​ក​ង​ទ័ព និង​ប្រសិទ្ធភាព​នៃ​យុទ្ធោបករណ៍​របស់ខ្លួន ហើយ​កងទ័ព​រុស្ស៊ី​បច្ចុប្បន្ន ក៏​អាចធ្វើ​សង្គ្រាម​នៅ​ទី​ឆ្ងាយៗ​បានដែរ​។ មួយផ្នែក​នៃ​ការរីកចម្រើន​នេះ គឺ​បទពិសោធ​ធ្វើ​ប្រតិបត្តិការ​នៅឯ​ស៊ី​រី​តែម្ដង​។  
 
​នា​កិច្ចប្រជុំ​ជាមួយ​គណៈកម្មាធិការ​ការពា​រ​ជាតិ​នៃ​សភា​រុស្ស៊ី​នៅ​ថ្ងៃទី​១១ ខែមីនា លោក Shoigu ដែល​កាន់តំណែង​រដ្ឋមន្ត្រី​ការពារជាតិ​ជាង​៦​ឆ្នាំ​មកហើយ​នោះ បាន​រាយការណ៍​ពី​ចំនួន​អាវុធ​ថ្មីៗ​ដែល​ត្រូវបាន​ធ្វើតេស្ត​នៅ​ស៊ី​រី ក៏ដូចជា​សមត្ថភាព​នៃ​កម្លាំងយោធា​រុស្ស៊ី​ក្នុង​រយៈពេល​ដែល​លោក​ដឹកនាំ​។ បើតាម​សារព័ត៌មាន Sputnik ប្រមុខ​ការពារជាតិ​រុស្ស៊ី​អះអាងថា កងទ័ព​រុស្ស៊ី​បាន​សាកល្បង​អាវុធ​ចំនួន​៣១៦​មុខ​ក្នុង​ប្រតិបត្តិការ​នៅ​ស៊ី​រី​។​
 
​រុស្ស៊ី​ចូល​អន្តរាគមន៍​នៅ​ជម្លោះ​ស៊ី​រី​កាលពី​ឆ្នាំ​២០១៥ ក្រោម​ហេតុផល​បោសសម្អាត​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​។ ស្របគ្នា​នេះ រុស្ស៊ី​ក៏​សាកល្បង​អាវុធ​ថ្មីៗ​របស់ខ្លួន​ដែរ​។ លោក Shoigu និយាយថា ជាមួយនឹង​បទពិសោធ​នៅ​ស៊ី​រី យោធា​រុស្ស៊ី​ទទួលបាន​មី​ស៊ី​ល​ថ្មី​បំពាក់​លើ​ឧទ្ធម្ភាគចក្រ​ដែល​អាច​បាញ់​គោលដៅ​ក្នុង​ចម្ងាយ​ដល់​ទៅ​១៥​គីឡូម៉ែត្រ ពោលគឺ​ឧទ្ធម្ភាគចក្រ​រុស្ស៊ី​មិនចាំបាច់​ចូល​តំបន់​ប្រយុទ្ធ​គ្នា ក៏​អាច​កម្ទេច​ទីតាំង​សត្រូវ​បានដែរ​។​
 
​អ្វី​កាន់តែ​ចាប់អារម្មណ៍​នោះ រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ​បានបង្ហាញ​បរិមាណ​មី​ស៊ី​ល​ដែល​ត្រូវ​បានដាក់​ឲ្យ​ប្រើ​ចាប់ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៨ ។ សម្រាប់​៦​ឆ្នាំ រុស្ស៊ី​ទទួលបាន​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរជាតិ​ចំនួន​១០៩​ដើម មី​ស៊ី​ល​បំពាក់​ក្នុង​នាវាមុជទឹក​ចំនួន​១០៨​ដើម​។ លើសពីនោះ កងទ័ព​រុស្ស៊ី​ក៏​ទទួល​នាវាមុជទឹក​ចំនួន​៧​គ្រឿង យាន​អាកាស​ចំនួន​៥៧ រថក្រោះ​ថ្មី​ដែល​ដំឡើង​សមត្ថភាព និង​រថពាសដែក​ចំនួន​ជាង​បី​ពាន់​គ្រឿង ព្រមទាំង​យន្តហោះ​និង​ឧទ្ធម្ភាគចក្រ​ចំនួន​ជាង​មួយ​ពាន់​គ្រឿង​ផង​។​
 
​ការកើនឡើង​សមត្ថភាព​ទាំងនេះ ត្រូវបាន​លោក Shoigu ចាត់ទុកជា​ការផ្លាស់ប្ដូ​រយ៉ា​ង​ធំ​មួយ ពោលគឺ រុស្ស៊ី​ខ្លាំង​ជាង​ពីមុន​។ នេះ​ក៏​ព្រោះតែ​អ្វីដែល​មិនអាច​ធ្វើបាន​កាលពី​ឆ្នាំ​២០១២ រុស្ស៊ី​អាចធ្វើ​បាន​នៅពេលនេះ​។ ជាមួយនឹង​អាវុធ​ទំនើបៗ ការត្រៀមខ្លួន​ជាស្រេច​របស់​កងទ័ព​ដើម្បី​ប្រយុទ្ធ​គ្រប់ពេល យោធា​រុស្ស៊ី​អាច​ប្រយុទ្ធ​នៅ​សមរភូមិ​ដាច់ស្រយាល​បាន​ដោយ​មិន​ភ័យ​បារម្ភ​អ្វី​ទាំងអស់​។ 

Tag:
 រុស្ស៊ី​
  Sergei Shoigu
© រក្សាសិទ្ធិដោយ thmeythmey.com