ជាតិ
ខែមេសា និង​ឧសភា កម្ពុជា​នឹង​ក្តៅ​ហួតហែង​ខ្លាំង ឯក​ម្តៅ​អាច​ឡើងដល់​៤២​អង្សា​
13, Mar 2019 , 8:52 am        
រូបភាព
​កម្ពុជា នឹងមាន​ធាតុអាកាស​ក្ដៅ​ហួតហែង​ខ្លាំង​នៅ​ខែមេសា និង​ឧសភា ដោយ​សីតុណ្ហភាព​អតិបរមា​ពេលខ្លះ អាច​នឹង​ហក់​ឡើងដល់​៤០-៤២​អង្សា ពិសេស​នៅ​តំបន់​ទំនាប​កណ្ដាល​ភាគ​ពាយ័ព្យ និង​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធន​ថា​ន​ទឹក និង​ឧតុនិយម ចុះ​ថ្ងៃទី​១២​ខែមីនា​។ ក្រៅតែពី​ធាតុអាកាស​ក្តៅ​ហួតហែង នៅក្នុង​ខែមេសា និង​ឧសភា​ដដែល ក៏​នឹងមាន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់ក​ន្ទ្រា​ក់ ដែល​អាច​កើតមាន​ច្រើនជាង​ឆ្នាំ​កន្លងទៅ​ផងដែរ​។​

 
​បាតុភូត EI Nino នៅតែ​បន្ត​មាន​ឥទ្ធិពល​គ្របដណ្តប់​លើ​ផ្នែក​ជាច្រើន​នៃ​ពិភពលោក និង​តំបន់​។ ដោយឡែក​សម្រាប់​កម្ពុជា​នៅក្នុង​រដូវប្រាំង និង​ដើមរដូវ​វស្សា​ឆ្នាំ​២០១៩​នេះ នឹង​បន្ត​រង​ឥទ្ធិពល EI Nino ក្នុង​កម្រិត​៦០​ភាគរយ​។ ចំណែក​៤០​ភាគរយ ទៀត​ទទួលរង​ឥទ្ធិពល​ពី​បាតុភូត​អន្តរកាល (​បាតុភូត​ដែល​នៅ​ចន្លោះ EI Nino និង La Lina)
​រដូវប្រាំង​នៅ​កម្ពុជា នឹង​អូសបន្លាយ​ដល់​ពាក់កណ្តាល​ខែឧសភា និង​មាន​សីតុណ្ហភាព​អតិបរមា​មធ្យម​នឹង ក្នុង​រង្វង់ ៣៦-៣៨​អង្សា ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។ ប៉ុន្តែ​នៅក្នុង​ខែមេសា និង​ឧសភា ធាតុអាកាស​នឹង​ក្តៅ​ហួតហែង​ខ្លាំង ហើយ​នៅពេល​ខ្លះ សីតុណ្ហភាព​អតិបរមា​នឹង​ហក់​ឡើងដល់ ៤០-៤២​អង្សា ពិសេស​នៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយ័ព្យ និង​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​។​
 
​ចំពោះ​ភ្លៀង​កក់ខែ ត្រូវបាន​ក្រសួង​ធនធានទឹក​អះអាងថា មាន​តិច និង​អាចមាន​ផ្គរ​រន្ទះ ខ្យល់ក​ន្ទ្រា​ក់កើត​មាន​ច្រើន ក្នុង​ខែមេសា និង​ឧសភា ហើយ​អាច​កើតមាន​ច្រើនជាង​ឆ្នាំ​កន្លងទៅ​។​
 
​ក្រសួង​ធនធានទឹក ឲ្យ​ដឹង​ទៀតថា រដូវវស្សា​អាចមក​ដល់​យឺត​ជាង​ធម្មតា ពោលគឺ​រហូតដល់​សប្តាហ៍​ទី​៣ នៃ​ខែឧសភា​។ ហើយ​នៅក្នុង​ខែឧសភា​ដដែល ក្រសួង​ព្យាករណ៍​ថា អាចមាន​ភ្លៀង​ធ្លាក់​តិចតួច តែ​រាយប៉ាយ​មិនបាន​ល្អ ហើយ​អាកាសធាតុ​ក្តោ ក៏​អាច​បន្ត​អូសបន្លាយ​រហូតដល់​ដើមខែ​មិថុនា​ដែរ​។ 
 
​ចាប់ពី​ដើមខែ​មិថុនា រហូតដល់​ពាក់កណ្តាល​ខែកក្កដា អាចមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម ទៅ​បង្គួរ តែ​រាយប៉ាយ​មិនបាន​ល្អ​។​នេះ​បើតាម​សេចក្តីជូនដំណឹង​ដដែល ដោយបាន​បន្ត​បញ្ជាក់ថា ទឹកភ្លៀង​ប្រចាំឆ្នាំ​២០១៩ អាចមាន​បរិមាណ​តិចជាង​មធ្យម​ភាគច្រើន​ឆ្នាំ​។ ចំណែកឯ កូន​រដូវប្រាំង អាច​នឹង​កើតឡើង​ចាប់ពី​ចុងខែ​កក្កដា ដល់​ដើមខែ​សីហា​។​
 
​ទន្ទឹមនឹងនេះ​ក្រសួង​ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់ក​ន្ទ្រា​ក់​៕ 
 

Tag:
 ធាតុអាកាស​
 ​ក្តៅ​
 ​ខែប្រាំង​
 ​អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com