អន្តរជាតិ
អាមេរិក បន្តប្រើយន្តហោះរបស់ប៊ូអ៊ីង តែប្រាប់ក្រុមហ៊ុនឲ្យបង្កើនគុណភាព រូបភាព Flight Global
× រដ្ឋបាលអាកាសចរណ៍សហព័ន្ធរបស់អាមេរិក នៅថ្ងៃទី១១ ខែមីនា បានបញ្ជាឲ្យក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង បង្កើនគុណភាពយន្តហោះរបស់ខ្លួនដែលពាក់ព័ន្ធក្នុងគ្រោះថ្នាក់ធ្លាក់ផ្ទួនៗ។ អាមេរិក ក៏គ្មានផែនការផ្អាកការប្រើប្រាស់យន្តហោះធុន Boeing 737 MAX 8 ឡើយ ទោះជាប្រទេសជាច្រើនបានសម្រេចចិត្តផ្អាកប្រើប្រាស់យន្តហោះធុននេះក្នុងការបម្រើសេវាកម្មរបស់ខ្លួន។ ប៉ុន្តែអាមេរិកនឹងចាត់វិធានការបន្ទាន់ បើរកឃើញបញ្ហា។
ហេតុការណ៍ធ្លាក់យន្តហោះធុន Boeing 737 MAX 8 របស់ក្រុមហ៊ុនប៊ូអ៊ីង ចំនួនពីរករណីក្នុងរយៈពេលត្រឹម៥ខែ ធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍នានាបារម្ភយ៉ាងខ្លាំង។ ក្រោយហេតុការណ៍ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនឥណ្ឌូណេស៊ី Lion Air កាលពីខែតុលា ឆ្នាំ២០១៨ និងថ្មីៗនេះរបស់ក្រុមហ៊ុនអាកាសចរណ៍អេត្យូពី ក្រុមហ៊ុនអាកាសចរណ៍ចិន ម៉ុងហ្គោលី និងម៉ិកស៊ិក បានសម្រេចចិត្តផ្អាកប្រើប្រាស់យន្តហោះរបស់ក្រុមហ៊ុនអាមេរិកនេះសិន។
បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាកបន្តកន្ទុយគ្នាបែបនេះ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានធ្វើការជាមួយអាជ្ញាធរ និងស្ថាប័នកំណត់សុវត្ថិភាពដឹកជញ្ជូនដើម្បីស្រាវជ្រាវយន្តហោះរបស់ក្រុមហ៊ុនប៊ូអ៊ីង។ ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី១១ ខែមីនា FAA នឹងមានចំណាត់ការបន្ទាន់ និងសមស្រប បើរកឃើញបញ្ហាដែលប៉ះពាល់សុវត្ថិភាព។ FAA ក៏បញ្ជាឲ្យប៊ូអ៊ីងបង្កើនគុណភាពលើកម្មវិធី និងប្រព័ន្ធដំណើការម៉ាស៊ីនយន្តហោះ ហើយក្រុមហ៊ុនមានពេលដល់ខែមេសាដើម្បីកែប្រែ។
យន្តហោះ Boeing 737 MAX 8 ជាស៊េរីយន្តហោះលក់ដាច់ជាងគេរបស់ក្រុមហ៊ុនប៊ូអ៊ីង ដោយមកទល់បច្ចប្បន្ននេះ មានការបញ្ជាទិញចំនួនប្រាំពាន់គ្រឿងពីអតិថិជនជុំវិញពិភពលោក។ អាកាសចរណ៍អេត្យូពី ដែលជាក្រុមហ៊ុនដឹកអ្នកដំណើរការបានបញ្ជាទិញយន្តហោះស៊េរី MAX ចំនួន៣០គ្រឿងឯណោះ។ ចិនដែលជាទីផ្សារអាកាសចរណ៍ដ៏ធំរបស់ពិភពលោក បានកុម្ម៉ង់យន្តហោះស៊េរីនេះចំនួន១៨០គ្រឿងផងដែរ។
ខណៈក្រុមហ៊ុនជាច្រើនសម្រេចចិត្តផ្អាកការប្រើយន្តហោះស៊េរី Boeing 737 MAX 8 ក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតរបស់រុស្ស៊ី តួកគី និងអូម៉ង់ គឺនៅតែបន្តប្រើប្រាស់ដដែល។ សម្រាប់អាកាសចរណ៍អាមេរិកវិញ ក៏នៅតែជឿជាក់លើក្រុមហ៊ុនប៊ូអ៊ីងរបស់អាមេរិកនេះដូចគ្នា។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ។
សូមបញ្ជាក់ថា ក្នុងហេតុការណ៍ធ្លាក់យន្តហោះវ៉ុល ET302 អ្នកជិះទាំង១៥៧បានស្លាប់ និងមាន៣៥សញ្ជាតិផ្សេងៗគ្នា។ កេនយ៉ា រងគ្រោះច្រើនជាងគេគឺ៣២នាក់ បន្ទាប់មក កាណាដា ១៨នាក់ អេត្យូពី១៧នាក់ (រាប់ទាំងបុគ្គលិកយន្តហោះទាំង៨នាក់) ចិន៨នាក់ អ៊ីតាលី៨នាក់ អាមេរិក៨នាក់ បារាំង៧នាក់ អង់គ្លេស៧នាក់ អេហ្ស៊ីប៦នាក់ អាល្លឺម៉ង់៥នាក់ ឥណ្ឌា៤នាក់ ស្លូវ៉ាគី៤នាក់ អូទ្រីស៣នាក់ រុស្ស៊ី៣នាក់ ស៊ុយអែត៣នាក់ អេស្ប៉ាញ២នាក់ អ៊ីស្រាអែល២នាក់ ម៉ារ៉ុក២នាក់ និងប៉ូឡូញ២នាក់។
ចំណែកឯបែលហ្ស៊ិក ជីប៊ូទី ឥណ្ឌូណេស៊ី អៀរឡង់ មូសំប៊ិក ន័រវេស រវ៉ាន់ដា អារ៉ាប៊ីសាអូឌីត ស៊ូដង់ សូម៉ាលី ស៊ែប៊ី តូហ្គោ អ៊ូហ្គង់ដា យេម៉ែន ណេប៉ាល់ និងនីហ្សេរីយ៉ា សុទ្ធតែមានជនរងគ្រោះម្នាក់ៗរៀងៗខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com