អន្តរជាតិ
សភា​អង់គ្លេស ទាត់ចោល​កិច្ចព្រមព្រៀង Brexit ជា​លើក​ទី​ពីរ​
13, Mar 2019 , 11:59 am        
រូបភាព
​សភា​ចក្រភព​អង់គ្លេស នៅ​ថ្ងៃទី​១២ ខែមីនា បាន​បោះឆ្នោត​ប្រឆាំង​កិច្ចព្រមព្រៀង​ចាក​ចេញពី​សហភាព​អឺរ៉ុប​ដែល​ស្នើ​ដោយ​រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី ថេ​រ៉េ​សា ម៉េ​យ៍ ។ នេះ​ជា​លើក​ទី​ពីរ​ដែល​សភា​អង់គ្លេស​ទាត់ចោល​កិច្ចព្រមព្រៀង​នេះ ទោះជា​លោកស្រី ម៉េ​យ៍ ប្រឹងប្រែង​សុំ​សម្បទាន​បាន​ច្រើន​ពី​សហភាព​អឺរ៉ុប​ក្ដី​។ លទ្ធផល​បែបនេះ ធ្វើ​ឲ្យ​លេច​ជា​សំណួរ​ថា អង់គ្លេស​នឹង​ចាក​ចេញពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ចសន្យា ឬក៏​ត្រូវ​ពន្យារពេល​ចាកចេញ​សិន​។​

 
​ដោយ​សំឡេង​៣៩១​ទល់នឹង​២៤២ សភា​អង់គ្លេស​បាន​បោះឆ្នោត​ប្រឆាំង​កិច្ចព្រមព្រៀង​ចាក​ចេញពី​សហភាព​អឺរ៉ុប​ជាថ្មីទៀត ខណៈ​នៅសល់តែ​១៦​ថ្ងៃ​ទៀត​ប៉ុណ្ណោះ អង់គ្លេស​ត្រូវ​ចាកចេញ​ទៅហើយនោះ​។ នាយករដ្ឋមន្ត្រី​អង់គ្លេស ថេ​រ៉េ​សា ម៉េ​យ៍ មិន​ពេញចិត្ត​លទ្ធផល​បោះឆ្នោត​នេះឡើយ ទោះជា​លោកស្រី​ទទួលបាន​ការធានា​លើ​បញ្ហាសំខាន់ៗ​ជាច្រើន​ពី​សំណាក់​ដៃគូ​នៅ​អឺរ៉ុប មុននឹង​ការបោះឆ្នោត​នេះ​ក៏ដោយ​។​
 
​បញ្ហាសំខាន់​ដែល​សមាជិកសភា​មិន​ពេញចិត្ត គឺ​ការរក្សា​ព្រំដែន​រវាង​អង់គ្លេស និង​អាណាខេត្ត​អៀរ​ឡង់​ខាងជើង​ឲ្យ​នៅ​ចំហ​ដដែល ពេល​អង់គ្លេស​ចាកចេញ​។ តាមពិតទៅ មុន​ការបោះឆ្នោត លោកស្រី ម៉េ​យ៍ បានធ្វើ​ដំណើរ​ទៅ​ជួប​មេដឹកនាំ​អឺរ៉ុប​ដើម្បី​សុំ​ការធានា​ពី​បញ្ហា​នេះ ហើយក៏​ទទួលបាន​ការសន្យា​ផ្លូវច្បាប់​ហើយ​ដែរ​។ ប៉ុន្តែ​ទីបំផុត សភា​អង់គ្លេស​នៅតែ​បដិសេធ​កិច្ចព្រមព្រៀង​ដដែល​។ 
 
​ថ្លែង​ក្រោយ​ការបោះឆ្នោត​ថ្ងៃទី​១២ ខែមីនា លោកស្រី ម៉េ​យ៍ នៅតែ​អះអាងថា កិច្ចព្រមព្រៀង​ដែល​រដ្ឋាភិបាល​លោកស្រី​សម្រេចបាន ជា​កិច្ចព្រមព្រៀង​ល្អ​បំផុត និង​ជា​កិច្ចព្រមព្រៀង​តែមួយគត់​ផង​។ យ៉ាងណាមិញ លោកស្រី​បាន​សន្យា​ផ្ដល់ឱកាស​ឲ្យ​សភា​បោះឆ្នោត​លើ​ជម្រើស​ចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង ហើយ​បើសិនជា​ត្រូវបាន​បដិសេធ​ម្ដងទៀត​នោះ សភា​នឹងត្រូវ​បោះឆ្នោត​ថា ត្រូវសុំ​សហភាព​អឺរ៉ុប​ពន្យារពេល​ចាកចេញ​ឬ​យ៉ាងណា​។​
 
​ក្រោយ​ការបោះឆ្នោត​នៅ​អង់គ្លេស សហភាព​អឺរ៉ុប​ក៏​ពេញ​ចិត្តនឹង​លទ្ធផល​ដែរ​។ លោក Michel Barnier ប្រធាន​ក្រុម​ចរចា​របស់​អឺរ៉ុប​លើកឡើងថា អឺរ៉ុប​គ្មានអ្វី​ត្រូវ​ផ្ដល់​ឲ្យ​អង់គ្លេស​ទៀតឡើយ ហើយ​ត្រូវ​ត្រៀមខ្លួន​សម្រាប់​ការលែង​លះ​ដោយ​គ្មាន​កិច្ចព្រមព្រៀង​។ តាមរយៈ Twitter មន្ត្រី​អឺរ៉ុប​រូបនេះ​និយាយថា សហភាព​អឺរ៉ុប​បានធ្វើ​គ្រប់យ៉ាង​អស់ហើយ​ដើម្បី​ជួយ​ឲ្យ​កិច្ចព្រមព្រៀង​ចាកចេញ​ដំណើរការ​តាម​អ្វីដែល​កំណត់​។​
 
​ឱកាស​ទី​បី​សម្រាប់​អង់គ្លេស​គ្មាន​ទៀតឡើយ​។ នេះ​ជាការ​ប្រកាស​របស់លោក ហ្ស​ង់​-​ក្លូដ ចាំង​គើ ប្រធាន​គណៈកម្មការ​អឺរ៉ុប​ក្រោយ​ជំនួប​ជាមួយ​លោកស្រី ម៉េ​យ៍ នៅ​ថ្ងៃទី​១១ ខែមីនា​។ ចំណែកឯ​ការសុំ​ពន្យារពេល​ចាកចេញ​វិញ អឺរ៉ុប​ក៏ត្រូវ​សម្រេចចិត្ត​ក្នុងចំណោម​សមាជិក​របស់ខ្លួន​។ បានន័យថា បើ​សភា​អង់គ្លេស​ពិតជា​បោះឆ្នោត​មិន​ឲ្យ​អង់គ្លេស​ចាកចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង អឺរ៉ុប​ប្រហែលជា​ទុកពេល​ឲ្យ​អង់គ្លេស​ទៀត ដោយ​មិនទាន់​លែងលះគ្នា​នៅ​ថ្ងៃទី​២៩ ខែមីនា​នេះឡើយ​៕
 

Tag:
 Brexit
  អង់គ្លេស​
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com