អន្តរជាតិ
លោក ម៉ា​ក្រុង ព្រមាន​អាហ្វ្រិក​ពី​ហានិភ័យ​ជាមួយ​ចិន តែ​ថា បារាំង​ជា​ដៃគូ​ល្អ​
13, Mar 2019 , 7:39 pm        
រូបភាព
​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង នៅ​ថ្ងៃទី​១២ ខែមីនា បាន​ព្រមាន​ពី​គ្រោះ​ថ្នាក់លើ​អធិបតេយ្យ​របស់​ប្រទេស​អាហ្វ្រិក​ដែល​បង្កដោយ​ការកើនឡើង​ឥទ្ធិពល​របស់​ចិន​។ លោក ម៉ា​ក្រុង ព្រមាន​បែបនេះ​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​អាហ្វ្រិក​ខាងកើត ជាទី​ដែល​ចិន​បាន​បោះទុន​រាប់សិប​ពាន់​លាន​ដុល្លារ​ក្នុង​វិស័យសេដ្ឋកិច្ច និង​អភិវឌ្ឍន៍​។ ខណៈ​លើកឡើង​ពី​ហានិភ័យ​កើតឡើង​ដោយសារ​ចិន មេដឹកនាំ​បារាំង​រូបនេះ​ប្រាប់​អាហ្វ្រិក​ថា ក្រុមហ៊ុន​បារាំង​គោរព​ដៃគូ​រកស៊ី​របស់ខ្លួន​។

 
​ជី​ប៊ូ​ទី អេ​ត្យូ​ពី និង​កេ​ន​យ៉ា គឺជា​គោលដៅ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង នៅ​ទ្វីបអាហ្វ្រិក​ប៉ែក​ខាងកើត​។ អាហ្វ្រិក​ដែល​សម្បូរ​ធនធាន និង​ធ្លាប់​ស្ថិតក្រោម​អាណានិគម​របស់លោក​ខាងលិច កំពុងតែ​មានតែ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ចិន ដែល​បាន​ជះ​លុយ​សន្ធឹកសន្ធាប់​ចូល​ទ្វីប​មួយ​នេះ​តាមរយៈ​ទំនាក់ទំនង​សេដ្ឋកិច្ច ការវិនិយោគ កម្ចី​អភិវឌ្ឍន៍ ហើយ​ការណ៍​នេះ​ធ្វើ​ឲ្យ​ចិន​មាន​ឥទ្ធិពល​កាន់តែខ្លាំង​ដែរ​។​
 
​ជី​ប៊ូ​ទី​ដែលជា​អតីត​រដ្ឋ​ក្រោម​អាណានិគម​របស់​បារាំង ត្រូវបាន​លោក ម៉ា​ក្រុង ចាត់ទុកជា​សម្ព័ន្ធមិត្ត​យុទ្ធសាស្ត្រ និង​ជា​ដៃគូ​ប្រវត្តិសាស្ត្រ​។ ប៉ុន្តែ​បានលើកឡើង​ពី​ហានិភ័យ​ដែល​កើតចេញពី​វត្តមាន​ចិន​។ អ្វី​គួរ​ឲ្យ​ចាបអារម្មណ៍ ចិន បារាំង អាមេរិក និង​ជប៉ុន សុទ្ធ​តែមាន​មូលដ្ឋាន​យោធា​រៀងៗ​ខ្លួន​នៅក្នុង​ប្រទេស​នៃ​តំបន់​កុយរមាស​អាហ្វ្រិក​មួយ​នេះ ព្រោះ​ជី​ប៊ូ​ទី​ស្ថិត​ត្រង់​ទីតាំង​យុទ្ធសាស្ត្រ​ដែល​ភ្ជាប់​ទៅកាន់​ព្រែកជីក​ស៊ុយ​អេ​របស់​អេ​ហ្ស៊ី​ប​។   
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​សម​ភាគី​ជី​ប៊ូ​ទី ប្រធានាធិបតី​បារាំង​រូបនេះ​និយាយថា ចិន​មាន​មហាអំណាច និង​បាន​ពង្រីក​ឥទ្ធិពល​នៅ​ប្រទេស​ជាច្រើន ពិសេស​តំបន់​អាហ្វ្រិក ប៉ុន្តែ​អ្វីដែល​ល្អ​នៅពេល​ខ្លី អាច​ក្លាយជា​រឿង​អាក្រក់​នៅពេល​មធ្យម ឬ​ពេល​វែង​បាន​ផងដែរ ហើយ​បារាំង​មិន​ចង់​ឲ្យ​ការវិនិយោគ​បរទេស ប៉ះពាល់​ដល់​អធិបតេយ្យ​ប្រទេស​ដៃគូ​របស់ខ្លួន​ឡើយ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ម៉ា​ក្រុង ក៏​ឆ្លៀត​អួតអាង​ពី​គុណសម្បត្តិ​របស់​ក្រុមហ៊ុន​បារាំង ដែល​ត្រៀមខ្លួន​បោះទុន​វិនិយោគ​សម្រាប់​គោលដៅ​រយៈពេល​វែង​។ ដោយ​ប្រាប់​ឲ្យ​ជី​ប៊ូ​ទី​ផ្លាស់ប្ដូរ​បរិយាកាស​រក​ស៊ី​ឲ្យ​បានល្អ​ប្រសើរ​ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ មេដឹកនាំ​បារាំង​រូបនេះ​ក៏​បញ្ជាក់ដែរថា ក្រុមហ៊ុន​បារាំង អាច​ធ្វើជា​ដៃគូ​ដែល​ផ្ដល់​ការគោរព​ដល់​អ្នកដទៃ​។ ប្រធានាធិបតី​ជី​ប៊ូ​ទី​ប្រា​ប់លោក ម៉ា​ក្រុង វិញ​ថា ប្រទេស​លោក​បើកចំហ ហើយ​ក្រុមហ៊ុន​បារាំង​មានឱកាស​វិនិយោគ​ច្រើន​ដែរ​។​
 
​ក្រុមហ៊ុន​រដ្ឋ និង​ធនាគារ​របស់​ចិន​ជាច្រើន​បានផ្ដល់​ហិរញ្ញប្បទាន​សន្ធឹកសន្ធាប់​ស​ម្រា​ប់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ពាសពេញ​ទ្វីបអាហ្វ្រិក​។ មេដឹកនាំ​រដ្ឋ​អាហ្វ្រិក​ក៏​និយាយ​អួត​សរសើរ​ចិន​ដែល​បានផ្ដល់​លុយកាក់​ដល់​ខ្លួន​ក្នុងការ​អភិវឌ្ឍ​ប្រទេស​តាម​តម្រូវការ​ដោយ​មិន​ភ្ជាប់​លក្ខខណ្ឌ​អ្វី​ឡើយ​។ ប៉ុន្តែ​លោកខាងលិច​ព្រមាន​ជា​ញឹកញយ​ពី​អន្ទាក់​បំណុល​នៅ​ពីក្រោយ​ការផ្ដល់​កម្ចី​នេះ គុណភាព​អន់ថយ​នៃ​គម្រោង និង​ការបង្ខំ​ឲ្យ​ដាក់​ទ្រព្យសម្បត្តិ​រដ្ឋ​ជា​ថ្នូរ​ជាដើម​៕
 

Tag:
 បារាំង​
  អាហ្វ្រិក​
  ចិន​
  អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com