ជាតិ
បទសម្ភាសន៍
អ្នកនិពន្ធ​ទំនុកច្រៀង នី សុគន្ធា ចង់ឃើញ​ស្ត្រី​ប្រឡូក​ក្នុង​អាជីព​នេះ​កាន់តែច្រើន​
13, Mar 2019 , 3:13 pm        
រូបភាព
​ភ្នំពេញ​៖ កញ្ញា នី សុគន្ធា ជា​អ្នកនិពន្ធ​ទំនុកច្រៀង​ល្បីល្បាញ​មួយរូប នៅ​ផលិតកម្ម​ល្បី​មួយ​នៅ​កម្ពុជា​។ អាជីព​ជា​អ្នកនិពន្ធ​ទំនុកច្រៀង បានធ្វើ​ឲ្យ​អ្នកនិពន្ធ​វ័យ​២៧​ឆ្នាំ​រូបនេះ អាច​បញ្ចេញស្នាដៃ​អស់ពី​ចិត្ត និង​បេះដូង​។ អាជីព​ជា​អ្នកនិពន្ធ​របស់​យុវតី​រូបនេះ ចាប់ផ្តើម​តាំងពី​នាង​អាយុ​១៧​ឆ្នាំ​ម្ល៉េះ ពោលគឺ​នៅពេល​សុគន្ធា នៅ​ជា​សិស្ស​វិទ្យាល័យ​។  ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ អ្នកនិពន្ធ​ទំនុកច្រៀង​វ័យក្មេង​រូបនេះ​បញ្ជាក់ថា​៖ «​ទោះ​មាន​ផល​លំបាក​ក្នុងការ​តែង​និពន្ធ តែ​ការងារ​នេះ​ជាការ​ងារ​ដែល​ស្រឡាញ់​ចេញពី​ចិត្ត​និង​ចេញពី​បេះដូង​»​។​
 
​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​កញ្ញា នី សុគន្ធា អ្នកនិពន្ធ​ទំនុកច្រៀង​នៅ​ផលិតកម្ម​រស្មី​ហង្ស​មាស​ដូចតទៅ​៖ 
 
 
​មិនមាន​ក្រុមគ្រួសារ​ជា​អ្នកសិល្បៈ​នោះទេ ប៉ុន្តែ​ដោយសារ​ចិត្ត​ស្រឡាញ់ និង​មាន​ទេពកោសល្យ​និពន្ធ​ផង​នោះ អ្នកនិពន្ធ​សម្បុរ​ស្រអែម​រូបនេះ ក៏​សម្រេចចិត្ត​ប្រឡូក​ចូលក្នុង​កិច្ចការ​និពន្ធ​តែម្តង​។ រយៈពេល​១០​មកនេះ​ទឹកដៃ​តែង​និពន្ធ​របស់​កញ្ញា នី សុគន្ធា បាន​ទាក់ទាញ​ចិត្ត​អ្នក​ស្ដាប់ តាមរយៈ​សំនៀង​របស់​តារាចម្រៀង​។ បើតាម​កញ្ញា នី សុគន្ធា បទ​ចម្រៀង​ដែល​កញ្ញា​បាន​និពន្ធ បាន​ជួយ និង​លើកស្ទួយ​ដល់​សង្គម ដោយ​អត្ថន័យ​នៃ​បទ​ចម្រៀង​នីមួយៗ​។ កញ្ញា នី សុគន្ធា បញ្ជាក់ថា ការ​តែង​និពន្ធ​ទំនុកច្រៀង កើតចេញពី​សកម្មភាព និង​រឿង​ពិត​របស់​មនុស្ស​ជុំវិញខ្លួន ដែល​អាច​តែង​និពន្ធ​ចេញ​ជា​បទ​ចម្រៀង​។ 
 
​ទំនុកច្រៀង​ដែល​កញ្ញា នី សុគន្ធា បាន​និពន្ធ​ភាគច្រើន ត្រូវបាន​ច្រៀង​ដោយ​តារាចម្រៀង​ល្បីៗ​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស​ច្រៀង ទាំង​បទ​ញាក់ និង​បទ​មនោ​សញ្ច​ត​នា​។ បទ​ចម្រៀង​ល្បីៗ​ចុងក្រោយ​នេះ​ដែល​កញ្ញា បាន​និពន្ធ​រួមមាន​៖ កាត់ចិត្ត​បែបណា​,​ត្រូវការ​កម្លាំងចិត្ត​,​បើ​ស្រឡាញ់​ម្ដេច​ទុក​អូន​ចោល​,​ហត់​ទេ​ស្រលាញ់​គេ​ម្នាក់ឯង និង​បទ​ចម្រៀង​ជាច្រើន​ផ្សេងទៀត​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ កញ្ញា នី សុគន្ធា លើកឡើងថា​៖«​ទម្រាំ​បាន​បទ​ចម្រៀង​១​បទៗ ខ្ញុំ​ត្រូវ​ចំណាយ​ពេលវេលា និង​អារម្មណ៍​។ ក្នុង​១​បទ អាច​ចំណាយពេល​១​ថ្ងៃ បទ​ខ្លះ​២​ថ្ងៃ និង​បទ​ខ្លះ​អាច​ដល់​១​សប្ដាហ៍​ផងដែរ​»​។ ក្នុងការ​តែង​និពន្ធ​នេះ មាន​ផល​លំបាក ដោយ​អ្នកនិពន្ធ​ត្រូវ​ប្រើ​អារម្មណ៍​ខ្ពស់  នៅពេលដែល​អារម្មណ៍មិនល្អ ឬ​មួម៉ៅ ធ្វើ​ឲ្យ​ការ​តែង​និពន្ធ​មក​ល្អ​៕
 

Tag:
 អ្នកនិពន្ធ​ទំនុកច្រៀង​
  ស្ត្រី​
  នី សុគន្ធា​
© រក្សាសិទ្ធិដោយ thmeythmey.com