ជាតិ
សេដ្ឋកិច្ច
អ្នកសេដ្ឋកិច្ច ថា​កម្ពុជា​នឹង​កើន​ចំណូល​ជាតិ ប្រសិនបើ​កាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក តែ​សហជីព​ថា កម្មករ​ខាត​ប្រយោជន៍​
13, Mar 2019 , 8:59 pm        
រូបភាព
​ភ្នំពេញ​៖ ខណៈ​កម្ពុជា មាន​ថ្ងៃ​ឈប់សម្រាក​ច្រើន​នោះ វា​ធ្វើ​ឲ្យ​អ្នកវិនិយោគ និង​ម្ចាស់​អាជីវកម្ម​គ្រប់​ប្រភេទ រអ៊ូរទាំ​ពី​បញ្ហា​ចង្វាក់​ផលិតកម្ម​របស់​ពួកគេ​។ ថ្ងៃ​ឈប់សម្រាក​ច្រើន អាច​ប៉ះពាល់​តិច ឬ​ច្រើន​ទៅដល់​ប្រសិទ្ធភាព​ការងារ ក្នុង​ការផលិត​។ ដូច្នេះ​តើ​កម្ពុជា​គួរតែ​កាត់បន្ថយ​ថ្ងៃបុណ្យ​ឈប់សម្រាក​ដែរ​ទេ​? ហើយ​ការកាត់បន្ថយ​នោះ អាច​ជះ​ផល​វិជ្ជមាន និង​អវិជ្ជមាន​អ្វីខ្លះ​?

 
​ការកាត់បន្ថយ​ថ្ងៃបុណ្យ​ជាតិ សម្រាប់​ឈប់សម្រាក​នោះ វា​ប្រាកដ​ជាមាន​ទាំង​ផល​វិជ្ជមាន និង​អវិជ្ជមាន​។ លោក គី សេរី​វឌ្ឍន៍ អ្នកវិភាគ​សេដ្ឋកិច្ច បាន​និយាយថា ការឈប់​សម្រាក​ច្រើន វា​ធ្វើ​ឲ្យ​សង្វាក់​ផលិតកម្ម​មាន​ភាពយឺត​យ៉ាវ និង​ស្ទះ ដែល​ធ្វើ​ឲ្យ​ការផលិត​មានការ​ចំណាយ​ខ្ពស់ ហើយ​ពិបាក​នឹង​ប្រកួតប្រជែង​។ ដូច្នេះ​រដ្ឋាភិបាល​គួរតែ​កាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក ដើម្បី​ជា​យុទ្ធសាស្ត្រ​មួយ ក្នុងការ​ទាក់ទាញ​អ្នក​វិនិយោគិន ខណៈ​កម្ពុជា​កំពុងស្ថិត​នៅក្រោម​កា​រសើប​អង្កេត​លើ​ករណី EBA របស់​សហគមន៍​អឺរ៉ុប​។  
 
​ត្រង់ចំណុច​នេះ លោក គី សេរី​វឌ្ឍន៍ បាន​ព្យាករណ៍​ថា កម្ពុជា នឹង​កើន​ចំណូល​ថវិកាជាតិ​យ៉ាងតិច ១៥០​លាន​ដុល្លារ​អាមេរិក បើសិនជា​រដ្ឋាភិបាល​ស​ម្រេច​លុបចោល​ថ្ងៃ​បុណ្យជាតិ​មិន​សំខាន់​ចំនួន ៧ ថ្ងៃ ចេញពី​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ​បច្ចុប្បន្ននេះ​។ អ្នកវិភាគ​សេដ្ឋកិច្ច​រូបនេះ បាន​គណនា​តាម​រូបមន្ត​សេដ្ឋកិច្ច នៃ​ការកាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក ហើយ​សង្ខេប​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​ថា​៖« គេ​មិន​វាស់​ជាមួយ​ទំហំ​ពាណិជ្ជកម្ម​ទេ គេ​វាស់​ជាមួយនឹង​ចំណូល​ជាតិ (GDP) ដូច្នេះ​វា​នឹង​ជួយ​ឲ្យ GDP កើន​១៥០​លាន​ដុល្លារ​បន្ថែមទៀត​នៅពេលដែល​រដ្ឋាភិបាល​កាត់បន្ថយ​ថ្ងៃ​ឈប់ ៧​ថ្ងៃ បើ​វាស់​ជាមួយ​ទំហំ​ពាណិជ្ជកម្ម​មិនត្រូវ​ទេ​។ ក្នុង​ឆ្នាំ​២០១៨ ទំហំ​ពា​ណិ​ជ្ចក​ម្ម ២៦,៥ ពាន់​លាន​»​។​
 
​បន្ថែម​ពីនេះ​លោក គី សេរី​វឌ្ឍន៍ បាន​សង្កត់ធ្ងន់ថា ប្រទេស​កម្ពុ​ជាមាន​ថ្ងៃ​ឈប់សម្រាក​ការងារ​ច្រើនជាង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។ ក្នុងនោះ​ប្រទេស​វៀតណាម​មាន​ថ្ងៃ​ឈប់​តិចជាង​កម្ពុជា​ស្ទើ​តែ​ពាក់កណ្ដាល ដែល​ធ្វើ​ឲ្យ​វិនិយោគិន​ងាក​ទៅរក​ប្រទេស​វៀតណាម​។​
 
« នៅក្នុង​ប្រទេស​វៀតណាម គេ​ឈប់​សរុប​ទាំងអស់​ប្រមាណ​ប្រមាណ ២៨ នៅ ៣០​ថ្ងៃ​។ ចំណែកឯ​កម្ពុជា​ឈប់សម្រាក​ច្រើន ទាំង​បុណ្យជាតិ ២៨ ថ្ងៃ ឈប់​ប្រចាំឆ្នាំ​១៨ ថ្ងៃ ហើយ​បើ​បុណ្យ​ចំ​ថ្ងៃ​ចុង​សប្តាហ៍ ត្រូវ​សង​ថ្ងៃ​ធ្វើការ​ថែមទៀត ដូច្នេះ​ក្នុង​១​ឆ្នាំ​ប្រមាណ​៥០ ថ្ងៃ​។ ដូច្នេះហើយ​យើង​ធ្វើការ​តិចជាងគេ​មួយខែ ។​កត្តា​នេះហើយ​ដែល​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​មិន​ខ្ពស់ និង​កំណើន​វិនិយោគ ងាក​ទៅរក​វៀតណាម គេ​ចាប់អារម្មណ៍​នៅលើ​វៀតណាម​ជាង​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកវិភាគ​សេដ្ឋកិច្ច ដែល​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ពិចារណា​លើ​ការកាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក និង​ត្រូវ​ពង្រឹងសមត្ថភាព​កម្មក​រ​បន្ថែមទៀត ក្នុង​ការជំរុញ​ផលិតភាព​កាន់តែ​ខ្ពស់ជាង​មុន​។ 
 
​ជុំវិញ​បញ្ហា​នេះ លោក តែ តុង​ប៉ សម្ព័ន្ធ​សហគមន៍​សហគ្រាស​ធុន​តូច និង មធ្យម​កម្ពុជា បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា វិស័យ​ឯកជន​បានស្នើ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​សុំ​មិន​ឲ្យ​មានការ​ឈប់​លើក​ថ្ងៃ​បន្ថែម លើសពី​ថ្ងៃបុណ្យ​ជាតិ​ឡើយ ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចង្វាក់​ផលិតកម្ម​របស់​ពួកគេ ។ លោក តុង​ប៉ យល់ឃើញថា ការកាត់បន្ថយ​ថ្ងៃ​ឈប់​ជា​រឿង​មួយ​ល្អ​សម្រាប់​ពង្រឹង​ការផលិត​សហគ្រិន​។​
 
​សម្ព័ន្ធ​សហគមន៍​សហគ្រាស​ធុន​តូច និង មធ្យម​កម្ពុជា បាន​និយាយ​ដូច្នេះ​ថា​៖ « ការឈប់​លើក​ថ្ងៃ ដូច​ថា​ត្រូវ​ឈប់​នៅ​ថ្ងៃអាទិត្យ តែ​ត្រូវ​លើក​ដល់​ថ្ងៃ​ច័ន្ទ បញ្ហា​នេះហើយ ដែល​វិស័យ​ឯកជន​ស្នើសុំ​កុំ​ឲ្យ​មានការ​ឈប់​លើក​ថ្ងៃ​បែបនេះ​។ ខ្ញុំ​ឬ​ខាង​រោងចក្រ​កាត់ដេរ​យល់ថា វា​ប៉ះពាល់​ដល់ពេល​វេលា ចេញ​ឡាន​កុង​ទ័​នឺ​រ​ក្រុមហ៊ុន​មិន​រួច »​។​
 
​ផ្ទុយ​ពី​ការយល់ឃើញ​របស់​អ្នកវិភាគ លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា បាន​និយាយថា ការកាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​មិនបាន​ផ្ដល់​ផលចំណេញ​ដល់​កម្មករ​ទេ គឺ​វា​ផ្ដល់​ផលចំណេញ​ទៅលើ​វិនិយោគិន​តែប៉ុណ្ណោះ​។ ដូច្នេះ​លោក​បានប្រកាស​ជំហរ​មិន​គាំទ្រ​ការ​កាត់​ចំនួន​ថ្ងៃ​ឈប់សម្រាក់​ឡើយ ។ មូលហេតុ​ដែល​លោក អាត់ ធន់ មិន​គាំ​ទ្រនេះ ដោយ​លោក​ផ្អែកលើ​របាយការណ៍​អង្គការ ILO ដែល​បាន​រកឃើញថា កម្ពុជា​មិន​ឈប់​ច្រើនជាង​ប្រទេសជិតខាង​នោះទេ​។ 
 
« កាត់បន្ថយ​ថ្ងៃបុណ្យ​មានន័យថា បង្កើន​ការងារ​ឲ្យ​កម្មករ​កាន់តែច្រើន ដូច្នេះ​ខាត​លើ​ចំណូល​របស់​កម្មករ ។​ខ្ញុំ​មិន​គាំទ្រ​នោះទេ​។ អង្គការ ILO បាន​បង្ហាញថា​ការឈប់​សម្រាក​ក្នុងប្រទេស​កម្ពុជា​មិន​ច្រើនជាង​ប្រទេសជិតខាង​នោះទេ ស្ថិតនៅ​មធ្យម​នៅឡើយ​។ និ​យោ​ជិ​ក​តែងតែ​និយាយ​បែបនេះ​ពីមុន ហើយ​គេ​ធ្លាប់​និយាយថា ការវិនិយោគ​កាត់បន្ថយ​ពី ១៥០​ភាគរយ មក​នៅ​១៣០ ភាគរយ ការងារ​ច្រើន​ដដែល មិនមាន​ប្រយោជន៍​អ្វី​នោះទេ​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​។​
 
​ទាក់ទង​នឹង​បញ្ហា​កាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​ខាងលើនេះ ទាំង​អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ទាំង​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិនទាន់​ទទួលបាន​ព័ត៌មាន​ឡើយ​។​
 
​តែ​យ៉ាងណា​តាមរយៈ​កាសែត​ខ្មែរ​ថា​ម៍ បាន​ស្រង់​សម្តី​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ថា អនុក្រឹត្យ​ស្តីពី​ការកាត់បន្ថយ​ថ្ងៃបុណ្យ នឹង​ចេញ​នៅ​ចុងខែ​មីនា ឆ្នាំ​២០១៩​នេះ​។ 
 
​គួររម្លឹកថា ក្នុង​ឆ្នាំ​២០១៨ កំណើនសេដ្ឋកិច្ច​ជាតិ​មាន​ម្រ​មាណ ៧,៣ ភាគរយ ដែល​ចំណូល​មធ្យម​របស់​មនុស្ស​ម្នាក់​កើន​ដល់​១,៥៦៣ ដុល្លារ​។ ចំណែក​ទំហំ​ពាណិជ្ជកម្ម​សរុប​មាន​២៤​ពាន់​លាន​ដុល្លារ​៕
 

Tag:
 កម្លាំង​ពលកម្ម​
  បុណ្យជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com