កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Liverpool ជា​ក្រុមទី​៤​ពី​អង់គ្លេស​ដែល​ឡើងទៅ​វគ្គ​១/៤ ក្រោយ​ឈ្នះ Bayern Munich ៣-១
14, Mar 2019 , 7:10 am        
រូបភាព
​ជ័យជម្នះ ៣-១ លើ​ក្រុម Bayern Munich នៅ​ជំនួប​ជើង​ទី​២​គ្រប់គ្រាន់​ដើម្បី​បញ្ជូន Liverpool ឡើងទៅ​កាន់​វគ្គ​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ UEFA Champions League ជាមួយ​ក្រុម​ពី​អង់គ្លេស​៣​ផ្សេងទៀត​ដែល​រួមមាន Spurs, Manchester City និង Manchester United​។​


អត្ថបទទាក់ទង
 
​ក្នុងការ​ប្រកួត​ជើង​ទី​២​ នារាត្រីថ្ងៃទី១៣ ខែមីនា នៅ​កីឡដ្ឋាន Allianz Arena ក្រុម​ភ្ញៀវ Liverpool អាច​សម្រេចបាន​លទ្ធផល​ដល់​ទៅ ៣-១ ដែល​ធ្វើបាន​ដោយ Sadio Mane ពីរ​គ្រាប់​នៅ​នាទី ២៦​និង​៨៤ រីឯ​១​គ្រាប់​ទៀត​ធ្វើបាន​ដោយ​ខ្សែការពារ Virgil van Dijk នៅ​នាទី​៦៩​។ ១​គ្រាប់​របស់​ម្ចាស់ផ្ទះ Bayern Munich ទទួលបាន​ពី​ការធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង​(own goal) ពី​សំណាក់​ខ្សែការពារ Joel Matip នៅ​នាទី​៣៩​ប៉ុណ្ណោះ​។​
  
​កាលពី​ជំនួប​ជើង​ទី​១​នៅ​ទឹកដី Anfield ក្រុម​ទាំងពីរ​បញ្ចប់​ទៅក្នុង​លទ្ធផល ០-០​។ ដូច្នេះ​លទ្ធផល​សរុប​ទាំងពីរ​ជើង​(aggregate) ក្រុម​របស់លោក Jurgen Klopp ឈ្នះ​ក្រុម​ពី​អ​ល្លឺ​ម៉​ង់ ៣-១​។​
 
​ជ័យជម្នះ​នេះ បាន​នាំ​ឲ្យ​ក្រុម​រហស្សនាម​ហង្ស​ក្រហម​អាច​បង្គ្រប់​ក្រុម​ទាំង​៤​ពី​លី​គ​អង់គ្លេស​ដែល​រួមមាន Spurs, Man City និង Man Utd ដើម្បី​បន្តទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ក្របខណ្ឌ​កំពូល​អឺរ៉ុប​សម្រាប់​រដូវ​កាល ២០១៨-១៩​នេះ​។​ ៤ក្រុមផ្សេងទៀតដែលទៅកាន់វគ្គ៨ក្រុមមានដូចជា Ajax, FC Porto, Juventus និង Barcelona ដែលឈ្នះ Lyon ៥-១ នៅយប់មិចញនេះ៕
 




© រក្សាសិទ្ធិដោយ thmeythmey.com