អន្តរជាតិ
ថៃ អញ្ជើញ​សមាជិក​អាស៊ាន​និង​សហភាព​អឺរ៉ុប​ឲ្យ​ចូលរួម​ត្រួតពិនិត្យ​ការបោះឆ្នោត​
14, Mar 2019 , 10:26 am        
រូបភាព
គណៈកម្មការរៀបចំការបោះឆ្នោតថៃ (រូបភាព Xinhua)
គណៈកម្មការរៀបចំការបោះឆ្នោតថៃ (រូបភាព Xinhua)
គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​របស់​ថៃ បាន​អញ្ជើញ​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​នៃ​ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេសក្រៅ​តំបន់​មួយចំនួនទៀត ដើម្បី​ធ្វើជា​អ្នកសង្កេតការណ៍​ក្នុងការ​បោះឆ្នោត​ទូទៅ​នៅ​ថ្ងៃទី​២៤ ខែមីនា​ខាងមុខ​។ នេះ​បើតាម​ការប្រកាស​របស់​អគ្គលេខាធិការ​គណៈកម្មកា​រ​នេះ​លោក Jarungvith Phumma ។​

 
​ជិត​ប្រាំ​ឆ្នាំក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល ប្រជាជន​ថៃ​នឹងមាន​សិទ្ធិ​ជ្រើសរើស​តំណាង​របស់ខ្លួន​ជាថ្មី​នៅ​ថ្ងៃទី​២៤ ខែមីនា​ខាងមុខ​។ លោក Jarungvith Phumma អគ្គលេខាធិការ​គណៈកម្មកា​រ​រៀបចំ​ការបោះឆ្នោត​ថៃ​និយាយថា គណៈកម្មការ​របស់លោក​បាន​ត្រៀម​រួចជាស្រេច​ដើម្បី​ដំណើរការ​ការបោះឆ្នោត​លើក​នេះ​។ ក្រៅពី​មន្ត្រី​ក្នុងស្រុក ភ្ញៀវ​បរទេស​ក៏ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​តាមដាន​ការបោះឆ្នោត​នេះដែរ​។​
 
​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​របស់​ថៃ​បាន​ផ្ញើ​លិខិតអញ្ជើញ​ទៅកាន់​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​នៃ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ សហភាព​អឺរ៉ុប ម៉ិ​ក​ស៊ិ​ក ម៉ា​ល់​ឌី​វ និង​កូរ៉េខាងត្បូង​។ លោក Phumma អះអាងថា ប្រទេស​ជាច្រើន​បាន​យល់ព្រម​តាម​ការអញ្ជើញ​នេះហើយ ខណៈ​សហភាព​អឺរ៉ុប​ទំនងជា​ឲ្យ​ប្រទេស​សមាជិក​របស់ខ្លួន​ចូលរួម​ក្នុងការ​បោះឆ្នោត​នៅ​ថៃ​លើកដំបូង​តាំងពី​ឆ្នាំ​២០១៤ មក​។​
 
​ពាក់ព័ន្ធ​វត្តមាន​អ្នកសង្កេតការណ៍​អន្តរជាតិ​នេះ រដ្ឋមន្ត្រីការបរទេស​ថៃ​ធ្លាប់​លើក​គំនិត​មិន​ស្វាគមន៍​ជនបរទេស​ត្រួតពិនិត្យ​ការបោះឆ្នោត​របស់ខ្លួន​។ លោក ដុន ប្រា​មុដ​វី​ណៃ អះអាងថា មានតែ​ប្រទេស​ទើប​រៀបចំ​ការបោះឆ្នោត​ប៉ុណ្ណោះ​ទើបត្រូវ​ការ​អ្នកសង្កេតការណ៍​បរទេស​ដើម្បី​តាមដាន​ដំណើរការ​បោះឆ្នោត​របស់​ខ្លួន​។ ចំណែក​ថៃ​វិញ​មាន​សមត្ថភាព​ក្នុង​ការរៀបចំ​ការបោះឆ្នោត​ដោយ​មិនចាំបាច់​មាន​ជំនួយ​អន្តរជាតិ​អ្វី​ឡើយ​។​
 
​សម្រាប់​អ្នកនយោបាយ​ថៃ​ផ្សេង​វិញ ការចូលរួម​របស់​អ្នកសង្កេតការណ៍​អន្តរជាតិ​រឿង​សំខាន់​ដើម្បី​ធានា​សុចរិត​ភាព និង​ប្រក្រតីភាព​ក្នុងការ​បោះឆ្នោត​លើក​នេះ ដែល​គេ​មើលឃើញថា ជាការ​ប្រជែង​រវាង​ម្ខាង​ក្រុមគាំទ្រ​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា ឲ្យ​កាន់តំណែង​នាយករដ្ឋមន្ត្រី និង​ម្ខាង​ទៀត​ជា​ក្រុមបក្សនយោបាយ​គាំទ្រ​ប្រជាធិបតេយ្យ​។​
 
​ខណៈ​កំពុង​ដឹកនាំ​រដ្ឋាភិបាល​នៅឡើយ លោក ប្រា​យុទ្ធ ក៏​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​ប​ក្ស Palang Pracharath ដែល​គាំទ្រ​របប​យោធា​ដែរ​។ បក្សនយោបាយ​វ័យ​ចំណាស់​ដូចជា​បក្ស​ភឿ​ថៃ និង​បក្ស​ប្រជាធិបតេយ្យ​ផង​នោះ សុទ្ធតែ​ចេញមុខ​ជំទាស់​ការបន្ត​កាន់តំណែង​របស់លោក ប្រា​យុទ្ធ និង​កំពុង​ធ្វើ​យុទ្ធនាការ​ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​រៀងៗ​ខ្លួន តែមាន​គោលដៅ​តែមួយ គឺ​ទប់ស្កាត់​ក្រុម​យោធា​ពី​ការ​កាន់តំណែង​ទៀត​៕ 

Tag:
 ថៃ​
  អាស៊ាន​
  សហភាព​អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com