អន្តរជាតិ
អាមេរិក ស្នើ​ប្រទេស​មូស្លីម​ថ្កោលទោស​ចិន​រឿង​បំពាន​សិទ្ធិមនុស្ស​នៅ​ស៊ីន​ជាំ​ង​
14, Mar 2019 , 7:39 pm        
រូបភាព
សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​១៣ ខែមីនា បានបង្ហាញ​ការខកចិត្ត​ចំពោះ​បណ្ដា​ប្រទេស​មូស្លីម​ដែល​មិន​ព្រម​មាត់ក​ជុំវិញ​ការ​ធ្វើទុក្ខបុកម្នេញ​ជន​ភាគតិច​មូស្លីម​វី​ហ្គ័​រ (Uighur) និង​ជនភាគតិច​កាន់សាសនា​ឥស្លាម​ផ្សេងទៀត​នៅ​ស៊ីន​ជាំ​ង​។ អាមេរិក ស្នើ​ឲ្យ​រដ្ឋ​មូស្លីម​ទាំងអស់​ងើប​តវ៉ា​ប្រឆាំង​សកម្មភាព​បំពាន​របស់​ក្រុង​ប៉េកាំង​។ ជុំវិញ​បញ្ហា​នេះ ចិន​បាន​បកស្រាយ​ច្រើនលើកច្រើនសារ​រួចហើយ​ដែរ ប៉ុន្តែ​របាយការណ៍​សិទ្ធិមនុស្ស​របស់​អាមេរិក​នៅតែ​រកឃើញថា មានការ​រំលោភបំពាន​ខ្លាំង​។​

 
​ការ​ធ្វើទុក្ខបុកម្នេញ​ជ​ន​ភាគតិច​នៅ​ស៊ីន​ជាំ​ង បាន​ក្លាយជា​ប្រធានបទ​សំខាន់​សម្រាប់​អាមេរិក​វាយប្រហារ​ចិន​មិន​សំចៃមាត់​។ អាមេរិក​ថែមទាំង​រិះគន់​ដល់​ប្រទេស​កាន់សាសនា​ឥស្លាម​ដែលជា​សមាជិក​អង្គការ​កិច្ចសហប្រតិបត្តិការ​ឥស្លាម (OIC) ដែល​រក្សា​ជំហរ​ស្ងាត់ស្ងៀម​លើ​ការបំពាន​សិទ្ធិមនុស្ស​នៅ​ខេត្ត​ស៊ីន​ជាំ​ង ជាទី​ដែល​ជនភាគតិច​មូស្លីម​វី​ហ្គ័​រ​ត្រូវបាន​មើលឃើញថា រក​ការ​បំបិទ​សិទ្ធិ​របស់​ពួកគេ​កាន់តែខ្លាំង​ឡើង​។​
 
​សហរដ្ឋអាមេរិក​ក៏បាន​រៀបចំ​កម្មវិធី​ជួបជុំ​មួយ​នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ​លើ​របៀបវារៈ​ស្ដីពី​ការឃុំខ្លួន​មនុស្ស​ច្រើនជាង​មួយ​លាន​នាក់​នៅ​ខេត្ត​ភាគ​លិច​របស់​ចិន​មួយ​នេះ​។ មុន​កិច្ចប្រជុំ​នេះ លោកស្រី Kelley Currie នាយក​ការិយាល័យ​យុត្តិធម៌​សាកល​នៃ​ក្រសួងការបរទេស​អាមេរិក​និយាយថា អាមេរិក​ពិតជា​ខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​កង្វះ​ការឆ្លើយ​របស់​សមាជិក OIC និង​ការ​មិនសូវ​រិះគន់​ខ្លាំង​ចំពោះ​ទង្វើ​របស់​ចិន​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មន្ត្រី​ក្រសួងការបរទេស​អាមេរិក​រូបនេះ​បង្ហាញ​ក្ដីសង្ឃឹម​របស់​អាមេរិក​ដែល​ចង់ឃើញ អង្គការ​ឥស្លាម​មួយ​នេះ​រួមគ្នា​ថ្កោលទោស​ស្ថានការណ៍​នៅ​ស៊ីន​ជាំ​ង ដូចដែល​ធ្លាប់​រិះគន់​មី​យ៉ាន់​ម៉ា និង​ស៊ី​រី​ដូច្នោះ​ដែរ​។ តាមពិតទៅ OIC ក៏​ធ្លាប់​ចេញ​សេចក្ដីថ្លែងការណ៍​លើ​បញ្ហា​នៅ​ស៊ីន​ជាំ​ង​ដែរ ប៉ុន្តែ​មិនបាន​និយាយ​រិះគន់​ក្រុង​ប៉េកាំង​ខ្លាំង​ឡើយ ដែល​ការណ៍​នេះ​ត្រូវបាន​លោកស្រី Currie ចាត់ទុកជា​រឿង​ខកចិត្ត​មួយ​។​
 
​ដោយឡែក​ក្នុង​របាយការណ៍​សិទ្ធិមនុស្ស​ពិភពលោក​ដែល​ចេញផ្សាយ​ក្រសួងការបរទេស​អាមេរិក​នៅ​ថ្ងៃទី​១៣ ខែមីនា អាមេរិក​ក៏​ពន្លះ​ចិន​ខ្លាំង​ចំពោះ​ការឃុំខ្លួន​ជនភាគតិច​វី​ហ្គ័​រ និង​ជនភាគតិច​ច្រើន​ទៀត​នៅតាម​មន្ទីរឃុំឃាំង​នៅ​តំបន់​ស្វយ័ត​របស់ខ្លួន​។ ក្នុង​របាយ​ណ៍​នេះ ប្រមុខ​ការទូត​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ ចោទ​ចិន​ថា បង្កើន​យុទ្ធនាការ​របស់ខ្លួន​នៅ​ស៊ីន​ជាំ​ង​ដល់​កម្រិត​កំណត់ត្រា​នៅ​ឆ្នាំ​២០១៨ កន្លងទៅ ដោយ​ជនជាតិ​វី​ហ្គ័​រ កា​ហ្សា​ក់ និង​ជនជាតិ​ផ្សេងទៀត​ច្រើនជាង​មួយ​លាន​នាក់ ត្រូវ​ជាប់ឃុំ​។ 
 
​មិនមែន​តែ​ជនជាតិ​កាន់សាសនា​ឥស្លាម បើតាម​របាយការណ៍​ដ​ដែល ប្រជាជន​ចិន​កាន់សាសនា​គ្រិស្ត ប្រជាជន​នៅ​ទី​បេ និង​អ្នក​ដែលមាន​គំនិត​ប្រឆាំង​រដ្ឋាភិបាល ក៏​រង​ការបំពាន​ខ្លាំង​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែរ​។ ក្រុង​វ៉ាស៊ីនតោន​អះអាងថា មន្ទីរ​កែប្រែ​របស់​ចិន​មាន​គោលដៅ​លុបបំបាត់​ជំនឿ​សាសនា និង​អត្តសញ្ញាណ​របស់​ជនជាតិ​ភាគតិច​ទាំងនោះ​៕  
 

Tag:
 អាមេរិក​
  ចិន​
  Uighur
  OIC
© រក្សាសិទ្ធិដោយ thmeythmey.com