កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Premier League មាន​ក្រុម​៤​ឈានដល់​វគ្គ​៨​ក្រុម​៣​លើក ខណៈ​លី​គ​ផ្សេង​មិន​ធ្លាប់​សោះ
14, Mar 2019 , 8:39 pm        
រូបភាព
​នេះ​ជា​លើកដំបូង​ហើយ​ក្នុង​រយៈពេល ១០​រដូវ​កាល​ចុងក្រោយ​ដែលមាន​ក្រុម ៤ មកពី​លី​គ​បាល់ទាត់​ក្នុងប្រទេស​តែមួយ​អាចឈាន​ចូលដល់​វគ្គ ៨ ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ UEFA Champions League​។ ៤​ក្រុម​ដែល​ឆ្លង​ផុត​ដល់​វគ្គ​នេះ​រួមមាន Tottenham Hotspur, Manchester City, Liverpool និង Manchester United ពី​លី​គ​កំពូល​អង់គ្លេស Premier League សម្រាប់​រដូវ​កាល​នេះ​។​


 
​ការទទួលបាន​ជ័យជម្នះ​របស់ Liverpool លើ​ក្រុម Bayern Munich ក្នុង​លទ្ធផល​ទាំងពីរ​ជើង ៣-១ នៅ​វគ្គ ១៦​ក្រុម​ចុងក្រោយ បានធ្វើ​ឲ្យ​ក្រុម​ពី​អង់គ្លេស​ចំនួន​៤ អាច​បង្ហាញខ្លួន​នៅ​វគ្គ​១/៤​ផ្តា​ត់​ព្រ័ត្រ​ក្នុង​ក្របខណ្ឌ​អឺរ៉ុប​នេះ​។ នេះ​ក៏​មានន័យថា​ក្នុងចំណោម​ក្រុម​ទាំង​៤ ហោចណាស​ក៏មាន​២​ក្រុម​ពី​អង់គ្លេស នឹងត្រូវ​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដែរ​។​
 
​បើ​រំលឹក​ចាប់តាំងពី​ការប្តូរឈ្មោះ​ពាន European Cup ទៅជា UEFA Champions League ក្នុង​ឆ្នាំ​១៩៩២​មករ​ហូត​បច្ចុប្បន្ន ក្រុម​ពី​អង់គ្លេស​ធ្លាប់មាន​ក្រុម​៤​ឡើងដល់​វគ្គ​៨​ក្រុម​ចុងក្រោយ​ដល់​ទៅ​៣​ដង​ឯណោះ ខណៈ​លី​គ​ធំៗ​ពី​ក្របខណ្ឌ​ផ្សេងទៀត​ដែលមាន​កូតា​៤​ក្រុម​ដូចជា La Liga របស់​អេ​ស្ប៉ា Serie A អ៊ីតាលី និង Bundesliga របស់​អាល្លឺម៉ង់ មិន​ធ្លាប់មាន​ប្រវត្តិ​ដូច​អង់គ្លេស​ឡើយ​។​
 
​ក្នុងចំណោម ៣​លើក​ដែលមាន​វត្តមាន​ក្រុម​ពី Premier League ៤​ក្រុម​ឆ្លង​ចូលដល់​វគ្គ​៨​ក្រុម​ចុងក្រោយ គឺ​ក្នុង​រដូវ​កាល ២០០៧-០៨ (Man Utd, Liverpool, Arsenal និង Chelsea), ២០០៨-០៩ (Man Utd, Liverpool, Arsenal, Chelsea) និង​២០១៨-១៩ (Spus, Man United, Man City, Liverpool)​។ 
 
​យ៉ាងណាក៏ដោយ​ក្រុម​ពី La Liga បើ​ទោះ​មិន​ធ្លាប់មាន​ប្រវត្តិ​ដូច​អង់គ្លេស​ក្តី ប៉ុន្តែ​ពួកគេ​មាន​៣​ក្រុម​ឆ្លង​ដល់​វគ្គ​៨​ក្រុម​នេះ​ដល់​ទៅ​១០​ដង​៕

Tag:
 ​បាល់ទាត់​
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com