អន្តរជាតិ
លោក ម៉ា​ក្រុង​៖ ការវិនិយោគ​ល្អ គឺ​គោរព​ម្ចាស់ផ្ទះ​, បង្កើត​ការងារ​ក្នុងស្រុក និង​មិនបង្កើត​បំណុល​
14, Mar 2019 , 9:19 pm        
រូបភាព
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នាដំណើរទស្សនកិច្ចនៅកេនយ៉ា។ (រូបភាព AFP)
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង នាដំណើរទស្សនកិច្ចនៅកេនយ៉ា។ (រូបភាព AFP)
​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​អាហ្វ្រិក ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​និយាយ​រិះគន់​របៀប​វិនិយោគ​របស់​ចិន​នៅ​ទ្វីប​មួយ​នេះ​មិនចេះ​ដាច់​ពី​មាត់​។ នៅ​ជី​ប៊ូ​ទី លោក ម៉ា​ក្រុង បាន​ព្រមាន​ប្រទេស​អាហ្វ្រិក​ពី​ហានិភ័យ​បាត់បង់​អធិបតេយ្យ​រប​ស់​ខ្លួន​នៅពេលដែល​ឥទ្ធិពល​សេដ្ឋកិច្ច​ចិន​រីក​រាលដាល​ពេញ​ដែល​ទ្វីប​សម្បូរ​ធនធាន​។ ទៅដល់​កេ​ន​យ៉ា មេដឹកនាំ​បារាំង​ក៏​រិះគន់​ចិន​ដែល​ធ្វើ​ឲ្យ​រដ្ឋ​អាហ្វ្រិក​ធ្លាក់ខ្លួន​ក្នុង​បំណុល​ដោយសារ​កម្ចី​របស់ខ្លួន​។​

 
​កេ​ន​យ៉ា គឺជា​គោលដៅ​ទី​បី​បន្ទាប់ពី​ជី​ប៊ូ​ទី និង​អេ​ត្យូ​ពី​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ដែលមាន​គោលដៅ​ចែចូវ​រដ្ឋ​អាហ្វ្រិក​ឲ្យ​មក​កៀក​បារាំង​។ លោក ម៉ា​ក្រុង និង​សម​ភាគី​កេ​ន​យ៉ា អ៊ូ​ហ៊ូ​រូ កេ​ន​យ៉ា​តា បាន​ធ្វើជា​អធិបតី​លើ​ការចុះ​កិច្ចព្រមព្រៀង​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ទំហំ​ទឹកប្រាក់​ដល់​ទៅ​បី​ពាន់​លាន​អឺរ៉ូ​។​
 
​នៅ​អាហ្វ្រិក​ជា​ទ្វីប​ដែល​ចិន​កំពុង​បង្កើន​ឥទ្ធិពល​ឥតឈប់ឈរ​នោះ គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក ម៉ា​ក្រុង គឺ​ការពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច វប្បធម៌ នយោបាយ និង​យោធា​ជាមួយ​រដ្ឋ​អាហ្វ្រិក បន្ទាប់ពី​មិនសូវ​យកចិត្ត​ទុក​ទ្វីប​នេះ​ច្រើន​ឆ្នាំ​មក​។ ការមិន​សូវ​របស់​អើពើ​របស់​ប្រទេស​ប៉ែក​អឺរ៉ុប ក្លាយជា​ឱកាស​របស់​ចិន​ក្នុងការ​លូកដៃ​ចូល​ទ្វីប​មួយ​នេះ ដែល​ប៉ុន្មាន​ឆ្នាំ​មកនេះ​បាន​បោះទុន​រាប់ពាន់​លាន​ដុល្លារ​លើ​គម្រោង​ជាច្រើន​។ 
 
​លោក ម៉ា​ក្រុង បាន​និយាយ​វាយប្រហារ​មហាអំណាច​មួយ​នេះ​ដោយ​ចំហ​ផង និង​មិន​ចំហ​ផង​ពិសេស​ការ​របៀប​រកស៊ី​ដែល​មិនសូវ​ត្រឹមត្រូវ និង​ការផ្ដល់​ប្រាក់កម្ចី​ច្រើនពេក​។ ប្រធានាធិបតី​បារាំង​រូបនេះ​និយាយថា បារាំង​ចង់បាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដែលមាន​យុត្តិធម៌ និង​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាជន​កេ​ន​យ៉ា​។ លោក​បន្ថែមថា ការវិនិយោគ​ដែល​ល្អ គឺ​ការវិនិយោគ​ដែល​គោរព​ប្រទេស​អ្នកទទួល ហើយ​ប្រកបដោយ​ស្ថិរភាព​ផង​។​
 
​ចំណែក​ការវិនិយោគ​មិនល្អ ត្រូវបាន​ប្រធានាធិបតី​វ័យក្មេង​រូបនេះ​ពន្យល់ថា ជាការ​វិនិយោគ​គម្រោង​ធំៗ​នៅ​ប្រទេស​ផ្សេង​ដោយ​មិនបាន​ផ្ដល់​ការងារ​ដល់​ប្រជាជន​ក្នុងស្រុក ហើយ​ត្រូវបាន​គាំទ្រ​ប្រភព​ហិរញ្ញវត្ថុ​ជា​កម្ចី​រយៈពេល​វែង ដែល​នោះ​នាំ​ឲ្យ​ប្រទេស​ទទួល​កម្ចី​ធ្លាក់ខ្លួន​ក្នុង​បញ្ហា​បំណុល​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​សូមបញ្ជាក់ថា ក្រោម​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​វិថី ចិន​បាន​ក្លាយជា​ដៃគូ​កាន់តែ​សំខាន់​របស់​អាហ្វ្រិក​តាម​រយៈ​ការវិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​មាន​ស្ពាន ផ្លូវថ្នល់ ផ្លូវ​រថភ្លើង និង​អាកាសយានដ្ឋាន​ជាដើម​។ ប្រទេស​អាហ្វ្រិក​ចូលចិត្ត​លុយ​ចិន ព្រោះ​មិនមាន​លក្ខខណ្ឌ​សាំ​ញាំ​ច្រើន ហើយក៏​មិនមាន​ចំណង​អ្វី​ច្រើន​ដែរ ដែល​ពួកគេ​អះអាងថា មិន​ដូច​ខ្ចីលុយ​ពី​លោកខាងលិច​ឡើយ​៕ 
 

Tag:
 បារាំង​
  អាហ្វ្រិក​
  ចិន​
  អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង​
© រក្សាសិទ្ធិដោយ thmeythmey.com