ជាតិ
អាជ្ញាធរភ្នំពេញ ឲ្យមេបក្សខ្មែរក្រោក កែតម្រូវពាក្យសម្តី បើមិនចង់ប្រឈមផ្លូវច្បាប់ លោក វិល្លាម ហ្គ័ង ប្រធានគណបក្សខ្មែរក្រោក
× រដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅវិល្លាម ហ្គ័ង ប្រធានគណបក្សខ្មែរក្រោក ឲ្យពិនិត្យកែតម្រូវឡើងវិញនូវពាក្យ ដែលលោកបានបង្ហោះក្នុងទំព័រហ្វេសប៊ុក ដើម្បីចៀសវាងចំណាត់ការតាមផ្លូវច្បាប់ពីបទ «ការប្រមាថ និងការប្រឆាំងនឹងអ្នករាជការសាធារណៈ»។
ការចេញលិខិស្នើឲ្យមានការកែតម្រូវនៅថ្ងៃទី១៣មីនានេះ គឺបន្ទាប់ពីលោក វិល្លាម ហ្គ័ង សរសេរបង្ហោះក្នុងទំព័រហ្វេសប៊ុកនាពេលកន្លងមកថា៖«...សួរថា តើស្គាល់សម្ដីចៅហ្វាយក្រុង និងស្ដាប់សំឡេង គីគី ព្រុសមួយណាល្អជាង...»។ ការសរសេររបស់លោក គឺទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅផ្លូវ២១៧ និងការគ្រប់គ្រងការចរាចរណ៍រថយន្តធ្ងន់ក្នុងក្រុង។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ក្នុងលិខិតថា ការប្រើពាក្យពេចន៍អសីលធម៌ គ្មានមូលដ្ឋាន និងផ្ទុយពីការពិតបែបនេះ គឺជាការបង្ខូចឈ្មោះ ប៉ះពាល់ដល់កិត្តិយសរបស់អ្នករាជការសាធារណៈ និងស្ថាប័នសាលារាជធានីភ្នំពេញ។
ថ្ងៃទី១៤មីនានេះ លោក វិល្លាម ហ្គ័ង បានសរសេរឆ្លើយតបជាមួយរដ្ឋបាលរាជធានីភ្នំពេញក្នុងទំព័រហ្វេសប៊ុកថា៖«សម្រាប់ខ្ញុំ សិទ្ធិនៃការស្ដាប់របស់ខ្ញុំ គឺស្ដាប់ គីគីព្រុសវាពីរោះជាង ហើយពុំមានចេតនាណាហ៊ានទៅប្រមាថអស់លោកទេ នេះជាសេរីភាពនៃការស្ដាប់របស់ខ្ញុំ។ តែពាក្យមួយឃ្លាដែលងាយយល់នេះ បើបង្កជាការភ័ន្តច្រឡំ ខ្ញុំ ឯកភាពក្នុងការកែប្រែ ដើម្បីចៀសវាងការភ័ន្តច្រឡំ និងកុំឲ្យរំខានពេលសាលាក្រុងមកប្ដឹងខ្ញុំ ដើម្បីឲ្យសាលាក្រុងយកពេលនោះបម្រើសេវាសាធារណៈ ជាពិសេសយកពេលចាត់វិធានការលើឡានធំចូលក្រុងវិញ»៕
Tag:
វិល្លាម ហ្គ័ង
សាលារាជធានី
© រក្សាសិទ្ធិដោយ thmeythmey.com