ជាតិ
រដ្ឋមន្ត្រីពាណិជ្ជកម្ម បញ្ជាឲ្យមន្ត្រីកាំកុងត្រូលវែកមុខឈ្មួញ ដែលនាំចូលទំនិញខូចគុណភាព មកដាក់ទោសតាមច្បាប់ រូបភាពពីក្រសួងពាណិជ្ជកម្ម
× ភ្នំពេញ៖ ដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋប្រជាពលរដ្ឋនោះ មន្ត្រីកាំកុងត្រូល ត្រូវវែកមុខឈ្មួញខិលខូចដែលនាំចូលទំនិញ និងអ្នកពាក់ព័ន្ធទាំងអស់ យកមកផ្តន្ទាទោសតាមច្បាប់។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ។
លោក ប៉ាន សូរស័ក្តិ បានស្នើឲ្យមន្ត្រីទាំងអស់ រឹតបន្ដឹងការត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារឱ្យបានហ្មត់ចត់ ដោយមិនគ្រាន់តែដកហូតទំនិញខូចគុណភាពប៉ុណ្ណោះទេ តែត្រូវស្វែងរកឈ្មួញទុច្ចរិតមកដាក់ទោសតាមច្បាប់ផងដែរ។ ជាមួយគ្នានេះក្រសួងពាណិជ្ជកម្ម កំពុងរៀបចំច្បាប់សំខាន់៣ ដើម្បីពង្រឹងតួនាទីភារកិច្ច និងពង្រីកដែនសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ឱ្យមានលក្ខណៈច្បាស់លាស់ និងកាន់តែមានប្រសិទ្ធភាព ក្នុងការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ការពារអ្នកប្រើប្រាស់ និងធានាការធ្វើពាណិជ្ជកម្មប្រកបដោយសមធម៌ នៅក្នុងប្រទេសកម្ពុជា។
ហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម ដែលបានស្រង់សម្តីលោក ប៉ាន សូរស័ក្តិ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីពាណិជ្ជកម្ម និងកាំកុងត្រូលខេត្តរតនគិរី ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ បានសរសេរដូច្នេះថា៖ «នៅពេលច្បាប់ទាំងបីនេះអនុម័ត មន្ត្រីកាំកុងត្រូលរបស់យើង នឹងមានសមត្ថកិច្ចកាន់តែខ្លាំង ក្នុងការទប់ស្កាត់ការផលិត និងចែកចាយទំនិញក្លែងក្លាយ គ្មានគុណភាព ឬខូចគុណភាព ព្រមទាំងផ្អាកសកម្មភាពធុរកិច្ចទុច្ចរិត ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ទំនិញ ឬសេវាកម្ម និងលើកទឹកចិត្តអ្នករកស៊ីត្រឹមត្រូវ ឱ្យពង្រីកធុរកិច្ច ឬវិនិយោគលើវិស័យផ្សេងៗទៀត ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយរាជរដ្ឋាភិបាល»។
កាលពីថ្ងៃទី១២ មីនា អាជ្ញាធរបានដុតបំផ្លាញទំនិញក្លែងក្លាយ និងខូចគុណភាពសរុបជាង ៧០តោន។ ថ្លែងក្នុងពិធីបំផ្លាញទំនិញក្លែងក្លាយនោះ សម្ដេច ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវតែរួមគ្នាបង្ក្រាបបទល្មើស «ទំនិញក្លែងក្លាយ និងខូចគុណភាព» ឱ្យខាងតែបាន។ សម្ដេច ស ខេង បាននិយាយសង្កត់ធ្ងន់ថា បើសមត្ថកិច្ចបង្ក្រាបបានករណីទំនិញក្លែងក្លាយហើយ ប៉ុន្តែចាប់អ្នកប្រព្រឹត្ត ឬឈ្មួញខិលខូច ដែលនាំចូលទំនិញខុសច្បាប់មកផ្ដន្ទាទោសមិនបានទេ នោះសម្ដេចនឹងមិនចូលរួមជាអធិបតី នៅក្នុងពិធីដុតបំផ្លាញទំនិញខូចគុណភាពទៀតឡើយ៕
Tag:
វែកមុខ
ទំនិញខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com