កំណាព្យ
ជាតិ
តោះ​ទម្លាក់​ដប​ស្រា ស្រវា​សៀវភៅ​!
16, Mar 2019 , 8:29 am        
រូបភាព
ដោយ: ថ្មីៗ
​បទ សឹង្ហ​តោ​លេង​កន្ទុយ​

 
-​ចេះ​មិន​ប្រើ ​ស្មើនឹង​អត់ ​ខ្សត់​ខ្សោះ​ខ្សោយ​
​ចេះ​ក៏ដោយ​ ​ធ្លោយ​ឈប់​អាន ​បាន​បោះបង់​
​ឱកាស​មាស ​ចៀស​ឆ្ងាយ​ប្រាជ្ញ អាប់ឱន​អង្គ​
​ប្រាជ្ញ​ប្រាប់​ត្រង់ ​ថា​អាន​ច្រើន ​កើន​កាក់កប​។​
 
-​បាន​ចំណេះ ​ចេះ​គិត​ជ្រៅ​ ​ទោះ​ទៅ​ទាល់​
​អាន​នាំ​ស្គាល់​ ​យល់​ជីវិត​ ​ស្រួល​ស្រាយ​ស្រប​
​លោក​សម័យ​ ​ក្រៃ​ចម្រើន​ ​តើន​តោង​តប​
​ទម្លាក់​ដប​ ​គ្រឿង​ស្រវឹង ​ប្រឹង​ប្រែ​ប្រាណ​។​
 
-​ចាប់​សៀវភៅ​ ​តទៅទៀត ​ឆ្លៀត​ឆ្លាស់​ឈ្លាស​
​ត្រូវ​រវៀស​ ​ចៀស​ឈប់​ខ្ជិល​ ​ខិល​ខកខាន​
​ដាក់​Facebook ​ទុក​នាំ​កូន​ ​ឲ្យ​អាច​អាន​
​ស្រុក​ថ្កើងថ្កាន ​បាន​ព្រោះ​រាស្ត្រ​ រួមរ​ករៀន​។​
 
-​ទាំង​ទន់​រឹង​ ​ប្រឹង​តម្រង់​ ​ផ្ចិតផ្ចង់​ភ្ជិត​
​រួមគ្នា​គិត​ ​មឹត​កំចាត់​ ​ខ្លៅ​ខ្លាច​ឃ្លាន​
​រាស្ត្រ​ចេះដឹង​ ​ដឹង​តែ​ជាតិ​ ​មាំ​មាឌ​មាន​
​គេ​លែង​ហ៊ាន​ ​មើលស្រាល​យើង ​ឡើង​លូតលាស់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com