អន្តរជាតិ
ហ្វីលីពីន ចាក​ចេញពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ផ្លូវការ​
17, Mar 2019 , 10:55 am        
រូបភាព
​សមាជិក​អាស៊ាន​ហ្វីលីពីន នឹង​ចាកចេញ​ជា​ផ្លូវការ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នៅ​ថ្ងៃទី​១៧ ខែមីនា​។ ហ្វីលីពីន​ប្រកាស​ចាកចេញ​ពី​តុលាការអន្តរជាតិ​មួយ​នេះ​កាលពី​ឆ្នាំ​២០១៨ ព្រោះតែ​រដ្ឋអាជ្ញា​អន្តរជាតិ​បើក​ការស៊ើបអង្កេត​បឋម​ពី​សកម្មភាព​របស់​រដ្ឋា​ភិ​បាល​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ក្នុង​សង្គ្រាម​បង្ក្រាប​គ្រឿងញៀន​ដ៏​បង្ហូរឈាម​។ អ្វី​ត្រូវ​ស៊ើបអង្កេត​នោះ គឺ​លទ្ធភាព​ដែល​កម្លាំង​សន្តិសុខ​ហ្វីលីពីន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​មនុស្សជាតិ​។​

 
​ថ្ងៃទី​១៧ ខែមីនា ជា​កាលបរិច្ឆេទ​ដែល​ហ្វីលីពីន​ដកខ្លួន​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ផ្លូវការ​។ ហ្វីលីពីន ជា​ប្រទេស​ទី​ពីរ​ដែល​ដើរ​ចេញពី​តុលាការ​ព្រហ្មទណ្ឌ​អចិន្ត្រយ៍​មួយ​នេះ​។ រដ្ឋាភិបាល​ក្រុង​ម៉ានីល​ប្រាប់​អង្គការសហប្រជាជាតិ​ពី​បំណង​ដកខ្លួន​កាលពី​ឆ្នាំ​២០១៨ បន្ទាប់ពី​តុលាការ​នេះ​បើក​ការស៊ើបអង្កេត​លើ​ករណី​សម្លាប់​មនុស្ស​ក្នុង​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន​ទូទាំងប្រទេស​។​
 
​លោក Eri Kaneko អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា អគ្គលេខាធិការ អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស បាន​ជូនដំណឹង​ទៅកាន់​រដ្ឋ​ភាគី​ពាក់ព័ន្ធ​ពី​ការដកខ្លួន​របស់​ហ្វីលីពីន​ដែល​ចូល​ធរមាន​នៅ​ថ្ងៃទី​១៧ ខែមីនា​នេះ​។ 
 
​សង្គ្រាម​គ្រឿងញៀន ជា​នយោបាយ​ដ៏​សំខាន់​របស់​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ហើយ​លោក​បាន​និយាយ​ការពារ​សង្គ្រាម​មួយ​យ៉ាងខ្លាំង ទោះ​រង​ការរិះគន់​ពី​ប្រទេស​ជុំវិញ​ពិភពលោក និង​អង្គការសិទ្ធិមនុស្ស​ជាច្រើន​ក្ដី​។ លោក​បាន​រិះគន់​វិញ​ថា ប្រទេស​ទាំងនោះ មិន​ខ្វល់​ពី​បញ្ហា​គ្រឿងញៀន​ដែលជា​បញ្ហា​រ៉ាំរ៉ៃ​នៅ​ហ្វីលីពីន និង​គិតគូរ​តែ​សិទ្ធិមនុស្ស​ខ្លាំងពេក​។ មេដឹកនាំ​ហ្វីលីពីន​រូបនេះ​ក៏​ថែមទាំង​ធ្លាប់​ជេរប្រមាថ​មេដឹកនាំ​បរទេស​ដោយសារ​រឿងនេះ​ផង​។​
 
​ទោះ​ហ្វីលីពីន​ដកខ្លួន​ក្ដី មន្ត្រី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​និ​យា​ថា ការស៊ើបអង្កេត​បឋម​ដែល​ដឹកនាំ​ដោយ​រដ្ឋអាជ្ញា​លោកស្រី Fatou Bensouda នឹង​បន្តធ្វើ​ដោយ​មិន​រអាក់រអួល​ឡើយ​។ នេះ​បើតាម​ច្បាប់​របស់​តុលាការ​នេះដែរ​ចែងថា ទង្វើ​ណាមួយ​ដែល​កើតឡើង​មុនពេល​រដ្ឋ​មួយ​ចាកចេញ គឺ​នៅតែ​ស្ថិតក្រោម​យុត្តាធិការ​របស់​តុលាការ​ដដែល​។  
 
​លោក ឌូ​ទើ​តេ ដែល​ដក​ហ្វីលីពីន​ចេញពី​តុលាការអន្តរជាតិ​នេះ ក៏​ប្រកាស​ដែរ​ថា ប្រទេស​លោក​គ្មាន​បំណង​សហការ​ជាមួយ​ស្ថាប័ន​យុត្តិធម៌​មួយ​នេះឡើយ ទោះ​ក្នុង​រូបភាព​អ្វី​ក៏ដោយ​។ ការស៊ើបអង្កេត​បឋម ជា​នីតិវិធី​ដំបូង​មុន​ការស៊ើបអង្កេត​ពេញលេញ ហើយ​សម្រាប់​ហ្វីលីពីន រដ្ឋអាជ្ញា​អន្តរជាតិ​នឹង​ស្វែងរក​ការពិត​ទាក់ទង​នឹង​សកម្មភាព​របស់​រដ្ឋាភិបាល​លោក ឌូ​ទើ​តេ ជុំវិញ​ការសម្លាប់​មនុស្ស​រាប់ពាន់​នាក់​ក្នុង​យុទ្ធនា​ការដែល​ចាប់ផ្ដើម​តាំងពី​ពាក់កណ្ដាល​ឆ្នាំ​២០១៦ មក​៕
 
 

Tag:
 ហ្វីលីពីន​
  ICC
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ
© រក្សាសិទ្ធិដោយ thmeythmey.com