សៀមរាប៖ អាជ្ញាធរជាតិអប្សរា សហការជាមួយអាជ្ញាធរមូលដ្ឋាន បាននិងកំពុងស្ដារស្ទឹងព្រះស្រុក ដែលមានភូមិសាស្ដ្រនៅក្នុងស្រុកពួក។ បច្ចុប្បន្ន ដីស្រែប្រមាណជាង៣០០ហិកតា ពឹងផ្អែកលើស្ទឹងមួយនេះ ពិសេសនារដូវប្រាំង។ អ្នកជំនាញថា ការស្ដារស្ទឹងនេះបានប្រយោជន៍ទាំងរដូវប្រាំង និងវស្សា គឺនៅខែប្រាំង ស្ទឹងនេះអាចស្ទាក់ ឬស្ដុកទឹកបានច្រើន។ រីឯខែវស្សា អាចរំដោះទឹកជំនន់មិនឱ្យជន់លិចតំបន់អង្គរ ក៏ដូចជាភូមិក្បែរៗនោះបាន ដែលបណ្ដាលមកពីស្ទះចរន្តលំហូរទឹកក្នុងស្ទឹង។
សូមស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាប ដូចតទៅ
រមណីយដ្ឋានអង្គរ គ្របដណ្ដប់លើផ្ទៃដី ៤០១គីឡូម៉ែត្រក្រឡា ដោយផ្នែកខាងកើតចាប់ពីភ្នំគូលែន រហូតដល់ស្រុកពួក ដែលស្ថិតនៅផ្នែកលិចក្រុងសៀមរាប។ ការងារគ្រប់គ្រងទឹក គឺជាការងារដ៏សំខាន់មួយសម្រាប់អ្នកអភិរក្ស ដ្បិតថា ទឹកមានទំនាក់ទំនងសំខាន់ទៅនឹងគ្រឹះប្រាសាទ។
ជាផ្នែកមួយនៃការងារនេះ នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សា ក៏ដូចជាបញ្ជៀសទឹកជំនន់នានាចេញពីតំបន់អង្គរផងដែរ។ ក្នុងនោះក៏មានការស្ដារប្រព័ន្ធធារាសាស្ដ្របុរាណ សង់ទ្វារទឹក និងទំនប់ស្ទាក់ទឹកជាដើម ប្រយោជន៍ទាំងការងារគ្រប់គ្រងប្រាសាទ និងសម្រាប់ប្រជាពលរដ្ឋ។
ថ្មីៗនេះ អាជ្ញាធរជាតិអប្សរា បាននិងកំពុងស្ដារស្ទឹងព្រះស្រុក ដែលជាផ្នែកមួយសំខាន់ ភ្ជាប់បណ្តាស្ទឹង ក៏ដូចជាប្រឡាយទឹកចេញពីតំបន់អង្គរ។ ការស្ដារនេះ មានបំណងពីរសំខាន់ៗ គឺដើម្បីបញ្ចៀសទឹកជំនន់នារដូវវស្សា និងស្ដុកទឹកនៅរដូវប្រាំង សម្រាប់ស្រោចស្រពដីស្រែរបស់ប្រជាពលរដ្ឋ។
លោក រ៉ម វិចិត្រ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានរំឮកពីដើមទងនាំឱ្យមានការស្ដារស្ទឹងព្រះស្រុកនេះថា ដោយសារនៅឆ្នាំ២០១២ អាជ្ញាធរជាតិអប្សរាបានស្ដារប្រព័ន្ធរំដោះទឹកជំនន់ដើម្បីការពាររមណីយដ្ឋានអង្គរក៏ដូចជាក្រុងសៀមរាប ដែលមួយផ្នែកធំបានបញ្ជៀសមកស្រុកពួក។ ក្នុងនោះដែរ អាជ្ញាធរបានគិតថា ការរំដោះនេះមិនមែនធ្វើត្រឹមឱ្យផុតតែតំបន់អង្គរទេ គឺត្រូវបន្តការពារអ្នកភូមិផងដែរ ដូច្នេះហើយទើបឆ្នាំ២០១៥ អាជ្ញាធរជាតិអប្សរាចាប់ផ្តើមស្ដារប្រព័ន្ធធារាសាស្ដ្រនៅស្ទឹងព្រះស្រុកនេះ។ នៅឆ្នាំ២០១៥ អាជ្ញាធរបានស្ដារស្ទឹងនេះម្ដងរួចមកហើយ ដែលមានប្រវែង ២គីឡូម៉ែត្រ ក៏ដូចជាសង់ស្ពានមួយកន្លែង និងរៀបចំឆាយដីធ្វើផ្លូវសងខាងស្ទឹងជាដើម។
ក្នុងការស្ដារស្ទឹងប្រវែង២គីឡូម៉ែត្រនោះ បានផ្តល់សារសំខាន់ច្រើនទាំងការរំដោះទឹកជំនន់ក្នុងតំបន់អង្គរ ពិសេសអាចស្ដុកទឹកសម្រាប់ឱ្យពលរដ្ឋធ្វើស្រែប្រាំង។ យ៉ាងណា ដោយសារការបន្តពង្រីកផ្ទៃដីស្រែកាន់តែកើនឡើង ដែលសព្វថ្ងៃមានការពង្រីកបន្ថែមជាង ៣០០ហិកតា ធ្វើឱ្យទឹកក្នុងស្ទឹងព្រះស្រុកមានកង្វះខាតនៅឆ្នាំនេះ ទើបមានការស្នើសុំឱ្យបន្តស្ដារស្ទឹងនេះបន្ថែម ដែលការស្ដារលើកទី២នេះ មានប្រវែង១៥០០ម៉ែត្រ ក្នុងជម្រៅបាតប្រវែង ១៧ម៉ែត្រ។ តាមគម្រោង ការស្ដារនេះនឹងប្រើពេល៣ខែ ដែលចាប់ផ្តើមពីពាក់កណ្ដាលខែ កុម្ភៈ រហូតដល់ខែ ឧសភា។
ក្រៅពីអត្ថប្រយោជន៍សម្រាប់រំដោះទឹកជំនន់ និងទុកស្រោចស្រពស្រែប្រាំងរបស់ប្រជាពលរដ្ឋនៅតំបន់ស្រុកពួកហើយនោះ ការស្ដារនេះក៏បានជួយពន្លឿនលឿនទឹកចុះពីតំបន់អង្គរទៅទន្លសាបផងដែរ។ ជាមួយនោះ ក៏បានសម្រួលដល់ការធ្វើចរាចរណ៍ទូកនេសាទរបស់ប្រជាពលរដ្ឋនារដូវវស្សា ក៏ដូចជាដឹកជញ្ជូនទំនិញផ្សេងៗផងដែរ។
តាមពិតទៅ ចាប់តាំងពីឆ្នាំ២០១២ ក្រោយតំបន់អង្គរជួបគ្រោះទឹកជំនន់រួចមក អាជ្ញាធរជាតិអប្សរាតាមរយៈនាយកដ្ឋានគ្រប់គ្រងទឹកបានចាប់ផ្តើមស្ដារប្រព័ន្ធធារាសាស្ដ្របុរាណនៅជុំវិញតំបន់អង្គរដូចជាប្រឡាយ និងស្ទឹងជាដើម ដែលសរុបការស្ដារទាំងនោះមានប្រវែងសរុបប្រមាណ ៣៨គីឡូម៉ែត្រ។ ក្នុងនោះក៏មានធ្វើជាសំណង់ស្ទាក់ទឹកជាច្រើនកន្លែងផងដែរ។
លោក ចិក ប៉ិ ប្រជាពលរដ្ឋរស់នៅស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក បានលើកឡើងថា លោករីករាយជាខ្លាំងចំពោះការស្ដារស្ទឹងនេះ ហើយរំពឹងថា នៅឆ្នាំទៅមុខនឹងមានទឹកគ្រប់គ្រាន់សម្រាប់ធ្វើស្រែប្រាំង។ នៅតំបន់នេះ លោក ចិក ប៉ិ រួមនិងពលរដ្ឋដទៃទៀតក្នុងភូមិ អាចធ្វើស្រែបានពីររដូវក្នុងមួយឆ្នាំចន្លោះពីខែ មេសា ដល់ខែ វិច្ឆិកា ឬខែធ្នូ។ យ៉ាងណា ពលរដ្ឋនៅទីនេះបារម្ភពីកង្វះទឹក ដ្បិតថា មានការពង្រីកផ្ទៃដីស្រែច្រើនឡើងពីអ្នកភូមិ។ ចំណុចនេះ ក៏ជាបញ្ហារបស់មន្ត្រីអាជ្ញាធរជាតិអប្សរាដែរ។
ក្រុមការងាររបស់នាយកដ្ឋានគ្រប់គ្រងទឹករំពឹងថា ក្រោយពេលស្ដារហើយទឹកក្នុងស្ទឹងព្រះស្រុកនឹងមានច្រើនជាងមុន សម្រាប់បម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅតំបន់នេះ។ យ៉ាងណាក៏ដោយ លោក រ៉ម វិចិត្រ ក៏សំណូមពរដល់ពលរដ្ឋដែលរស់នៅស្របតាមស្ទឹងនេះ ត្រូវមានការថែរក្សាបរិស្ថានឱ្យបានល្អ ដោយមិនត្រូវបោះចោលសំរាម កាកសំណល់ផ្សេងៗ ឬបង្ហូរទឹកស្អុយចូលឡើយ។ ហើយនារដូវនេះ លោកសុំឱ្យពលរដ្ឋមានការប្រើប្រាស់ទឹកដោយសន្សំសំចៃផងដែរ ដ្បិតថាឆ្នាំនេះកម្ពុជាជួបគ្រោះរាំងស្ងួតដែលគួរមានការប្រុងប្រយ័ត្ន៕