ជាតិ
ក្រោយ​ទស្សនា​អង្គរវត្ត លោក មូ​ន ចេ​អ៊ី​ន ថា អច្ឆរិយ​ទន្លេមេគង្គ​នឹង​កើតឡើង​យ៉ាង​ប្រាកដ​
17, Mar 2019 , 11:31 am        
រូបភាព
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ទើប​បញ្ចប់​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា​នៅ​ថ្ងៃទី​១៦ ខែមីនា​។ ក្រៅពី​ចូលគាល់​ព្រះមហាក្សត្រ និង​ជួបចរចា​ជាមួយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក មូ​ន ចេ​អ៊ី​ន ក៏​ធ្វើ​ទស្សនា​ប្រាសាទ​ពិធូរ និង​ប្រាសាទអង្គរវត្ត​ក្នុង​ខេត្តសៀមរាប​ផង​។ ជាមួយនឹង​ការ​ស្ងើចសរសើរ​ប្រាង្គ​ប្រាសាទ​របស់​ខ្មែរ ប្រធានាធិបតី​កូរ៉េខាងត្បូង​រូបនេះ​និយាយថា អច្ឆរិយ​ទន្លេមេគង្គ នឹង​កើតឡើង​យ៉ាង​ប្រាកដ​។

 
​ទស្សនកិច្ច​នៅ​តំបន់​ប្រាសាទ​អង្គរ​របស់​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន និង​ភរិយា ធ្វើឡើង​តាម​សំណើ​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា​។ លោក មូ​ន ដែល​ចាក​ចេញពី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​១៦ ខែមីនា​ក្រោយ​បញ្ចប់​ទស្សនកិច្ច​ផ្លូវរដ្ឋ​បី​ថ្ងៃ បានបង្ហាញ​ការគោរព​ចំពោះ​សម្បត្តិ​បេតិកភណ្ឌ​របស់​កម្ពុជា ជាមួយនឹង​ការនិយាយ​លើកសរសើរ​ផង​។​
 
 
​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​បង្ហោះ​សារ​តាម​គណនី Twitter និង Facebook ផ្លូវការ​របស់ខ្លួន​ថា ក្ដី​គោរព​របស់លោក​ចំពោះ​ប្រជាជន​កម្ពុ​ជាមាន​កាន់តែ​ជ្រាលជ្រៅ​ថែមទៀត ពេល​បាន​ឈរ​ខាងមុខ​ប្រាសាទអង្គរវត្ត​។ លោក​មាន​អារម្មណ៍​ថា ប្រទេស​នីមួយៗ​មាន​សក្តានុពល​ផ្សេងគ្នា​ក្នុងការ​សរសេរ​ប្រវត្តិសាស្ត្រ​រៀងៗ​ខ្លួន ហើយ​ប្រាសាទអង្គរវត្ត គឺជា​អតីតកាល​របស់​កម្ពុជា ហើយ​ក្នុងពេល​ដំណាលគ្នា​នេះ ក៏​ជា​អនាគត​របស់​កម្ពុជា​ដែរ​។​


 


 
«​ខ្ញុំ​មានជំនឿថា អច្ឆរិយ​ទន្លេមេគង្គ​នឹង​កើតឡើង​មិន​ខាន​។​» នេះ​ជាការ​លើកឡើង​របស់​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​ក្នុង​សារ​តាម Twitter ដដែល​។ លោក​ក៏បាន​អរ​ព្រះ​គុណ​ព្រះមហាក្សត្រ ព្រះករុណា​សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់​បដិសណ្ឋារកិច្ច​ដ៏​ល្អ និង​បានអនុញ្ញាត​ឲ្យ​រូបលោក​បានឃើញ​ផ្ទាល់​ភ្នែក​នូវ​អរិយធម៌​ខ្មែរ​៕




 
 

Tag:
 មូ​ន ចេ​អ៊ី​ន​
  កូរ៉េខាងត្បូង​
  អង្គរវត្ត​
  កម្ពុជា​
  ទន្លេមេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com