ក្រោយធ្វើជាយុវជនថ្នាលប្រមាណពីរឆ្នាំ គឹម ចាន់ធូ ដែលមានវ័យ១៩ឆ្នាំ បានវិវត្តខ្លួនទៅជាកីឡាករជម្រើសជាតិរបស់សហព័ន្ធកីឡាទោចក្រយាននៅឆ្នាំ២០១៨។ ការខិតខំព្យាយាមហ្វឹកហាត់ជាមួយការដាក់គោលដៅច្បាស់លាស់ជួយឲ្យ ចាន់ធូ មានសមត្ថភាពខ្លាំងអាចប្រកួតប្រជែងជាមួយរៀមច្បង និងទទួលបានឱកាសទៅប្រកួតលើឆាកអន្តរជាតិជាញឹកញាប់។ តាមរយៈជោគជ័យលើឆាកជាតិ និងអន្តរជាតិជួយឲ្យកីឡាកររូបនេះ មានមុខមានមាត់ទាំងក្នុងគ្រួសារនិងសង្គម។ លើសពីនេះ វាបានកែប្រែស្ថានភាពកីឡាកររូបនេះ ពីក្មេងធ្លាប់សុំលុយម្តាយពេលទៅរៀនម្តងៗ ឲ្យមានថវិកាចាយគ្រប់គ្រាន់ និងរបស់ទំនើបប្រើប្រាស់។ មុន ដូចបច្ចុប្បន្ន កូនទី៤ក្នុងចំណោមបងប្អូន៥នាក់នៃគ្រួសារនៅរាជធានីភ្នំពេញរូបនេះ បានរៀបរាប់ថា រូបគេគ្រាន់តែជាក្មេង ដែលបានចំណាយថវិកាទិញកង់ ដើម្បីជិះកម្សាន្តតាមគេតាមឯងតែប៉ុណ្ណោះ។
ដោយមានចិត្តស្រលាញ់វិស័យកីឡាប្រណាំងកង់ និងចង់ក្លាយជាកីឡាករឆ្នើមតំណាងឲ្យជាតិ គឹម ចាន់ធូ បានសន្សំលុយទិញកង់ដោយខ្លួនឯង ដើម្បីហ្វឹកហាត់ និងជិះកម្សាន្តពេលទំនេរពីការសិក្សា។ ការតស៊ូព្យាយាម និងអំណត់ក្នុងការហ្វឹកហាត់ជួយឲ្យ យុវជននៅរាជធានីភ្នំពេញរូបនេះ អាចវិវត្តខ្លួនពីក្មេងជិះកង់លេងកម្សាន្ត ទៅជាយុវជនថ្នាល និងក្លាយជាកីឡាករជម្រើសជាតិប្រចាំសហព័ន្ធខ្មែរកីឡាទោចក្រយាន។ នេះជាអ្វីដែលកីឡាកររូបនេះ បានប៉ងប្រាថ្នាពេលចូលប្រឡូកក្នុងវិស័យនេះលើកដំបូង។
នៅអំឡុងឆ្នាំ២០១៥ សហព័ន្ធខ្មែរកីឡាទោចក្រយានបានរៀបចំការប្រកួតជើងឯកមួយនៅខេត្តកំពត វាជាឱកាសល្អសម្រាប់ ចាន់ធូ ក្នុងការបង្ហាញសមត្ថភាពជាលើកដំបូង បន្ទាប់ពីរូបគេក្លាយជាសមាជិកក្នុងក្រុមកង់មួយ។ ការបង្ហាញសមត្ថភាពលើកដំបូងនេះ រូបគេទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីថ្នាក់ដឹកនាំសហព័ន្ធ។ បន្ទាប់មក រូបគេត្រូវបានសហព័ន្ធជ្រើសរើសឲ្យធ្វើជាយុវជនថ្នាលនៅឆ្នាំ២០១៦ មុនដំឡើងឲ្យធ្វើជាកីឡាករជម្រើសជាតិឈុតធំនៅឆ្នាំ២០១៨។
ជាមួយការអះអាងកីឡាប្រណាំងកង់ជួយផ្សារភ្ជាប់ខ្លួនទៅនឹងសង្គមនិងពិភពខាងក្រៅ សិស្សថ្នាក់ទី១២នៃវិទ្យាល័យ ហ៊ុន សែន ពិភពថ្មីរូបនេះបានរៀបរាប់ថា៖«កីឡាកង់ខ្ញុំស្រលាញ់តាំងពីក្មេងបង ខ្ញុំស្រលាញ់ចូលចិត្តវា ហើយសន្សំលុយទិញកង់ជិះខ្លួនឯងលេងធម្មតាដំបូង ហើយទៅជិះលេងជាមួយគេតិចតួចៗ។ ដំបូងឡើយខ្ញុំជិះកង់ធម្មតាបង នៅឆ្នាំ២០១៥ ខ្ញុំបានទៅចូលរួមប្រកួតកម្មវិធីជ្រើសរើសជើងឯកមួយនៅខេត្តកំពត។ ពេលនោះ ខ្ញុំអត់ទាន់ចាប់ផ្តើមជិះពេញលេញទេ គ្រាន់តែទៅលេងជាមួយគេ ខ្ញុំឃើញគេជិះ ចង់ឃើញខ្លួនឯងខ្លាំងដូចគេ បានខ្ញុំព្យាយាមហាត់ដល់ឥឡូវ»។
ក្រោយប្រឡូកក្នុងវិស័យកីឡាប្រណាំងកង់អស់រយៈពេល៣ឆ្នាំ កីឡាករ គឹម ចាន់ធូ ស្ថិតក្នុងវ័យ១៩ឆ្នាំ ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ទាំងលើឆាកជាតិនិងអន្តរជាតិ។ ទោះបីមិនបានសម្អិតពីសមិទ្ធផលដែលទទួលបាន ចាន់ធូ បានអះអាងថា រូបគេធ្លាប់ឈ្នះមេដាយជាច្រើននៅលើឆាកអន្តរជាតិ ហើយក្នុងនោះមានទាំងមេដាយមាសនិងពានទៀតផង។
តាមរយៈសមិទ្ធផលខាងលើ មិនត្រឹមតែជួយឲ្យកូនទី៤ក្នុងគ្រួសារមានកូន៥នាក់នៅរាជធានីភ្នំពេញរូបនេះ មានភាពលេចធ្លោរនៅក្នុងសហព័ន្ធប៉ុណ្ណោះទេ ថែមទាំងជួយលើកមុខមាត់ និងកិត្តិយសរបស់រូបគេនិងគ្រួសារថែមទៀតផង។ លើសពីនេះ ជួយឲ្យជីវភាពគេមានភាពល្អប្រសើរជាងមុន តាមរយៈការកែប្រែពីក្មេងសុំលុយម្តាយទៅរៀន ជាអ្នកមានលុយចាយគ្រប់គ្រាន់ និងមានសម្ភារប្រើប្រាស់ទាន់សម័យតាមបែបយុវវ័យ។
ជាមួយការអះអាងថា កីឡាប្រណាំងកង់ជួយឲ្យមានសុខភាពល្អ មានទំនាក់ទំនងល្អក្នុងសង្គម និងជៀសផុតពីការសេពគ្រឿងញៀន គឹម ចាន់ធូ បានរៀបថា៖«តាំងពីខ្ញុំចូលរួមលេងកីឡាប្រណាំងកង់មក វាបានជួយលើកស្ទួយជីវភាពខ្ញុំរាងគ្រាន់បង កាលខ្ញុំមិនទាន់ជិះកង់ ឲ្យតែទៅរៀនខ្ញុំតែងលាដៃសុំលុយម៉ាក់។ តែពេលខ្ញុំចូលលេងកីឡាកង់បាន៣ឆ្នាំកន្លងមកនេះ ខ្ញុំទៅរៀន របស់របរប្រើប្រាស់ ពេលទៅណាគឺចំណាយលើខ្លួនឯងទាំងអស់»។
កីឡាករ គឹម ចាន់ធូ ពេលចូលរួមប្រកួតនៅវៀតណាម(ឆ្វេង) និងថៃកាលពីពេលកន្លងទៅ
ជាសិស្សរៀននៅថ្នាក់ទី១២នៃវិទ្យាល័យ ហ៊ុន សែន ពិភពថ្មី កីឡាករ គឹម ចាន់ធូ ចាត់ទុកឆ្នាំ២០១៩ ជាឆ្នាំដែលពិបាកសម្រាប់គេ ព្រោះវាជាឆ្នាំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ដូច្នេះហើយទើបធ្វើឲ្យរូបគេពិបាកក្នុងបែងពេលវេលារវាងការហ្វឹកហាត់ពង្រឹងសមត្ថភាពផ្នែកកីឡា និងការសិក្សា។ តែយ៉ាងណា កីឡាករវ័យ១៩ឆ្នាំរូបនេះ មិនបានបោះបង់អ្វីមួយឡើយ ពោលគឺរូបគេហ្វឹកហាត់កីឡាប្រណាំងកង់ផង និងសិក្សាផង។
«សម្រាប់ខ្ញុំវាពិបាកដែរបង ពីព្រោះឆ្នាំនេះ ឆ្នាំខ្ញុំប្រឡង(មធ្យមសិក្សាទុតិយភូមិ) ដូច្នេះការហ្វឹកហាត់មានលក្ខណៈខុសគ្នាឆ្ងាយ។ យើងរៀនថ្ងៃយើងអាចហ្វឹកហាត់ពេលព្រឹកជាមួយគេបាន ហើយយើងហ្វឹកហាត់ច្រើនម៉ោងពី៣ទៅ៤ម៉ោង។ បើយើងហាត់ពេលព្រឹកមកដល់ផ្ទះវិញចន្លោះពីម៉ោង៩ដល់ម៉ោង១១ ហើយយើងត្រូវចូលរៀននៅម៉ោង១។ ប៉ុន្តែពេលខ្លះយើងទៅហ្វឹកហាត់ឆ្ងាយរាងអស់កម្លាំង និងចំណាយពេលច្រើន មានពេលខ្លះទៅដល់សាលា យើងស្ទើរតែគ្មានកម្លាំងមើលគ្រូគាត់ពន្យល់ផងបង.. វាលំបាកមែនទែន»។ នេះជាការរៀបរាប់ពីទុក្ខលំបាករបស់កីឡាករ គឹម ចាន់ធូ ពេលចាប់យកការសិក្សានិងកីឡាព្រមគ្នា។
ទោះបីយ៉ាងនេះក្តី យុវជននៅរាជធានីភំពេញរូបនេះ ប្តេជ្ញាថា រូបគេនឹងបន្តខិតខំព្យាយាមហ្វឹកហាត់ពង្រឹងសមត្ថភាពលើវិស័យកីឡាប្រណាំងកង់ ដើម្បីត្រៀមប្រជែងដណ្តើមមេដាយលើឆាកអន្តរជាតិ ពិសេសការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជា។ ការដណ្តើមបានមេដាយនៅឆ្នាំ២០២៣ ជាគោលបំណងរបស់កីឡាករ គឹម ចាន់ធូ ដែលបានខិតខំព្យាយាមនាពេលបច្ចុប្បន្ន។
កីឡាកររូបនេះបានប្តេជ្ញាដូច្នេះថា៖«សម្រាប់ខ្ញុំ ខ្ញុំនឹងដាក់គោលដៅហ្វឹកហាត់ឲ្យបានល្អ ពីព្រោះឆ្នាំ២០២៣ យើងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមយើងចង់បានមេដាយជូនជាតិ ព្រោះយើងជាម្ចាស់ផ្ទះមិនអាចមេដាយទៅអ្នកណាបាននោះទេ។ ដូចរាល់ដងយើងហាត់៣ម៉ោង យើងប្តេជ្ញាហាត់៤ម៉ោងក្នុងមួយថ្ងៃ។ ខ្ញុំសង្ឃឹមខ្លាំងដែរបង ព្រោះយើងមានកីឡាករល្អៗជាច្រើនទៀត យើងដឹងតែអាចដណ្តើមបាន»។
ដោយចង់ឲ្យកីឡាទោចក្រយានមានការរីកចម្រើន កីឡាករ គឹម ចាន់ធូ បានបង្ហើបពីគោលបំណងទៅថ្ងៃអនាគតថា រូបគេចង់ធ្វើជាគ្រូបង្វឹកកីឡាករទោចក្រយាន ក្រោយចូលនិវត្តពីកីឡាករ។ ព្រោះ រូបគេ ចង់ចែករំលែកបទពិសោធ និងបង្វឹកពីបច្ចេកទេសកីឡាប្រណាំងកង់ដល់ក្មេងៗជំនាន់ក្រោយ ក្នុងគោលបំណងចង់ឲ្យពិភពលោកទទួលស្គាល់សមត្ថភាពកម្ពុជា៕