ភ្នំពេញ៖ តម្លៃម្រេច ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការធ្លាក់ថ្លៃជាបន្តបន្ទាប់គ្នា។ ជាក់ស្តែងតម្លៃម្រេចលេខ១បានធ្លាក់ថ្លៃពីជាង១០០០០រៀលក្នុងឆ្នាំ២០១៨ មកត្រឹម៨០០០រៀល នៅដើមឆ្នាំ២០១៩នេះ។ ម្រេចទាំងនោះភាគច្រើន ត្រូវនាំចូលទៅវៀតណាម។
លោក វ៉ាន សារ៉ន ជាម្ចាស់ចម្ការម្រេចជាង១ម៉ឺនជន្លង់ នៅក្នុងខេត្តត្បូងឃ្មុំ។ លោកបាននិយាយប្រាប់សារព័ត៌មាន ThmeyThmey តាមទូរសព្ទថា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៩មក តម្លៃម្រេចលេខមួយបានធ្លាក់ថ្លៃនៅក្នុងរង្វង់៧០០០រៀល ទៅ៨០០០រៀលក្នុងមួយគីឡូក្រោម។ លោកបានបន្តថាតម្លៃម្រេចសព្វថ្ងៃនេះ បានធា្លក់ថ្លៃជាង៤ពាន់រៀល បើធៀបទៅនឹងឆ្នាំ២០១៨ មានតម្លៃ១២០០០រៀល ក្នុងមួយគីឡូ។
កសិករដែលមានបទពិសោធន៍ក្នុងការដាំម្រេចជិតជាង២០ឆ្នាំរូបនេះ បានបន្តថា ការធា្លក់ថ្លៃនៃតម្លៃម្រេចឆ្នាំនេះ ធ្វើឱ្យកសិករខាតកាន់តែខ្លាំង ពិសេសចំពោះអ្នកដែលទើបនឹងដាំម្រេច៣ ឬ៤ឆ្នាំចុងក្រោយនេះ។ លោកបាននិយាយដូច្នេះ៖« ខ្ញុំក្រៅពីដាំម្រេច ក៏ជាអ្នកប្រមូលទិញម្រេចក្នុងខេត្តយកទៅលក់បន្តដែរ។ ហើយទីផ្សារម្រេចក្នុងខេត្តនេះ គឺទីផ្សារប្រទេសវៀតណាម ដែលបានថ្លៃត្រឹម៧០០០ទៅ៨០០០រៀល ក្នុងមួយគីឡូក្រោម។ តម្លៃម្រេចក្នុងឆ្នាំ២០១៩នេះ បើធៀបទៅនឹងឆ្នាំ២០១៨ ខ្ញុំបានខាតប្រាក់ជិតពាក់កណ្តាល»។
ចំណែកឯតម្លៃម្រេចក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ក៏បានធា្លក់ថ្លៃដូចនឹងខេត្តត្បូងឃ្មុំដែរ។ អ្នកស្រី សន ស្រីនាង ដែលជាកសិករទើបតែប្រមូលផលម្រេចបាន២ឆ្នាំ ក្នុងខេត្តនេះ បាននិយាយថា តម្លៃម្រេចនៅដើមឆ្នាំនេះ គឺបានធា្លក់ថ្លៃនៅសល់ត្រឹម ៤៥០០-៥០០០រៀល ក្នុងមួយគីឡូក្រោម ជាម្រេចលេខ៣ តម្លៃ៦០០០-៧០០០រៀលក្នុងមួយគីឡូ ជាម្រេចលេខ២ និងថ្លៃត្រឹម៧៥០០-៩០០០រៀលក្នុងមួយគីឡូក្រោមជាម្រេចលេខមួយ។
ម្ចាស់ចម្ការម្រេច ៤០០០ជន្លង់ រូបនេះបានអះអាងថា៖«ពេលខ្ញុំចាប់ផ្តើមដាំម្រេច តម្លៃម្រេចលេខមួយនៅលើទីផ្សារ មានថ្លៃជាង៣ម៉ឺនរៀល ប៉ុន្តែពេលខ្ញុំប្រមូលផលដំបូងនៅឆ្នាំ២០១៧ តម្លៃម្រេចបានធា្លក់ថ្លៃនៅជាង២ម៉ឺនរៀល និងបន្តលក់បានថោកជាង១ម៉ឺនក្នុងឆ្នាំ២០១៨។ ដោយឡែក នៅឆ្នាំ២០១៩នេះ ខ្ញុំបាន៨០០០រៀល ក្នុងមួយគីឡូ»។
ការធ្លាក់នៃតម្លៃម្រេចនេះ លោក សុង សារ៉ន ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បាននិយាយប្រាប់សារប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា តម្លៃម្រេចបានធា្លក់ថ្លៃជាង៣០ភាគរយនៅដើមឆ្នាំ២០១៩ បើធៀបទៅឆ្នាំ២០១៨។ លោកបានបន្តមូលហេតុនៃការធ្លាក់នេះ គឺបណ្តាលមកពីតម្លៃម្រេចអន្តរជាតិ ពិសេសប្រទេសប្រេស៊ីល បានដាក់ថ្លៃទាបដោយសារតែទីផ្សារនាំចេញ ទៅអាមេរិក និងសហភាពអឺរ៉ុបដោយប្រទេសប្រេស៊ីលដាក់ថ្លៃម្រេចសម្រាប់ការនាំចេញរបស់ខ្លួន ក្នុងតម្លៃពី២១០០ដុល្លារ ទៅ២២០០ដុល្លារ ក្នុងមួយតោន។ ដោយឡែកវៀតណាម ដែលជាប្រទេសមួយប្រមូលទិញម្រេចពីកម្ពុជា បានដើរតាមក្រោយទីផ្សារប្រទេសប្រេស៊ីល ក៏បានទម្លាក់ម្រេចពីកសិករដូច្នេះ។
លោក សុង សារ៉ន បានលើកឡើងដូច្នេះ« ជាដំណោះស្រាយចំពោះមុខ ខ្ញុំលើកទឹកចិត្តឱ្យប្រជាកសិករអ្នកដាំម្រេច ត្រូវចងក្រងគ្នាជាសមាគមក្នុងខេត្តរបស់ខ្លួន ដើម្បីលើកឡើងនូវបញ្ហាដែលបាន និងកំពុងកើតឡើងពីអ្នកគ្មានសម្លេងទៅកាន់អ្នកមានសម្លេង សម្រាប់ដោះស្រាយបញ្ហារួមនៅលើទីផ្សារ»។
ដោយឡែក លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បាននិយាយ« ការធា្លក់ចុះម្រេចនេះ ចំពោះមុខយើងមិនអាចដោះស្រាយបានភ្លាមៗទេ។ ក្រៅពីម្រេចកំពតដែលនាំចេញទៅទីផ្សារអឺរ៉ុប ម្រេចភាគច្រើន ដែលដាំក្នុងខេត្តផ្សេងៗ ត្រូវបាននាំចេញទៅប្រទេសវៀតណាម។ ហើយបច្ចុប្បន្ន ចម្ការម្រេចនៅវៀតណាម បាន និងកំពុងប្រមូលផលជាលើកទី២ បន្ទាប់ពីមានការផ្អាកដាំជាច្រើនឆ្នាំមក»។
អ្នកនាំពាក្យរូបនេះ បន្ថែមថា រដ្ឋាភិបាលនឹងស្វែងរកទីផ្សារចិនបន្ថែមទៀត ដើម្បីទីផ្សាររបស់កសិករម្រេចនៅកម្ពុជា។
ទោះបីជាយ៉ាងណាក៏ដោយ លោក អែម ត្រូ ជាកសិករដាំម្រេច និងជាសមាជិករបស់សមាគមលើកកម្ពស់ម្រេចកំពត (KPPA) បាននិយាយថា ម្រេចក្នុងសមាគមមានតម្លៃថេរ គឺជាង៣០០០០រៀល ក្នុងមួយគីឡូក្រោម។ បច្ចុប្បន្ន កសិកររូបនេះ បានពង្រីកដីដាំម្រេចប្រហែល១ហិចតាបន្ថែម នៅដើមឆ្នាំ២០១៩៕