ជាតិ
ព័ត៍មានសុខភាព
សង្គមជាតិ
អ្នកជំនាញ ព្រួយបារម្ភ​ពី​កំណើន​នៃ​ការប្រើប្រាស់​ថ្នាំ​អង់ទីប្យូទិច មិនបាន​ត្រឹមត្រូវ​
17, Mar 2019 , 10:29 pm        
រូបភាព
​ភាពស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគ (​អង់ទីប្យូទិច​) ត្រូវបាន​អ្នកជំនាញ​និង​ភាគី​ពាក់ព័ន្ធ​លើកយក​មក​ពិភាក្សា ដើម្បី​រក​មធ្យោបាយ​ដោះស្រាយ និង​ទប់ស្កាត់ ខណៈ​ស្ថានភាព​នៃ​ភាពស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគ​កំពុងតែ​រីក​រាលដាល​កាន់តែ​ធំ​ឡើង និង​កាន់តែ​ធ្ងន់ធ្ងរ ដែល​អាច​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ប្រមាណ ១០​លាន​នាក់​ក្នុង​មួយឆ្នាំ នា​ថ្ងៃ​អនាគត​។

 
​ដោយ​ក្តីបារម្ភ​លើ​បញ្ហា​នេះ​ទើប អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ និង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ និង​ភាគី​ពាក់ព័ន្ធ បានរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដី​ពីបទ​បញ្ញា​ត្តិ​ក្នុងការ​ទប់ស្កាត់​ភាពស៊ាំ​នឹង​ឱ​សង​ប្រឆាំង​មេរោគ ដើម្បី​ពិនិត្យឡើងវិញ​នូវ​បទ​បញ្ញា​ត្តិ​នានា​ក្នុងការ​ទប់ស្កាត់​ការប្រើប្រាស់​ឱសថ​ប្រឆាំង​មេរោគ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ជំរុញ​ការផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​ដែល​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ង​ដល់​សុខភាព​ប្រជាពលរដ្ឋ កាលពី​ថ្ងៃទី ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩​។ 
   
​លោកស្រី​បណ្ឌិត Kristina Osbjer ប្រធាន​ក្រុម​នៃ​មជ្ឈមណ្ឌល​អាសន្ន​សម្រាប់​ជំងឺ​សត្វ​ឆ្លងដែន នៃ​អង្គការ FAO នៅ​កម្ពុជា បាន​លើកឡើងថា ការប្រើប្រាស់​ឱសថ​ប្រឆាំង​មេរោគ​ច្រើន​ហួសប្រមាណ និង​មិន​ត្រឹមត្រូវ ជាហេតុ​ដែល​ធ្វើ​ឲ្យ​មេរោគ​មាន​ភាពស៊ាំ​នឹង​ឱសថ​ប្រឆាំងនឹង​វា ដែល​ធ្វើ​ឲ្យ​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​ជំងឺ​ថយចុះ​។  ប្រភេទ​ថ្នាំ​ប្រឆាំង​មេរោគ អង់ទីប្យូទិច ជា​ប្រភេទ​ថ្នាំ​ប្រឆាំងនឹង​ពពួក​វីរុស ដូចជា​ឱសថ​ប្រឆាំង​ជំងឺគ្រុនចាញ់ ដែល​គេ​ផលិតឡើង​ដើម្បី​ប្រយុទ្ធ​នឹង​ប្រភេទ​ជំងឺ​នោះ​តែប៉ុណ្ណោះ​។ 
 
​លោកស្រី​បន្តថា ការប្រើប្រាស់​ឱសថ​មិន​ត្រឹមត្រូវ និង​មិន​ស្របតាម​បទ​បញ្ញា​ត្តិ ជាហេតុ​ដែល​ធ្វើ​ឲ្យ​ភាពស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគ មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ​។ ក្រុមការងារ​របស់លោក​ស្រី​ក៏បាន​រកឃើញថា វិស័យ​កសិកម្ម​ក្នុង ប្រទេស​កម្ពុជា​ក៏បាន​ប្រើប្រាស់​ពពួក​ឱសថ​ក្រុម អង់ទីប្យូទិច​ផងដែរ ដើម្បី​ជំរុញ​ការចិញ្ចឹម​សត្វ  ដូច្នេះ​កម្ពុជា​ត្រូវតែ​ត្រួតពិនិត្យ និង​បំពេញ​នូវ​ចំនុច​ខ្វះខាត និង​ពង្រឹង​បទដ្ឋាន​គតិយុត្តិ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ភាពស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគ​។​
 
​លោកស្រី​បាន​និយាយថា​៖« យើង​បាន​រកឃើញ​សារជាតិ​អង់ទីប្យូទិច​នៅក្នុង​សាច់ជ្រូក តាមរយៈ​ការ​ឲ្យ​ចំណី​ដែល​នាំចូល​ពី​ប្រទេស​វៀតណាម​ដែលមាន​ផ្ទុក​ប្រភេទ​ថ្នាំ​ទាំងនោះ​។ បទ​បញ្ញា​ត្តិ គឺមាន​សារសំខាន់​សម្រាប់​និរន្ត​ភាព​នៃ​គោលនយោបាយ និង​ការបញ្ជាក់​តួនាទី និង​ទំនួល​ខុសត្រូវ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ភាពស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគ​»​។​
 
​លោក តាន់ ផាន់​ណា​រ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​បាន​លើកឡើងថា ក្រសួងកសិកម្ម​កំពុង​រៀបចំ​ប្រកាស​នានា ដែល​ទាក់ទង​ទៅនឹង ការចុះ​ប​ញ្ចី​ប​ស្បុ​ឱសថ និង​ចំណី​សត្វ និង​លិខិតបទដ្ឋាន​ផ្សេងៗ​ទៀត ដើម្បី​ត្រួតពិនិត្យ​ផលិតផល​សត្វ និង​ការគ្រប់គ្រង​ការ​ចរាចរណ៍​ឱសថ និង​ចំណី​សត្វ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ ក្រសួង​ក៏បាន​សហការ​ជាមួយ​អង្គការ​ស្បៀង​និង​កសិកម្ម​នៃ​សហប្រជាជាតិ​ដើម្បី​ពង្រឹង​ជំនាញ​ដល់​មន្ត្រី​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ភាពស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគ​នេះ​ផងដែរ​។ 
 
​ប្រសិនបើ​មិនមាន​ការអន្តរាគមន៍​ណាមួយ​នោះទេ ភាពស៊ាំ​នឹង​ឱសថ​ប្រឆាំង​មេរោគ (​អង់ទីប្យូទិច​) នឹង​សម្លាប់​មនុស្ស​ប្រមាណ ១០​លាន​នាក់ ក្នុង​មួយឆ្នាំ ទូទាំង​ពិភពលោក នា​ឆ្នាំ​២០៥០ ហើយ​ក្នុងនោះ​នៅ​តំបន់​អាស៊ី​មាន​ចំនួន​ពាក់កណ្ដាល​នៃ​ចំនួន​នោះ​។ ខណៈ​បច្ចុប្បន្ន​មាន​ចំនួន​ប្រមាណ ៧​សែន​នាក់ ក្នុង​មួយឆ្នាំ​។ នេះ​បើ​យោងតាម​ការព្យាករណ៍រ​បស់​អ្នកជំនាញ​៕
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com