អន្តរជាតិ
អូស្ត្រាលីពង្រឹងសន្តិសុខតាមវិហារឥស្លាមនិងទីសក្ការ ក្រោយមានការបាញ់រះនៅនូវែលសេឡង់ នាយករដ្ឋមន្រ្តីអូស្ត្រាលី ស្កុត ម៉ូរីសុន (រូបភាព AFP)
× នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន នៅថ្ងៃទី១៨ ខែមីនា បានប្រកាសបង្កើនការចំណាយដើម្បីការពារទីតាំងសាសនានៅទូទាំងប្រទេសពីការវាយប្រហារណាមួយ។ ការប្រកាសនេះ ធ្វើឡើងក្រោយហេតុការណ៍បាញ់ប្រហារក្នុងវិហារឥស្លាមនៅទីក្រុង Christchurch ប្រទេសនូវែលសេឡង់ដែលសម្លាប់មនុស្សជាង៥០នាក់មកហើយ។
ករណីបាញ់ប្រហារនៅវិហារឥស្លាមពីរកន្លែងនៅនូវែលសេឡង់កាលពីថ្ងៃទី១៥ ខែមីនា ក្លាយជារឿងគួរឲ្យសោកសង្រេងបំផុត។ អាជ្ញាធរ និងមេដឹកនាំនូវែលសេឡង់បានចាត់ទុកថា វាជាថ្ងៃដ៏អាក្រក់និងខ្មៅងងឹតសម្រាប់ប្រទេសផង។ ជនដៃដល់មានឈ្មោះថា Brenton Tarrant មានដើមកំណើតអូស្ត្រាលី និងមានវ័យ ២៨ឆ្នាំ។ អ្វីដែលសំខាន់រូបគេជាជនជ្រុលនិយម និងជាសមាជិកក្រុមស្បែកសរើសអើងពូជសាសន៍ (White Supremacist) ថែមទៀតផង។
អូស្ត្រាលីដែលជាអ្នកជិតខាងនូវែលសេឡង់ ក៏ចាប់ផ្ដើមពង្រឹងសន្តិសុខកាន់តែខ្លាំងដើម្បីបញ្ចៀសហេតុការណ៍ដូចគ្នានេះ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន បានប្រកាសបង្កើនប្រាក់មូលនិធិសម្រាប់ការការពារគោលដៅសាសនានៅក្នុងប្រទេស ពិសេសទប់ស្កាត់ការវាយប្រហារនៅវិហារឥស្លាមតែម្ដង។
បើតាមទីភ្នាក់ងារព័ត៌មាន AFP លោក ម៉ូរីសុន នឹងបញ្ចេញទឹកប្រាក់ចំនួន៣៩លានដុល្លារក្រោមក្របខណ្ឌជំនួយសុវត្ថិភាពសហគមន៍ ដែលនឹងផ្ដោតសំខាន់លើទីតាំងជាអាទិភាពដូចជាសាលាសាសនា ទិតាំងសម្រាប់ការគោរពបូជាសាសនា និងការជួបជុំបែបសាសនាជាដើម។ នាជំនួបជាមួយសភាពាណិជ្ជកម្មអូស្ត្រាលី-អ៊ីស្រាអែល នាយករដ្ឋមន្ត្រីរូបនេះនិយាយថា ទឹកប្រាក់ទាំងនេះនឹងប្រើប្រាស់ដើម្បីបំពាក់កាមេរ៉ាសុវត្ថិភាព, ភ្លើងបំភ្លឺ, របង, ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធប្រកាសសញ្ញាអាសន្នជាដើម។
នាជំនួបដដែលនោះ មេដឹកនាំអូស្ត្រាលីអះអាងថា លោកមិនចង់ឃើញមានការបំពាក់ប្រព័ន្ធសុវត្ថិភាពច្រើនដូចនេះនៅតាមទីតាំងគោរពបូជានៅអូស្ត្រាលីឡើយ ទោះជានៅសាលារៀន វិហារសាសនា ឬវត្តអារាមក្ដី។ យ៉ាងណាមិញ លោក ម៉ូរីសុន ចាត់ទុកការពង្រឹងសុវត្ថិភាពបែបនេះជារឿងចាំបាច់ដើម្បីការពារហេតុការណ៍អាក្រក់។
ងាកទៅហេតុការណ៍នៅទីក្រុង Christchurch វិញ នាយករដ្ឋមន្ត្រីនូវែលសេឡង់ ចាស៊ីនដា អាឌើន បានសន្យាប្ដូរច្បាប់គ្រងគ្រងអាវុធ ក្រោយជនដៃដល់ Tarrant ប្រើកម្លាំងបាញ់សម្លាប់មិនរើសមិនមុខនៅឯវិហារសាសនាឥស្លាម Al Noor និង Linwood ។ លោកស្រីនាយករដ្ឋមន្ត្រីចាត់ទុកករណីនេះថាជាចលនាភេរវកម្មមួយដែលបង្កើតឡើងក្នុងគោលដៅប្រឆាំងប្រជាជនម៉ូស្លីមក្នុងលោកខាងលិចនាសម័យកាលថ្មី៕
Tag:
អូស្ត្រាលី
នូវែលសេឡង់
ស្កុត ម៉ូរីសុន
© រក្សាសិទ្ធិដោយ thmeythmey.com