កីឡាជាតិ
ជាតិ
ITF រៀបចំ​ប្រឡង​ដំឡើង​កម្រិត​ដាន់​ខ្សែក្រវាត់ តែ​មិន​អនុញ្ញាត​ឲ្យ​មាន​ខ្សែក្រវាត់​កិត្តិយស​
18, Mar 2019 , 10:59 pm        
រូបភាព
លោក ម៉ែន អេង វាយបំបែក្តារពេលប្រឡងដំឡើងខ្សែក្រវាត់ពី១ដាន់ទៅ២ដាន់
លោក ម៉ែន អេង វាយបំបែក្តារពេលប្រឡងដំឡើងខ្សែក្រវាត់ពី១ដាន់ទៅ២ដាន់
ដោយ:
​កីឡាករ ថ្នាក់ដឹកនាំ​តេ​ក្វាន់​ដូ ITF ប្រមាណ​ជាង​៣០​នាក់​បាន​ចូលរួម​ប្រឡង​ដំឡើង​កម្រិត​ដាន់​ខ្សែក្រវាត់ ដែលមាន​ចន្លោះ​ពី​១​ដាន់​រហូតដល់​៥​ដាន់​។ លោក កែវ រ៉េមី អះអាងថា ការប្រឡង​នេះ​ធ្វើឡើង​តាម​ក្បួនច្បាប់​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​អន្តរជាតិ ដោយ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មាន​ខ្សែក្រវាត់​កិត្តិយស​នោះឡើយ​។ បន្ថែម​លើ​នេះ សហព័ន្ធ ក៏បាន​រៀបចំ​ការប្រកួត​ជ្រើសរើស​កីឡាករ​ជម្រើសជាតិ​សម្រាប់​ឆ្នាំ​២០១៩ ផងដែរ​។

   
 
 
​កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៩ សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា បានរៀបចំ​ប្រឡង​ដំឡើង​កម្រិត​ដាន់​ខ្សែក្រវាត់ ដែលមាន​កីឡាករ​៣០​រូប និង​ថ្នាក់ដឹកនាំ​៤​រូប​ចូលរួម​។ ពួកគេ​ទាំងនេះ ត្រូវ​ប្រឡង​ដំឡើង​កម្រិត​ខ្សែក្រវាត់ ចន្លោះ​ពី​១​ដាន់​ដល់​៥​ដាន់ ក្នុងនោះ​អ្នក​ប្រឡង​ពី​ខ្សែក្រវាត់ Gup ទៅ​កម្រ​តិ​១​ដាន់​មាន​ចំនួន​១១​នាក់​, ពី​១​ដាន់​ទៅ​២​ដាន់​មាន​១៣​នាក់​, ពី​២​ដាន់​ទៅ​៣​ដាន់​មាន​៦​នាក់​, ពី​៣​ដាន់​ទៅ​៤​ដាន់​មាន​៣​នាក់ និង​ពី​៤​ដាន់​ទៅ​៥​ដាន់​មាន​១​នាក់ គឺ​កីឡាករ ប៉ាល់ ជីវ័ន​។  


 លោក កែវ រ៉េមី ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានក្នុងកម្មវិធីប្រឡងដំឡើងដាន់ខ្សែក្រវាត់ និងប្រកួតជ្រើសរើសជម្រើសជាតិ
 
​ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា លោក កែវ រ៉េមី បាន​បញ្ជាក់ថា ការប្រឡង​ដំឡើង​កម្រិត​ខ្សែក្រវាត់​នេះ គឺធ្វើឡើង​តាម​ក្រឹ​ត​ក្រម​និង​ក្បួនច្បាប់ ក្រោម​ការវាយតម្លៃ​និង​ឲ្យ​ពិន្ទុ​ពី​អ្នកជំនាញ​របស់​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF អន្តរជាតិ​។ លោក​បន្ថែមថា សហព័ន្ធ​មិន​អនុញ្ញាត​ឲ្យ​មានការ​ផ្តល់​ខ្សែក្រវាត់​កិត្តិយស​ដល់​ថ្នាក់ដឹកនាំ​សហព័ន្ធ​នោះទេ​។ ក្នុងន័យនេះ ថ្នាក់ដឹកនាំ​ត្រូវធ្វើ​តេស្ត​ដូច​កីឡាករ តែ​ក្នុង​កម្រិត​ណាមួយ​។   
 
«​ជា​នយោបាយ សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា គឺ​មិន​អនុញ្ញាត​ផ្តល់​ជា​ខ្សែក្រវាត់​កិត្តិយស​ដល់​ថ្នាក់ដឹកនាំ​នោះទេ​។ ខ្សែក្រវាត់ ដែល​ទទួលបាន ត្រូវតែ​ជា​ខ្សែក្រវាត់​ពិតប្រាកដ ហេតុនេះ​យើង​ត្រូវតែ​ឲ្យ​ពួកគាត់​បង្ហាញ​សមត្ថភាព​ក្នុង​កម្រិត​ណាមួយ​។ យើង​មិន​បង្ខំ​គាត់​ទេ ព្រោះ​ថ្នាក់ដឹកនាំ​មាន​កាយសម្បទា​ប្រែប្រួល​មិន​រឹងមាំ​ដូច​ក្មេង​ទេ តែ​យ៉ាងហោចណាស់ ក៏​ឲ្យ​គាត់​ធ្វើ​អ្វីមួយ​ដែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក កែវ រ៉េមី​។  
 
​សម្រាប់​លោក កែវ រ៉េមី វា​ជា​ពេលវេលា​ដ៏​សមស្រប​សម្រាប់​សហព័ន្ធ ក្នុងការ​រៀបចំ​ឲ្យ​មានការ​ប្រឡង​ដំឡើង​កម្រិត​ដាន់​ដល់​កីឡាករ និង​ថ្នាក់ដឹកនាំ ព្រោះ​ពួកគេ​បាន​ពាក់​ខ្សែក្រវាត់​ក្នុង​កម្រិត​ចាស់​យូរ​សមល្មម​ហើយ​។ ការដំឡើង​កម្រិត​ដាន់​នេះ គឺ​ដើម្បី​ឲ្យ​ពួកគេ​ទទួលបាន​ដាន់​កាន់តែ​ខ្ពស់ ដើម្បី​វិ​វត្ត​ខ្លួន​ទៅជា​គ្រូបង្វឹក និង​អាជ្ញាកណ្តាល​កម្រិត​អន្តរជាតិ​។ ព្រោះ​លោក​យល់ថា ដើម្បី​បង្ហាត់បង្រៀន​សិស្ស​តាម​សាលា​គុន​បាន ទាមទារ​យ៉ាងហោចណាស​ឲ្យ​គ្រូបង្វឹក​មាន​កម្រិត​៤​ដាន់​។  
 
​លោក កែវ រ៉េមី បានបង្ហាញ​ពី​គម្រោង​វែងឆ្ងាយ​ថា សហព័ន្ធ​នឹង​ខិតខំ​ជំរុញ​ឲ្យ​មាន​ជា​អាជ្ញាកណ្តាល​ចៅក្រម​អន្តរជាតិ​ក្នុង​ចំនួន​ណាមួយ ដើម្បី​ត្រៀម​ចូលរួម​កាត់សេចក្តី​ក្នុងការ​ប្រកួត​កម្រិត​អាស៊ាន អាស៊ី និង​ពិភពលោក​។ ព្រោះ លោក​យល់ថា បើ​កម្ពុជា​ពុំមាន​អាជ្ញាកណ្តាល​ចៅក្រម​អន្តរជាតិ​ចូលរួម​កាត់សេចក្តី​ក្នុងការ​ប្រកួត​ទាំងបី​កម្រិត​នេះ​ទេ កម្ពុជា​នឹង​អាចមាន​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​លទ្ធផល​ប្រកួត​ជាក់​ជាមិនខាន​។ 
 
​ក្នុងឱកាស​នោះដែរ សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា ក៏បាន​រៀបចំ​ការប្រកួត​ជ្រើសរើស​កីឡាករ​ជម្រើសជាតិ​សម្រាប់​ប្រមូលផ្តុំ​ហ្វឹកហាត់​ក្នុង​ឆ្នាំ​២០១៩​ផងដែរ​។ ការប្រកួត​នេះ មាន​កីឡាករ​កីឡាការិនី​ទាំងថ្មី​ទាំងចាស់​ចំនួន​១២​នាក់​ចូលរួម​។ សម្រាប់​លោក កែវ រ៉េមី ការធ្វើ​តេស្ត​នេះ គឺ​ជំរុញ​ឲ្យ​កីឡាករ​ដែលជា​ប់​ជម្រើសជាតិ​កាលពី​ឆ្នាំមុន ខិតខំ​ហ្វឹកហាត់​អភិវឌ្ឍ​កាន់តែខ្លាំង​ថែមទៀត​។  
 
​លោក​បាន​បន្ថែមថា​៖«​យើង​បាន​ធ្វើតេស្ត​សមត្ថភាព​ជម្រើសជាតិ​ឈុត​ធំ ព្រោះ​ជម្រើសជាតិ​ឈុត​ធំ យើង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ដែល​ជាប់​ជម្រើសជាតិ​ហើយ ស្វ័យប្រវត្តិ​ត្រូវតែ​ជាប់​ទៀត​នោះទេ​។ ដូច្នេះ​យើង​ត្រូវការ​ធ្វើតេស្ត ដើម្បី​បើកផ្លូវ​ឲ្យ​កីឡាករ​ថ្មី​បាន​ចូលរួម​ប្រកួតប្រជែង​បង្ហាញ​សមត្ថភាព​។ យើង​ធ្វើតេស្ត​នេះ គឺ​ដើម្បី​កុំ​កីឡាករ​ជម្រើសជាតិ​ខ្លាំងៗ ដែល​ធ្លាប់​ឈ្នះ​មេដាយ​កម្រិត​អាស៊ី និង​ពិភពលោក​មានការ​ធ្វេសប្រហែស ហើយ​គិតថា ពួកគេ​នឹង​ជាប់​ជម្រើសជាតិ​ទៀត ទោះ​មិន​ហ្វឹកហាត់​ក៏ដោយ​»៕   





Tag:
 តេ​ក្វាន់​ដូ ITF
  កែវ រ៉េមី​
© រក្សាសិទ្ធិដោយ thmeythmey.com