អន្តរជាតិ
លោក ស៊ី ជិន​ភីង ទៅ​អឺរ៉ុប ស្របពេល​អ៊ីតាលី​ត្រៀម​ចូលរួម​គម្រោង​ផ្លូវ​សូត្រ​
18, Mar 2019 , 11:19 pm        
រូបភាព
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​បី​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ក្នុង​សប្ដាហ៍​នេះ​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃទី​១៨ ខែមីនា​។ គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​បរទេស​លើកទីមួយ​សម្រាប់​ឆ្នាំ​២០១៩ របស់លោក ស៊ី គឺ​បារាំង អ៊ីតាលី និង​ម៉ូ​ណា​កូ ខណៈដែល​អ៊ីតាលី​ត្រៀមខ្លួន​ចូលរួម​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​វិថី​របស់​ចិន​ផងដែរ​។

 
​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Lu Kang ប្រកាស​នៅ​ថ្ងៃទី​១៨ ខែមីនា ថា ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​អឺរ៉ុប​របស់​ប្រធានាធិបតី ស៊ី ជិន​ភីង នឹងធ្វើ​ឡើង​ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៦ ខែមីនា​។ ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​នៅ​បរទេស​ក្នុង​ឆ្នាំ​២០១៩ លោក ស៊ី នឹងធ្វើ​យ៉ាងណា​ឲ្យ​រដ្ឋ​សមាជិក​អឺរ៉ុប​អស់​ក្ដីកង្វល់​ពី​ការវិនិយោគ​របស់​ចិន​នៅ​អឺរ៉ុប ស្របពេល​មានការ​កើនឡើង​ការព្រួយបារម្ភ​ពី​ផលប៉ះពាល់​សន្តិសុខ​ជាតិ​តាមរយៈ​ការរកស៊ី​ជាមួយ​ក្រុមហ៊ុន​ចិន​។​
 
​អំឡុង​ទស្សនកិច្ច​នៅ​អ៊ីតាលី លោក ស៊ី នឹង​ធ្វើជា​អធិបតី​ក្នុង​ការចុះ​អនុស្សារណៈ​យោគយល់​រវាង​ចិន និង​អ៊ីតាលី​ដែល​អ៊ីតាលី​នឹង​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​វិថី​របស់​ចិន​ផ្លូវការ​។ ការចូលរួម​របស់​អ៊ីតាលី ធ្វើ​ឲ្យ​រដ្ឋ​អឺរ៉ុប និង​អាមេរិក​មិន​ពេញចិត្ត​ឡើយ ខណៈ​ប្រទេស​ទាំងនោះ​តែង​រិះគន់​គម្រោង​មួយ​នេះ​ជាការ​ពង្រីក​ឥទ្ធិពល​របស់​ចិន និង​ធ្វើ​ឲ្យ​ប្រទេស​ជាច្រើន​ជាប់បំណុល​ផង​។ 
 
 
​ក្រោយ​ការប្រកាស​របស់​អ៊ីតាលី បារាំង​ឯណោះ​ក៏​ចេញមុខ​ស្នើ​ឲ្យ​អឺរ៉ុប​ទាំងមូល​មាន​ជំហរ​រួម​លើ​ទំនាក់ទំនង​ជាមួយ​ចិន​។ ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ដែល​ទើប​រិះគន់​ចិន​ក្នុង​ដំណើរ​ទស្ស​កិច្ច​នៅ​អាហ្វ្រិក និយាយថា វា​ជា​រឿង​ល្អ​ដែល​ចិន​ចូលរួម​ក្នុងការ​អភិវឌ្ឍ​របស់​ប្រទេស​ជាច្រើន ប៉ុន្តែ​លោក​ក៏មាន​ជំនឿ​លើ​គុណ​តម្លៃ​ស្មើភាព និង​ការគោរព​គ្នា​ទៅមក​។ សម្រាប់​លោក ម៉ា​ក្រុង ភាពស្មើគ្នា គឺជា​ការគោរព​អធិបតេយ្យ​គ្នា​ដែរ​។​
 
​ជុំវិញ​ការចូលរួម​ក្នុង​គម្រោង​ផ្លូវ​សូត្រ​ថ្មី​របស់​ចិន គេ​ក៏​ឃើញ​មានមតិ​មិន​សម​គ្នា​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​អ៊ីតាលី​។ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច Luigi Di Maio កំពុង​ដឹកនាំ​មុខការ​ចរចា​ដើម្បី​ត្រៀម​កិច្ចព្រមព្រៀង​ចំនួន​២០​ឲ្យ​រួចរាល់​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី នៅ​អ៊ីតាលី​។ ប៉ុន្តែ​ឧបនាយករដ្ឋមន្ត្រី​ម្នាក់ទៀត គឺ​លោក Matteo Salvini បាន​ព្រមាន​ហានិភ័យ​ដែល​ឥទ្ធិពល​បរទេស​ជ្រៀតចូល​កិច្ចការ​ផ្ទៃក្នុង​របស់​អ៊ីតាលី​។​
 
​ដូច​ដឹង​ស្រាប់​ហើយ លោក ស៊ី ដាក់ចេញ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​កាលពី​ឆ្នាំ​២០១៣ ។ ប្រទេស​ជាច្រើន​នៅ​អាស៊ី អាហ្វ្រិក និង​អឺរ៉ុប បាន​ចូលរួម​ជាមួយ​ចិន ខណៈ​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​នៅ​លោកខាងលិច​នាំគ្នា​សង្ស័យ​គំនិត​របស់​ចិន និង​រិះគន់​ចិន​ទៀតផង​។ ពួកគេ​អះអាងថា ប្រទេស​ជាច្រើន​បែរជា​ត្រូវ​ជំពាក់​លុយ​ចិន ហើយ​ចិន​ក៏​ប្រើ​គំនិត​ផ្ដួចផ្ដើម​នេះ​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់ខ្លួន អនុវត្ត​នយោបាយ​ជញ្ជក់​ឈាម​ប្រទេស​ក្រីក្រ ឬ​ការទូត​អន្ទាក់​បំណុល​ជាដើម​៕

Tag:
 ចិន​
  អឺរ៉ុប​
  ស៊ី ជិន​ភីង​
  BRI
© រក្សាសិទ្ធិដោយ thmeythmey.com